ព័ត៌មានជាតិ

រកឃើញជំងឺផ្ដាសាយបក្សី លើក្មេងស្រីអាយុ ៥ឆ្នាំ នៅស្រុកគីរីវង្ស

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានចេញប្រកាសព័ត៌មាន ពីករណីជំងឺផ្តាសាយបក្សី(H5N1)កើតលើក្មេងស្រីអាយុ ៥ឆ្នាំ រស់នៅឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ។ នេះជាករណីទី២ហើយ កើតឡើងនាពេលថ្មីៗនេះ ក្រោយស្ងាត់អស់មួយរយៈពេលកន្លងមក។

តាមរយៈសេចក្ដីប្រកាសបានឲ្យដឹងថា ក្មេងស្រីនេះ មានគ្រុនក្តៅ និងត្រូវជាបងជីដូនមួយ ក្មេងប្រុសអាយុ៣ឆ្នាំវិជ្ជមានកាលពីថ្ងៃទី៥ កក្កដា ព្រមទាំងរស់នៅផ្ទះជាមួយគ្នា។ បច្ចុប្បន្ន ស្ថានភាពអ្នកជំងឺមានអាការៈស្រាល និងកំពុងទទួលបានការថែទាំ យ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ តាមការសាកសួរបង្ហាញថា ប្រហែល១០ថ្ងៃមុនចាប់ផ្តើមឈឺ នៅភូមិមានមាន់ទាងាប់ ហើយនៅផ្ទះ អ្នកជំងឺបានយកមកធ្វើម្ហូបបរិភោគ ក្មេងស្រីបានប៉ះពាល់មាន់ងាប់។

ក្រុមឆ្លើយតបបន្ទាន់របស់ ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្ម លើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតប ទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេសបន្តការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស ដោយបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្ត ទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំង ចែកជូនឱសថតាមីហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋ នៅក្នុងភូមិដែលកើតហេតុ។

ក្រសួងសុខាភិបាល ក្រើនរំលឹកដល់ពលរដ្ឋទាំងអស់គ្នា យកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សី ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាព ក្នុងនោះប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហៀរសំបោរ ឬពិបាក ដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬស្លាប់ក្នុងអំឡុង១៤ថ្ងៃ មុនថ្ងៃចាប់ផ្តើមមានរោគសញ្ញា កុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅតាម មូលដ្ឋានសុខាភិបាល ៕

To Top