ព័ត៌មានជាតិ

ក្រសួងអប់រំ ណែនាំឱ្យអនុវត្តកម្មវិធីសិក្សា បំណិនជីវិត តាមមូលដ្ឋាន នៅតាមគ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សាសាធារណៈ

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឱ្យអនុវត្តកម្មវិធីសិក្សាបំណិនជីវិតតាមមូលដ្ឋាន នៅតាមគ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សាសាធារណៈ ហើយបំណិនដែលរួមចំណែក ក្នុងការលើកស្ទួយសុខុមាលភាព និងជីវិតប្រកបដោយផលិតភាព។

តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងអប់រំ នៅថ្ងៃទី៨ កក្កដា នេះ បញ្ជាក់ថា «បំណិនជីវិត គឺជាបំណិនបញ្ញាបុគ្គលិកលក្ខណៈ អន្តរបុគ្គល និងវិជ្ជាជីវៈ ដែលអាចជួយដល់ការធ្វើការ សម្រេចចិត្ត ការធ្វើទំនាក់ទំនង ប្រកបដោយប្រសិទ្ធភាព ព្រមទាំងអាចដោះស្រាយ និងគ្រប់គ្រងខ្លួនឯងបាន ហើយជាបំណិនដែលរួមចំណែកក្នុងការលើកស្ទួយសុខុមាលភាព និងជីវិតប្រកបដោយផលិតភាព»។

ក្រសួង បន្ដថា កម្មវិធីសិក្សាបំណិនជីវិតតាមមូលដ្ឋាន គឺជាទម្រង់មួយនៃការអប់រំដែលផ្តោតលើបំណិនរឹង និងទន់ ឬ បំណិនសតវត្សរ៍ទី២១ ដូចជាការធ្វើស្វ័យឆ្លុះបញ្ចាំង ការគិតពិចារណាស៊ីជម្រៅ ការដោះស្រាយបញ្ហា និងបំណិន អន្តរបុគ្គល ជាពិសេសបំណិនជីវិតស្នូលទាំង១២ ព្រមទាំងផ្តោតលើចរិយាសម្បទារបស់សិស្សផងដែរ។ ក្នុង ក្របខណ្ឌកម្មវិធីសិក្សាចំណេះទូទៅនិងអប់រំបច្ចេកទេស ឆ្នាំ២០១៦ បានចែងអំពីការអនុវត្តមុខវិជ្ជាបំណិនជីវិត តាមមូលដ្ឋាន ហើយក៏ត្រូវបានបញ្ញាបទៅក្នុងការបង្រៀននិងរៀនមុខវិជ្ជាភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្ត្រ និង សិក្សាសង្គម។

ក្រសួង បន្ថែមថា ការបង្រៀនមុខវិជ្ជាបំណិនជីវិតាមមូលដ្ឋាន តម្រូវឱ្យគ្រូបង្រៀនចេះសម្របសម្រួលឱ្យសិស្សចេះ រៀនដោយខ្លួនឯង បណ្តុះទម្លាប់សិក្សាស្រាវជ្រាវ និងការសិក្សាជាក្រុម ដោយផ្សារភ្ជាប់ការរៀននៅក្នុងថ្នាក់ ឬតាម កម្មវិធីសិក្សាគ្រប់មុខវិជ្ជា ជាមួយការអនុវត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងចេះដោះស្រាយបញ្ហា។ ការអប់រំបំណិនជីវិតតាមមូលដ្ឋាន គឺជាផ្នែកមួយនៃគោលនយោបាយអភិវឌ្ឍកម្មវិធីសិក្សារបស់ក្រសួង អប់រំ យុវជន និងកីឡាឆ្នាំ២០០៥-២០០៩ ដែលតម្រូវឱ្យសាលារៀនបង្រៀនទៅតាមលទ្ធភាព ២ ទៅ ៥ ម៉ោង ក្នុងមួយសប្តាហ៍។

សូមរំលឹកថា នៅឆ្នាំ ២០១៦ ការអប់រំបំណិនជីវិតតាមមូលដ្ឋាន ជាមុខវិជ្ជាមួយក្នុងក្របខណ្ឌកម្មវិធីសិក្សា ចំណេះទូទៅ និងអប់រំបច្ចេកទេស សម្រាប់បឋមសិក្សាពីថ្នាក់ទី ៤ ដល់ថ្នាក់ទី ៦ និងមធ្យមសិក្សាពីថ្នាក់ទី ៧ ដល់ថ្នាក់ទី ៩។ នៅឆ្នាំ ២០១៨ ដោយមានការគាំទ្រពីអង្គការយូនីសេហ្វ ក្រសួងអប់រំ យុវជន និងកីឡា បាន អភិវឌ្ឍកម្មវិធីសិក្សាលម្អិតសម្រាប់មុខវិជ្ជាបំណិនជីវិតតាមមូលដ្ឋានសម្រាប់បឋមសិក្សា និងមធ្យមសិក្សា ដែល មានរបាយម៉ោងច្បាស់លាស់ និងឯកសារណែនាំគ្រូការអប់រំបំណិនជីវិតតាមមូលដ្ឋានស្ថិតក្នុងក្របខណ្ឌសាលា កុមារមេត្រី ហើយអនុវតសាកល្បងនៅខេត្តគោលដៅចំនួនបី៕

To Top