ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ ហ្វីលីពីនគួរពិនិត្យ និងច្បាមយកឱកាស វិនិយោគនៅកម្ពុជា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ដល់អនុសាសន៍ថាហ្វីលីពីនគួរតែពិនិត្យ និងច្បាមយកឱកាស វិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យផលិតស្រូវអង្ករ ដោយវិនិយោគិនពីហ្វីលីពីនអាចមកបណ្ដាក់ទុន ១០០% នៅកម្ពុជា ។

ក្នុងឱកាសអនុញ្ញាតឲ្យលោកស្រី ផ្លេរីដា អែន ខាំមែល ភីម៉ាយយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ សម្តេចតេជោមានជំនឿថា លោកស្រីអគ្គរដ្ឋទូត នឹងខិតខំបន្តបេសកកម្មពង្រឹង ចំណងមិត្តភាពកម្ពុជា-ហ្វីលីពីន និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែល្អប្រសើរថែមទៀត និងជាពិសេស កិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌគ្រួសារអាស៊ាន ដើម្បីចូលរួមថែរក្សាសន្តិភាព និងដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់អាស៊ាន។

ជាការឆ្លើយតបលោកស្រីអគ្គរដ្ឋទូត បានជម្រាបសម្តេចតេជោ ក្នុងអាណត្តិបេសកកម្មការទូត នៅកម្ពុជា លោកស្រីនឹងខិតខំ​ពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម វិនិយោគ​ អប់រំ សុខាភិបាល និងទំនាក់ទំនងយោធា។ នៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ បច្ចុប្បន្នគឺមានក្រុមហ៊ុនហ្វីលីពីន កំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា លើផ្នែកសុខាភិបាល អប់រំ និងឧស្សាហកម្មកែច្នៃម្ហូបអាហារ។ លើសពីនេះទៅទៀត អ្នកវិនិយោគហ្វីលីពីន កំពុងសម្លឹងមើលឱកាស និងដៃគូធុរកិច្ច ដើម្បីវិនិយោគបន្ថែម លើវិស័យសំណង់ អាហារនិងភេសជ្ជៈ ឧស្សាហកម្មកែច្នៃអាហារ និងផលិតអាហារ ហាងលក់រាយ និងវិស័យអប់រំជាដើម ។

លោកស្រី បានថ្លែងអំណរគុណរដ្ឋាភិបាលកម្ពុជា ដែលកន្លងមកតែងបានគាំទ្រ និងការពារប្រជាជនហ្វីលីពីន ដែលមកធ្វើការ និងរស់នៅក្នុងប្រទេសកម្ពុជា ដោយគ្មានការរើសអើង។ លោកស្រីក៏បានសំណូមពរ សម្តេច មេត្តាបន្តជួយគាំទ្រ និងផ្តល់ការយកចិត្តទុកដាក់ដល់សហគមន៍ប្រជាជនហ្វីលីពីន ដែលកំពុងធ្វើការ និងរស់នៅជាច្រើនឆ្នាំមកហើយនៅក្នុងប្រទេសកម្ពុជា ដែលភាគច្រើនជាគ្រូបង្រៀនភាសាអង់គ្លេស​ បុគ្គលិកក្រុមហ៊ុន និងបុគ្គលិកសាសនា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ ទូតហ្វីលីពីនថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងហ្វីលីពីន នឹងត្រូវបានពង្រឹងពង្រីកបន្ថែមទៀត ក្រោមការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីអាណត្តិទី៧នេះ។ ទោះបីជាមានការផ្លាស់ប្ដូរប្រមុខដឹកនាំរាជដ្ឋាភិបាលនៅកម្ពុជា ដោយសម្ដេចបានចាកចេញពីនាយករដ្ឋមន្ត្រីទៅជាប្រធានព្រឹទ្ធសភាក៏ដោយ ក៏កម្ពុជាពុំមានការផ្លាស់ប្ដូរក្នុងគោលនយោបាយការបរទេសរបស់ខ្លួន ជាពិសេសក្នុងទំនាក់ទំនងជាមួយនឹងហ្វីលីពីននោះទេ។

សម្តេចតេជោ បានស្វាគមន៍រាល់ការវិនិយោគ របស់ក្រុមហ៊ុនហ្វីលីពីននៅកម្ពុជា សម្ដេចបានផ្ដល់អនុសាសន៍ថា «ហ្វីលីពីនគួរតែពិនិត្យនិង ច្បាមយកឱកាសវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យផលិតស្រូវអង្ករ ដោយវិនិយោគិនពីហ្វីលីពីនអាចមកបណ្ដាក់ទុន 100% នៅកម្ពុជា រៀបចំជាយន្តការប្រមូល ទិញស្រូវ ម៉ាស៊ីនកិនស្រូវ វេចខ្ចប់ ស្តុក ហើយនិងនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីន ក៏ដូចជានៅទៅកាន់បណ្ដា ប្រទេសផ្សេងទៀត» ។

សម្តេចតេជោបានសង្កត់ធ្ងន់ថា កម្ពុជា និងហ្វីលីពីនត្រូវតែទាញយកសក្តានុពលសេដ្ឋកិច្ចពីកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន(AFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP) ខណៈពិភពលោកកំពុងជួបប្រទះវិបត្តិស្មុគ្រស្មាញ និងគ្រោះថ្នាក់។ សម្ដេចតេជោបានសង្កេតឃើញថាក្នុងពេលដែលជំងឺកូវីត-១៩ បានរាតត្បាត ទំនាក់ទំនងពាណិជ្ជកម្មរវាងបណ្ដាប្រទេសអាស៊ានក្នុងក្របខណ្ឌ AFTA មានការរីកចម្រើនខ្លាំងក្លា ជាពិសេស នៅក្នុងវិស័យសន្តិសុខស្បៀងនិងថាមពល។

ជាមួយគ្នានេះដែរ សម្តេចតេជោ ក៏បានស្នើលោកស្រីអគ្គរដ្ឋទូត ខិតខំឱ្យមានជើងហោះហើរផ្ទាល់ពីហ្វីលីពីន មកប្រទេសកម្ពុជា ឱ្យកាន់តែច្រើន ដែលជាកត្តាសំខាន់រួមចំណែក ដល់ការតភ្ជាប់ប្រជាជន និងប្រជាជន ជំរុញវិស័យទេសចរណ៍នៃប្រទេសទាំងពីរ និងជួយសម្រួលដល់ការ ធ្វើដំណើររបស់អ្នកវិនិយោគ ក៏ដូចជាអ្នកការទូតហ្វីលីពីនផងដែរ។

ចំពោះបញ្ហាឧក្រិដ្ឋកម្ម តាមប្រព័ន្ធអ៊ីនធើណេត ការបោកប្រាស់អនឡាញ និងការជួញដូរមនុស្ស សម្តេចតេជោបានគាំទ្រឱ្យអាជ្ញាធរមាន សមត្ថកិច្ចនៃប្រទេសទាំងពីរខិតខំធ្វើការរួមគ្នា ដើម្បីធ្វើការបង្រ្កាប និងទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពខ្ពស់លើក្រុមឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធើណេតនេះ ដែលកន្លងមកតែងចល័ត ទៅមកក្នុងចំណោម ប្រទេសអាស៊ាន និងបានធ្វើឱ្យខូចឈ្មោះប្រទេសកម្ពុជា និងហ្វីលីពីន។ សម្តេច ក៏បានប្រាប់ទៅលោកស្រី អគ្គរដ្ឋទូតបន្ថែមថា កម្ពុជានឹងបន្តយកចិត្តទុកដាក់ និងការពាររាល់ផលប្រយោជន៍សហគមន៍ប្រជាជនហ្វីលីពីន ដែលកំពុងធ្វើការ និងរស់នៅក្នុងប្រទេសកម្ពុជា ប្រកបដោយភាពសុខសាន្ត ៕

To Top