ព័ត៌មានជាតិ

សម្ដេចធិបតី គាំទ្រគំនិតផ្ដួចផ្ដើមក្រុមហ៊ុន Toyota លើការបង្កើតសាលាបណ្ដុះបណ្ដាលជំនាញយានយន្ត នៅកម្ពុជា

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្ដែងនូវការគាំទ្រចំពោះគំនិតផ្ដួចផ្ដើម របស់ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) លើការបង្កើតសាលាបណ្ដុះបណ្ដាលជំនាញយានយន្តនៅកម្ពុជា។

ការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ លោក Fujita Ryoji នាយកក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia)និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ។

ក្នុងឱកាសនៃជំនួប លោកនាយកក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្ដេចធិបតី អំពីគំនិតផ្ដួចផ្ដើមរបស់ក្រុមហ៊ុនតូយ៉ូតាក្នុងការបង្កើតសាលាបណ្ដុះបណ្ដាលជំនាញយានយន្ត (Toyota Academy)នៅព្រះជាណាចក្រកម្ពុជា ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតីថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ កន្លងមកនេះ និងគោរពស្នើសុំអនុសាសន៍ណែនាំពីសម្ដេចធិបតីពាក់ព័ន្ធនឹងការរៀបចំបង្កើតសាលាបណ្ដុះបណ្ដាលជំនាញយានយន្ត។

ជាការឆ្លើយតប សម្តេចធិបតី សម្ដេចធិបតី ក៏បានសម្ដែងនូវការគាំទ្រចំពោះគំនិតផ្ដួចផ្ដើម របស់ក្រុមហ៊ុនលើការបង្កើតសាលាបណ្ដុះបណ្ដាលជំនាញយានយន្តនៅកម្ពុជា ដោយសម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីពិភាក្សាលម្អិតអំពីការរៀបចំបង្កើតសាលា និងការកំណត់ម៉ូដែលអាជីវកម្ម។

ព្រមជាមួយគ្នានេះ សម្ដេចធិបតី ក៏បានផ្ដល់អនុសាសន៍ដល់ក្រុមហ៊ុនក្នុងការរៀបចំបង្កើតសាលាបណ្តុះបណ្តាលនេះជា២ជម្រើស៖ (១)ក្រុមហ៊ុនអាចរៀបចំបង្កើតសាលាបណ្ដុះបណ្ដាល ដោយក្រុមហ៊ុនផ្ទាល់តែម្តង និង(២) ជាទម្រង់កូនកាត់ (Hybrid) ដោយសហការជាមួយនឹងសាលាបណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាលដែលមានស្រាប់ តាមរយៈកិច្ចសហការជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

បន្ថែមលើនេះ សម្ដេចធិបតី ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន ពិនិត្យលទ្ធភាពក្នុងការរៀបចំការបណ្តុះបណ្តាលនេះឱ្យមានលក្ខណៈទូលំទូលាយ ដោយមិនត្រឹមតែបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់តែបម្រើការក្នុងក្រុមហ៊ុនតូយ៉ូតា ប៉ុណ្ណោះទេ ប៉ុន្តែអាចពង្រីកវិសាលភាពនៃការបណ្ដុះបណ្ដាលដល់យុវជនកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សាការងារផ្នែកយានយន្ត ទាំងក្នុង និងក្រៅប្រទេស នាពេលអនាគត។

មុននឹងបញ្ចប់ សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Toyota Group ពិនិត្យលទ្ធភាពលើចំណុចសំខាន់ចំនួន ២ ដែលរួមមាន៖ (១) ពិនិត្យលទ្ធភាព និងពិចារណា ក្នុងការផលិតគ្រឿងបន្លាស់ (Spare parts) របស់ក្រុមហ៊ុនតូយ៉ូតា ដែលមិនត្រឹមតែសម្រាប់ការផ្គត់ផ្គង់ដល់ក្រុមហ៊ុនតូយ៉ូតានៅកម្ពុជានោះទេ ប៉ុន្តែថែមទាំងផ្គត់ផ្គង់ដល់ក្រុមហ៊ុនតូយ៉ូតា នៅតាមបណ្ដាប្រទេសផ្សេងៗទៀត និង (២) ពិនិត្យលទ្ធភាព និងពិចារណាលើការភ្ជាប់កិច្ចសហការជាមួយនឹងបណ្ដាក្រុមហ៊ុនក្នុងស្រុកដែលអាចផ្គត់ផ្គង់ជាសម្ភារបរិក្ខារបន្ទាប់បន្សំ (Accessories) បំពាក់លើរថយន្តតូយ៉ូតា ៕

To Top