កណ្ដាល ៖ ភ្ជាប់នឹងអំណរសាទរ និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១១ និងថ្នាក់បរិញ្ញាបត្រ ជំនាញគ្រប់គ្រងពន្ធនាគារ ជំនាន់ទី២ នៃបណ្ឌិត្យសភានគរបាលកម្ពុជា នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់ការរម្លឹកដាស់តឿនដល់និស្សិតនគរបាលទាំងអស់ កុំប្រព្រឹត្តទង្វើទាំងឡាយណា ដែលប្រជាពលរដ្ឋមិនគាំទ្រ ពីព្រោះក្នុងរយៈពេលចុងក្រោយនេះ មានមន្ត្រីនគរបាលមួយចំនួន នៅតែបន្តប្រព្រឹត្តកំហុសដោយចេតនា រហូតទទួលទណ្ឌកម្មខាងវិន័យ និងត្រូវបណ្ដេញចេញពីក្របខណ្ឌ។
លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា និស្សិតនគរបាលជ័យលាភី ដែលត្រូវបានប្រកាសតាំងស៊ុប ជាមន្ត្រីនគរបាលជាតិ ត្រូវបំពេញតួនាទី ស្របតាមច្បាប់ និងវិន័យនគរបាលជាតិកម្ពុជា ពោលគឺត្រូវតែផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ឱ្យអស់ពីលទ្ធភាព ។ លោកឧបនាយករដ្ឋមន្ត្រី បានផ្ដល់ការពន្យល់ងាយៗទៀតថា ឯកសណ្ឋាន រួមទាំងស័ក្ដិលើស្មារបស់មន្ត្រីម្នាក់ៗ មិនមែនស្លៀកពាក់ដើម្បីបង្ហាញអំនួត និងភាពអស្ចារ្យអ្វីនោះទេ ពីព្រោះភាពអស្ចារ្យពិតប្រាកដ គឺអាស្រ័យលើគុណភាព នៃការបំពេញការងារបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ។
ពីវេទិកាអធិបតីនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានទាញចំណាប់អារម្មណ៍និស្សិតជ័យលាភី រួមទាំងនិស្សិតនគរបាលដែលកំពុងសិក្សា ត្រូវមានស្មារតីគោរព ចំពោះការលះបង់របស់អ្នកមានគុណ គឺមាតា បិតា និងក្រុមគ្រួសារ ដែលតែងតែខិតខំគ្រប់បែបយ៉ាង ដើម្បីឱ្យពួកគេទទួលបានការសិក្សា តាំងពីតូចមក ទម្រាំមានឱកាសបានមកចូលរួមក្នុងពិធី និងឃើញដោយផ្ទាល់ នូវជោគជ័យនៃការសិក្សាររបស់ពួកគេ ដែលពេលនេះ បានក្លាយជានគរបាលជាតិ និងត្រៀមចេញទៅបំពេញការងារបម្រើជាតិ និងប្រជាជន ដូចក្ដីប្រាថ្នា ។
ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្ដល់អនុសាសន៍ ឱ្យបណ្ឌិត្យសភានគរបាលកម្ពុជា បន្តយកចិត្តទុកដាក់កិច្ចការ កំណែទម្រង់ ស្រប តាមគោលនយោបាយរាជរដ្ឋាភិបាល និង បរិបទឌីជីថល ក្នុងនោះត្រូវត្រៀម លក្ខណៈពិនិត្យចំណុចល្អៗ ក្នុងសៀវភៅគោល នៃការបណ្ដុះបណ្ដាល នគរបាលសិង្ហបុរី វិភាគនិងវាយតម្លៃគុណភាព នៃការបណ្ដុះបណ្ដាលនិស្សិតរយៈពេល៤ឆ្នាំ ពង្រឹងគ្រូបន្តវេនភ្ជាប់ ដោយការលើកទឹកចិត្ត និងត្រូវអញ្ជើញស្នងការ នគរបាលរាជធានី ខេត្ត មកធ្វើបទឧទ្ទេសនាម អំពីបទពិសោធន៍ផ្ទាល់ ដល់និស្សិតនគរបាល ។ លោកក៏បានប្រកាសជួយសាងសង់អគារស្នាក់នៅ របស់សាស្រ្តាចារ្យ និងគ្រូនគរបាលនៅបណ្ឌិត្យសភា នគរបាលកម្ពុជាផងដែរ៕