ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកនាយឧត្តមសេនីយ៍ យ៉ាស៊ូណូរិ ម៉ូរីស៊ីតា (Yasunori Morishita) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន បានបេ្តជ្ញារួមគ្នា ក្នុងការបន្តពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការយោធា ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ ។
ការប្តេជ្ញារបស់មេកងទ័ពជើងគោកទាំងពីរនេះ ធ្វើឡើងក្នុងជំនួបប្រជុំទ្វេភាគីជាមួយគ្នា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី៩ កក្កដា ។
នាយឧត្តមសេនីយ៍ យ៉ាស៊ូណូរិ ម៉ូរីស៊ីតា បានវាយតម្លៃខ្ពស់ ចំពោះចំណងមិត្តភាពរវាង ប្រទេសទាំងពីរ ដែលបានបង្កើត ឡើងតាំងពីឆ្នាំ១៩៥៣ ហើយក្នុងរយៈពេល៧០ឆ្នាំ នៃចំណងការទូតនេះ មានការរីកចម្រើនជាលំដាប់ ដែលមានកិច្ច សហប្រតិបត្តិការ លើគ្រប់វិស័យ រហូតដល់ការលើក កម្ពស់កិច្ចសហប្រតិបត្តិការ «ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ» កាលពីឆ្នាំ២០២៣ កន្លងទៅ។
ជាមួយគ្នានេះ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន កងស្វ័យការពារជប៉ុន និងប្រជាជនជប៉ុន ក្នុងការជួយស្វែងរកសន្តិភាព និងរក្សាសន្តិភាព ដោយបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពមកកាន់កម្ពុជា ក្នុងឆ្នាំ១៩៩២ ហើយចាប់ពីពេលនោះមក ជប៉ុន គឺជាដៃគូដែលមិនអាចខ្វះបាន ក្នុងដំណើរការកសាងអភិវឌ្ឍន៍កម្ពុជា។
សមភាគីទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់អំពីស្ថានការណ៍ទាំងក្នុងតំបន់ និងពិភពលោក ហើយបានបេ្តជ្ញាបន្តពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការយោធា ជាអាទិ៍៖ ការផ្លាស់ប្តូរយោធិនគ្រប់កម្រិត, ការបណ្តុះបណ្តាលធនធានមនុស្ស, ការធ្វើលំហាត់រួមគ្នា និងកិច្ចសហប្រតិបត្តិការ លើការបោសសម្អាតមីន ៕