ភ្នំពេញ៖ សមាជិកសរុប នៃបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ កើនឡើងដល់ជាង ២,២ លាននាក់ (២ ២២៩ ៥២២នាក់) គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ។ នេះបើតាមការបញ្ជាក់របស់ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។
លោក កត្តា អ៊ន បានបញ្ជាក់លំអិតថា ចំនួនសមាជិកបេឡាជាតិ សន្តិសុខ សង្គមផ្នែកថែទាំសុខភាព តាមរបបភាគទាន ជាកាតព្វកិច្ចមានកម្មករនិយោជិត មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន និងតាមរបបភាគទាន ដោយស្ម័គ្រចិត្ត មានបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. បានកើនឡើងគួរឲ្យកត់សំគាល់ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៤នេះ ដែលបង្ហាញថា ប្រជាពលរដ្ឋកាន់តែជឿទុកចិត្ត និងយល់ដឹងច្បាស់ ពីអត្ថប្រយោជន៍ នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។
លោកក៏បានគូសបញ្ជាក់ថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ សមាជិកសរុប ដែលបានចុះឈ្មោះក្នុង បញ្ជិកាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) រួមមាន ៖
ប.ស.ស. ផ្នែកថែទាំសុខភាព មានសមាជិកសរុប ចំនួនជាង ២,២ លាននាក់ ក្នុងនោះមាន កម្មករនិយោជិតចំនួនជាង ១, ៥៦ លាននាក់ មន្ត្រីរាជការ អតីតមន្ត្រីរាជការ និង អតីតយុទ្ធជន មានចំនួនជាង ៤៣ ម៉ឺននាក់ បុគ្គលស្វ័យនិយោជន៍ មានចំនួនជាង ១៧ ម៉ឺននាក់ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួនជាង ៥,៦ ម៉ឺន។
ដោយឡែក ប.ស.ស. ផ្នែកប្រាក់សោធន បានចុះបញ្ជិការោងចក្រ សហគ្រាសជាកាតព្វកិច្ចសរុប ចំនួន ២១ ២៨៨ មានកម្មករនិយោជិតសកម្មចំនួនជាង ១,៥៦ លាននាក់ និងបានចុះបញ្ជិកាកម្មករនិយោជិតដោយស្ម័គ្រចិត្តបានចំនួនជិត ៥ ពាននាក់។ ក្នុងឆមាសទី១ ឆ្នាំ២០២៤ សមាជិក ប.ស.ស. ផ្នែកប្រាក់សោធន បានចុះបញ្ជិកាសមាជិកថ្មី ដែលមានរោងចក្រ សហគ្រាសជាកាតព្វកិច្ច ចំនួន ៣ ០១៣ មានកម្មករ និយោជិតចំនួនជិត ១៣ម៉ឺននាក់ និងបានចុះបញ្ជិកាកម្មករនិយោជិត ដោយស្ម័គ្រចិត្ត បានចំនួន ៩៤១នាក់ ។
ចំណែក ប.ស.ស. ផ្នែកហានិភ័យការងារ មានសមាជិកសរុបចំនួន ជាង ១,៨ លាននាក់ ក្នុងនោះកម្មករនិយោជិតចំនួនជាង ១,៥៦ លាននាក់ មន្រ្តីរាជការសាធារណៈជាង ២៤,៦ ម៉ឺននាក់ និង បានអនុវត្តការថែទាំសុខភាព តាមប្រព័ន្ធមូលនិធិសមធម៌ សុខាភិបាល សម្រាប់កម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធបានជាង ១៣,៦ ម៉ឺននាក់ផងដែរ។
លោក កត្តា អ៊ន លើកឡើងថា ចាប់តាំងពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសដាក់ ឱ្យអនុវត្តជាផ្លូវការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងចុះផ្សព្វផ្សាយតាមរាជធានី ខេត្ត និងចុះយុទ្ធនាការផ្ទាល់តាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និង ទីប្រជុំជនយ៉ាងសកម្មនៅរាជធានី ខេត្តទូទាំងប្រទេស រួមនិងការផ្សព្វផ្សាយ តាមបណ្តាញសង្គមផ្លូវការ Facebook, Telegram, YouTube, TikTok និងតាមបណ្តាញសង្គមរបស់សិល្បករ តារាចម្រៀង និងអ្នកមានប្រជាប្រិយភាពក្នុងបណ្ដាញសង្គមយ៉ាងផុសផុល។
លោក បានគូសបញ្ជាក់ថា បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ទទួលកុមារចូល ជាសមាជិកផងដែរ ក្នុងនោះ សម្រាប់កុមារ (អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.) ទទួលបានអត្ថប្រយោជន៍ ជាច្រើនពេលក្លាយជាសមាជិក ប.ស.ស.។
លោកពន្យល់ថា កុមារ (អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.) ទទួលបានអត្ថប្រយោជន៍ដូចជាការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ទូទាំងប្រទេស ទាំងមន្ទីរពេទ្យសាធារណៈ និងឯកជន ក្នុងនោះដែរប្រសិន បើកុមារជួបគ្រោះថ្នាក់ និងជំងឺជាអកុសល រហូតដល់ស្លាប់បាត់បង់ជីវិត បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងផ្តល់ប្រាក់វិភាជន៍បូជាសពផងដែរ។
ទន្ទឹមនឹងនេះ លោក បានគូសបញ្ជាក់ថា ការអនុវត្តរបបសន្តិសុខ សង្គមផ្នែកថែទាំ សុខភាពលើកុមារ គឺជាការគិតគូរ ដល់សុខមាលភាពរបស់កុមារ ជាពិសេសជួយឱ្យសុខភាព របស់កុមារល្អប្រសើរ ជាងមុនដែលអាចជួយទៅដល់ធនធាន មនុស្សប្រកបដោយសក្តានុពលភាព នាពេលអនាគត ៕