បរទេស៖ យោងតាមការចេញផ្សាយរបស់ RT និងទីប្រឹក្សាសេដ្ឋកិច្ចកំពូលរបស់ប្រធានាធិបតី Vladimir Putin គឺលោក Maksim Oreshkin បានឱ្យដឹងថា ប្រទេសរុស្ស៊ី និងឥណ្ឌាបានកំណត់គោលដៅ ដើម្បីឈានឲ្យបានទៅដល់ ទំហំទឹកប្រាក់១០០ពាន់លានដុល្លារ នៅក្នុងពាណិជ្ជកម្មទ្វេភាគី ត្រឹមឆ្នាំ២០៣០ខាងមុខ។
លោក Oreshkin បាននិយាយថា៖ តួលេខបង្ហាញថាការអភិវឌ្ឍន៍ លើវិស័យពាណិជ្ជកម្ម កំពុងកើតឡើងនៅទីនេះ ហើយសកម្មខ្លាំងណាស់ ដោយបន្ថែមថាលោក Putin និង Modi បានយល់ព្រមលើផែនការរួមនៃ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររហូតដល់ ឆ្នាំ២០៣០ ។
លោក Putin បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi សម្រាប់កិច្ចពិភាក្សាទ្វេភាគី កាលពីថ្ងៃអង្គារដើមសប្តាហ៍កន្លងមកនេះហើយ ក្នុងអំឡុងពេលពិភាក្សានេះពួកគេ ក៏បានចរចាលើបញ្ហាជាច្រើន រួមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាការដោះស្រាយដោយសន្តិវិធី នៃវិបត្តិអ៊ុយក្រែនផងដែរ។
គួរឲ្យដឹងដែរថាទំហំពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរបានកើនឡើងជិតបីដង រួចមកហើយក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយឥណ្ឌាបានបង្កើនការនាំចេញថាមពល ជី និងធ្យូងថ្មពីប្រទេសរុស្ស៊ី។
ដោយឡែកទំហំពាណិជ្ជកម្មទ្វេភាគីរវាងរុស្ស៊ី និងឥណ្ឌាបានបន្តកើនឡើង ដោយឈានដល់កំណត់ត្រា ២៣,១ពាន់លានដុល្លារ ក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំនេះ ស្ថិតនៅក្នុងអត្រាកើនឡើង ១០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ៕
ប្រែសម្រួល៖ ស៊ុន លី