ព័ត៌មានជាតិ

មេសហជីព នៅកម្ពុជា៖ គោលនយោបាយប.ស.ស.របស់រដ្ឋាភិបាល​​ជួយកាត់បន្ថយជម្លោះ​ រវាងកម្មករ និងនិយោជក

ភ្នំពេញ៖មេសហជីពនៅកម្ពុជាបានលើកឡើងថា គោលនយោបាយក្នុងការផ្តល់ សេវាបេឡាជាតិសន្តិសុខសង្គម (បសស) មិនត្រឹមតែផ្តល់​អត្ថប្រយោជន៍​ជូន​កម្មករ​និយោជិតប៉ុណ្ណោះទេ ថែមទាំងបាន​កាត់បន្ថយជម្លោះ រវាងកម្មករ និងនិយោជក នៅតាមបណ្តារោងចក្រសហគ្រាសទៀតផង។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានឱ្យដឹងថា បសស បានជួយសម្រាលបន្ទុកដ៏ច្រើនសម្រាប់កម្មករនិយោជិត ដែល​មានការគាំពារ​ចំពោះការព្យាបាលជំងឺ ការថែទាំសុខភាព ការពិនិត្យផ្ទៃពោះ និងសម្រាលកូន ជាដើម មិនតែប៉ុណ្ណោះ បសស ក៏បានបញ្ឈប់លែងឱ្យ​កម្មករ និងនិយោជក​មានជម្លោះជាមួយគ្នា ពេលមានគ្រោះថ្នាក់ការងារកើតឡើង ផងដែរ។

លោកបានបញ្ជាក់ថា ភាពក្តៅក្រហាយ ទោម្នេញដាក់គ្នារវាងកម្មករ និងយោជក ដែលធ្លាប់កើតឡើង គឺនៅពេលមានគ្រោះថ្នាក់ការងារធ្ងន់ធ្ងរ ដែល​និយោជក​ភ្លាមៗពិបាកក្នុងការមានលទ្ធភាពទទួលខុសត្រូវ បានធ្វើឱ្យមានការប្តឹង​តវ៉ាពី​សំណាក់កម្មករនិយោជិត។ យ៉ាងណាក៏ដោយ នៅពេលមានសេវា បសស បញ្ហា​ទាំងនោះត្រូវបានបញ្ចប់ ដោយគ្រាន់តែភាគីនិយោជក បង់ភាគទានទៅ បសស ដើម្បីធ្វើការដោះស្រាយបន្ត។

លោកថ្លែងថា៖«នៅពេលយើងមានសេវា បសស រាល់គ្រោះថ្នាក់ការងារ រាល់ជំងឺវិជ្ជាជីវៈទាំងឡាយណា គឺជាបន្ទុករបស់ បសស ដូចនេះភាគីកម្មករនិយោជិតមិនចាំបាច់បែរមុខព្រួញទៅកាន់និយោជក ហើយនិយោជកក៏មិនចាំបាច់ពាក់មុខយក្ស ក្នុងស្ថានភាពណា​មួយមក​កាន់កម្មកររបស់ខ្លួនដែលទាមទារនោះទេ គឺគ្រាន់តែបង់ភាគទាន​ទៅ​បសសដើម្បីចាត់ចែងដោះស្រាយបន្តជាការស្រេច»។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ថ្លែងថា សេវា បសស ពិតជាមាន​សារៈ​សំខាន់​ណាស់សម្រាប់កម្មករ និយោជិត។ ក្នុងពេលបច្ចុប្បន្នការបង់ បសស គឺជាបន្ទុក​របស់​និយោជក ដែលទាំងនេះជាការខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិបាលក្នុង​សម្រួលឱ្យ​និយោជក​ជាអ្នកទទួលខុសត្រូវ១០០ភាគរយ។

លោកថ្លែងថា៖«មិនត្រឹមតែប៉ុណ្ណឹងទេ យើងឃើញថា នៅពេលបងប្អូនមានជំងឺឈឺថ្កាត់អស់រាប់សិបម៉ឺនដុល្លារ រាប់សិបពាន់ដុល្លារគឺ បង​ប្អូនអត់មានចំណាយអីសូម្បី១ដុល្លារនោះទេ គឺជាបន្ទុករបស់រដ្ឋតែម្តង ដូចច្នេះយើងឃើញថាសេវា បសស នេះពិតជាមានសារៈសំខាន់»។

មួយវិញទៀត ហ្វា សាលី បន្ថែមថា បសស ក៏មានការយកចិត្តទុកដាក់លើស្ត្រី ដែលមានផ្ទៃពោះ ឱ្យមានការឈប់សម្រាក​រហូតដល់៤ដងសម្រាប់ការ​ពិនិត្យ​ផ្ទៃពោះចាប់ពីមានគភ៌ ដែលទទួលបានប្រាក់ឧបត្ថម្ភ៨ម៉ឺនរៀលបន្ថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានការឈប់សម្រាកសម្រាលកូន ដែលមានប្រាក់ឧបត្ថម្ភ ១២០ភាគរយ ហើយនៅក្រោយពេលសម្រាលក៏មានការថែទាំកុមាររហូតដល់២ឆ្នាំ ដោយមានការឈប់សម្រាកបានច្រើនដងបន្ថែមទៀត ដើម្បីចាក់វ៉ាក់សាំងផ្សេងៗសម្រាប់កុមារ៕

To Top