កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រី បានលើកឡើងថា ដើម្បីឱ្យការគ្រប់គ្រងល្បែងស៊ីសង នៅមូលដ្ឋានទទួលបានប្រសិទ្ធិខ្ពស់ អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ ក្រុង ស្រុក ត្រូវតែអនុវត្តវិធានការបើកមួយ បង្ក្រាបមួយ ឬបើកមួយ បិទមួយ។
ការលើកឡើងដូចនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីលើការងារទប់ស្កាត់ បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅរដ្ឋបាលខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយ៍ ជួន សុវណ្ណ បានលើកឡើងថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បញ្ជាទៅតាមបណ្តារាជធានី ខេត្តនៅទូទាំងកម្ពុជា ឱ្យអនុវត្តឱ្យខានតែបាននូវបញ្ហាគ្រឿងញៀន ល្បែងស៊ីសង និងក្មេងទំនើង ប្រយោជន៍ដើម្បីរក្សាឱ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសគឺ កសាងទំនុកចិត្តជូនពលរដ្ឋមកលើរាជរដ្ឋាភិបាល។
លោកថា រាជរដ្ឋាភិបាលបានបញ្ចប់សុពលភាព អាជ្ញាប័ណ្ណល្បែងនៅឆ្នាំ២០២៦ នៅទូទាំងប្រទេស ដោយមិនបន្តសុពលភាព និងមិនឱ្យមានការបង្កើតថ្មីនោះទេ។ នៅទូទាំងរាជធានី ខេត្ត កន្លងមកទីតាំងល្បែងមានរហូតដល់ទៅជាង ៦ពាន់ទីតាំង(៦១១៣កន្លែង) តែក្រោយមានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល ទីតាំងទាំងនោះក៏ត្រូវបានផ្អាកនិងបិទជាស្ថាពរ។

លោក ជួន សុវណ្ណ ក៏បានគូសបញ្ជាក់ថា ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់ និងតឹងរឹងបំផុតពីសម្តេចធិបតី ហ៊ុន ម៉ាណែត យ៉ាងនេះក្តី ក្រុមការងារស្រាវជ្រាវពិសេសក៏បានរកឃើញថា នៅមានខេត្ត រាជធានី ប្រមាណជា១០ និងមានទីតាំងប្រមាណ១០៦ទីតាំង បាននិងកំពុងបើកដំណើរការឡើងវិញនូវ ល្បែងស៊ីសងគ្រប់ប្រភេទនេះ ដោយក្នុងនោះក៏មានខេត្តកំពង់ស្ពឺផងដែរ។ ទន្ទឹមនឹងការបើកដំណើរការឡើងវិញនេះដែរ ប្រធានក្រុមការងារពិសេសតាមដាន ការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ថាគឺមានទីតាំងខ្លះ គឺជាប្រយោជន៍ក្នុងមូលដ្ឋាន និងក្រោមហេតុផលថាមិនដឹង។
ជាមួយនោះ លោក ជួន សុវណ្ណ ក៏បានរំឭកដល់បទបញ្ ជារបស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការក្នុងការគ្រប់គ្រងនិងទប់ស្កាត់ការងើបឡើងវិញនូវល្បែងស៊ីសង គ្រប់ប្រភេទទាំងល្បែងមានអាជ្ញាប័ណ្ណ និងគ្មានអាជ្ញាប័ណ្ណនៅតាមមូលដ្ឋាន ដោយក្នុងនោះលោកថា វាគ្មានអ្វីពិបាកក្នុងការគ្រប់គ្រង និងទប់ស្កាត់នោះទេ គឺសំខាន់អាជ្ញាធរ និងសមត្ថកិច្ចពិសេសមន្ត្រីនគរបាលយុត្តិធម៌មានការតាំងចិត្តឬអត់ និងមិនមានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍តែប៉ុណ្ណោះ ជារួមគឺ បើកមួយ បង្ក្រាបមួយ ឬបើកមួយ បិទមួយ។ ហើយបើយើងមិនអនុវត្តវិធានការនេះទេ នោះយូរទៅជំងឺនឹងមានភាពស៉ាំទៅនឹងថ្នាំ យូរៗទៅវានឹងក្លាយជាជំងឺមហារីកពិបាកព្យាបាលណាស់ ជាងនេះយើងក៏ត្រូវអនុវត្តនូវវិធានការ ៣កុំរបស់ឧបនាយកដ្ឋមន្ត្រីក្រសួងមហាផ្ទៃឱ្យមានប្រសិទ្ធិភាពផងដែរ៕
ដោយ៖ សុខ សុភ័ណ្ឌ
