ព័ត៌មានជាតិ

កម្ពុជា ៖ សកម្មជនបរិស្ថាន១០រូប ត្រូវបានផ្ដន្ទាទោស ដោយសារ រៀបចំសកម្មភាព ប្រឆាំងរដ្ឋាភិបាល និងប្រមាថព្រះមហាក្សត្រ

ភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានឆ្លើយតបទៅក្រុមអង្គការអន្តរជាតិ និងជនបរទេសមួយចំនួនថា សកម្មជនបរិស្ថាន ទាំង១០រូប ត្រូវបានផ្តន្ទាទោសនោះ ពុំមែនដោយសារតែការអនុវត្ត សិទ្ធិសេរីភាពរបស់ពួកគេនោះទេ ប៉ុន្តែដោយសារ ការរៀបចំសកម្មភាព ប្រឆាំងរាជរដ្ឋាភិបាល និងប្រមាថព្រះមហាក្សត្រ ដែលជាបទល្មើសប្រព្រឹត្តនៅកម្ពុជា។

យោងតាមសេចក្ដីថ្លែងការណ៍ព័ត៌មានរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ចេញផ្សាយនាថ្ងៃ១០ កក្កដា បានឲ្យដឹងថា ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានធ្វើការបដិសេធ ចំពោះការអត្ថាធិប្បាយដែលគ្មានមូលដ្ឋាន និងបំភ័ន្តដោយអ្នកនាំពាក្យ ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ Thameen Al-Kheetan កាលពីថ្ងៃទី២ កក្កដា ពាក់ព័ន្ធនឹងការកាត់ទោសសកម្មជនបរិស្ថាន ដោយតុលាការកម្ពុជាដែលថា មិនអនុលោមតាមបទដ្ឋាន សិទ្ធិមនុស្សអន្តរជាតិ នោះ គឺគ្មានមូលដ្ឋានដែលបង្ហាញ ពីការយល់ឃើញមានកម្រិត ឬការបដិសេធ ដោយចេតនាក្នុងការយល់ដឹង ពីនីតិវិធីរបស់តុលាការនៅកម្ពុជា។

ស្ថានបេសកកម្ម អចិន្ត្រៃយ៍គូសបញ្ជាក់ថា «សកម្មជនបរិស្ថានទាំងនេះ ត្រូវបានផ្តន្ទាទោសពុំមែន ដោយសារតែការ អនុវត្តសិទ្ធិសេរីភាព របស់ពួកគេនោះទេ ប៉ុន្តែដោយសារ ការរៀបចំសកម្មភាពប្រឆាំងរដ្ឋាភិបាល និងប្រមាថព្រះមហាក្សត្រ ដែលជាបទល្មើសប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២១ និងត្រូវផ្តន្ទាទោសទៅតាមមាត្រា ៤៣៧ (ស្ទួន) និងមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ»។

ស្ថានបេសកកម្មអចិន្ត្រៃយ៍បន្ថែមថា ជនជាប់ចោទទាំងអស់មាន ឱកាសពេញលេញក្នុង ការចូលរួមរាល់នីតិវីធីរបស់តុលាការ រួមទាំងសិទ្ធិក្នុងការ ការពារផ្នែកច្បាប់ និងបដិសេធ រាល់ការចោទ ប្រកាន់ដែលជាផ្នែក នៃសិទ្ធិទទួលបាននូវការ ជំនុំជម្រះក្តីដោយយុត្តិធម៌ និងដំណើរការតាមនីតិវិធីត្រឹមត្រូវ ។ នៅកម្ពុជា ក៏ដូចប្រទេស ប្រជាធិបតេយ្យដទៃទៀតដែរ គ្មានបុគ្គលណាម្នាក់ត្រូវបានចោទ ប្រកាន់ដោយសារ តែពួកគេជានរណានោះទេ ប៉ុន្តែផ្អែកលើបទល្មើស ដែលច្បាប់បានកំណត់៕

សូមរំលឹកថា កាលពីថ្ងៃ២ កក្កដា សកម្មជនមាតា ចលនាធម្មតាជាតិ៥នាក់ ក្នុងចំណោម១០នាក់ ដែលត្រូវបានតុលាការ កាត់ទោស ឲ្យជាប់ពន្ធនាគារពី៦ទៅ៨ឆ្នាំ ត្រូវ បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារផ្សេងៗពីគ្នា ក្នុងបទល្មើសរួមគំនិត និងប្រមាថអង្គព្រះមហាក្សត្រ៕

To Top