ភ្នំពេញ ៖ សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃ១១ កក្កដា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅថៃ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ កក្កដា តបតាមការអញ្ជើញ របស់លោក វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ប្រធានសភាតំណាងរាស្រ្ត និងជាប្រធានរដ្ឋសភាថៃ។
ដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនាពេលនេះ ធ្វើឡើងក្នុងគោលបំណងបន្តពង្រឹង ពង្រីកទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ ចំណងមិត្តភាពជាប្រពៃណី និង ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ក៏ដូចជាបន្តជំរុញបន្ថែមទៀតនូវវឌ្ឍនភាព និងកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ ដែលមានស្រាប់ឲ្យកាន់តែរឹងមាំ និងស៊ីជម្រៅនៅគ្រប់កម្រិត។
អំឡុងពេលនៃការស្នាក់នៅថៃ សម្តេច ឃួន សុដារី នឹងចូលក្រាបបង្គំគាល់ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន ព្រះវ៉ាជិរ៉ាក់ក្លៅចៅយូហួរ ព្រះមហាក្សត្រថៃ និងព្រះអង្គម្ចាស់ក្សត្រី សុធិតា ផាត់ឆៈរៈសុថាភិមុនឡាក់ នៅព្រះបរមរាជវាំង។
ជាមួយគ្នានេះ សម្តេច ឃួន សុដារី នឹងជួបពិភាក្សាការងារ ទ្វេភាគីជាមួយ លោក វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ដើម្បីបន្តពង្រឹង ពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់រវាងស្ថាប័ន នីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌ ទ្វេភាគី និងពហុភាគី ឲ្យកាន់តែប្រសើរឡើងថែមទៀត។ ទន្ទឹមនឹងនេះ សមភាគីរដ្ឋសភាទាំងពីរ នឹងចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា រវាងរដ្ឋសភាកម្ពុជា-ថៃ។
សូមជម្រាបថា សម្តេច ឃួន សុដារី មានដំណើរទស្សនកិច្ចក្រៅប្រទេស ជាបន្តបន្ទាប់ក្នុងអាណត្តិទី៧នេះ ។ មកដល់ពេលនេះ សម្រាប់ក្នុងក្របខណ្ឌអាស៊ាន ថៃជាប្រទេសទី ៣ ដែលសម្តេចអញ្ជើញបំពេញទស្សនកិច្ច បន្ទាប់ពីវៀតណាម នៅថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ , ទស្សនកិច្ចនៅឡាវ និងចូលរួមកិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី១ នៅថ្ងៃទី៤-៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងវៀងចន្ទ ។ ក្រៅពីទស្សនកិច្ចប្រទេស ក្នុងអាស៊ាន សម្តេចក៏បាន ទៅបំពេញទស្សនកិច្ចទ្វេភាគី និង ចូលរួមកិច្ចប្រជុំកំពូល ប្រធានសភាជាស្រ្តីពិភពលោក លើកដំបូង នៅសាធារណរដ្ឋបារាំង នៅកាលពីថ្ងៃទី២-១១ មីនា ៕