ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន ណែនាំក្រុមការងារចុះមូលដ្ឋាន ទទួលយកសំណូមពរ និងដោះស្រាយបញ្ហាប្រឈមនានា របស់ពលរដ្ឋ

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានតាមបណ្ដារាជធានី ខេត្ត នៃក្រសួងអភិវឌ្ឍន៍ជនបទទាំងអស់ ត្រូវទទួលយកនូវសំណូមពរ និងធ្វើការដោះស្រាយបញ្ហាប្រឈមនានា ដែលប្រជាពលរដ្ឋនៅមូលដ្ឋាន បានលើកឡើង ប្រកបដោយប្រសិទ្ធភាព ។

ការណែនាំធ្វើឡើងក្នុងឱកាស លោករដ្ឋមន្រ្តី អញ្ជើញដឹកនាំកិច្ចប្រជុំ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានតាមបណ្ដារាជធានី ខេត្ត នៃក្រសួងអភិវឌ្ឍន៍ជនបទនារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំទាំងអស់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ច នៅតាមមូលដ្ឋានរបស់ខ្លួនឱ្យសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈ។

លោករដ្ឋមន្ដ្រី បានសំណូមពរដល់ថ្នាក់ដឹកនាំទាំងអស់ ឱ្យអនុវត្តតួនាទី និងភារកិច្ចស្របតាមយុទ្ធសាស្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានបាវចនា៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបានកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ក្នុងគោលដៅបន្តបេសកកម្មថែរក្សាសន្តិភាព និងអភិវឌ្ឍប្រទេសជាតិជាប្រវត្តិសាស្រ្ត ឆ្ពោះទៅសម្រេចបានចក្ខុវិស័យ “កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០”។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា «តាមរយៈយន្ដការដែលរាជរដ្ឋាភិបាល បានដាក់ចេញនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ត្រូវបន្តចុះដល់ភូមិ និងចូលរួមរៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ព្រមទាំងទទួលយកនូវសំណូមពរ និងធ្វើការដោះស្រាយបញ្ហាប្រឈមនានា ដែលប្រជាពលរដ្ឋនៅមូលដ្ឋាន បានលើកឡើង ប្រកបដោយប្រសិទ្ធភាព» ៕

To Top