ព័ត៌មានជាតិ

សម្ដេចធិបតី ប្រាប់JMAS ថា កម្ពុជា នឹងបន្តបោសសម្អាតមីន ជាង១.៧០០គីឡូម៉ែត្រការ៉េ បន្ថែមទៀត

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រាប់ប្រធានអង្គការ JMAS របស់ជប៉ុនថា ចាប់តាំងពីឆ្នាំ ១៩៩២មក កម្ពុជា បានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមលើផ្ទៃដីជាង ៣.០០០ គីឡូម៉ែត្រការ៉េ ហើយកម្ពុជាក៏នឹងខិតខំបន្តការបោសសម្អាតមីនជាង ១.៧០០គីឡូម៉ែត្រការ៉េ បន្ថែមទៀត ។

ការលើកឡើងរបស់សម្ដេចធិបតី នាឱកាសអនុញ្ញាតឲ្យនាយឧត្តមសេនីយ៍ YAMAZAKI Koji ប្រធានអង្គការសកម្មភាពកម្ចាត់មីនជប៉ុន (JMAS) និងជាអតីតអគ្គសេនាធិការចម្រុះកងទ័ពស្វ័យការពារជប៉ុន និងគណៈប្រតិភូចូលជួបសម្តែងការគួរសម នៅថ្ងៃ១១ កក្កដា ។

សម្ដេចធិបតីគូសបញ្ជាក់ថា «ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ គឺជាគោលដៅចម្បងរបស់រាជរដ្ឋាភិបាលចាប់តាំងពីនីតិកាលមុនៗ ហើយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់ក្នុងការបន្តសកម្មភាពបោះសម្អាតមីន ដោយសម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ ១៩៩២ មក ប្រទេសកម្ពុជាបានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមលើផ្ទៃដីជាង ៣.០០០ គីឡូម៉ែត្រការ៉េ ហើយកម្ពុជានឹងខិតខំបន្តការបោសសម្អាតមីន ប្រមាណជាង ១.៧០០ គីឡូម៉ែត្រការ៉េ បន្ថែមទៀត»។

សម្តេចធិបតី បានលើកទឹកចិត្តឲ្យ JMAS បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រតិបត្តិករបោសសម្អាតមីននៅកម្ពុជា ដូចជា CMAC និងអង្គភាពពាក់ព័ន្ធមួយចំនួនបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការបោះសម្អាតមីនលើផ្ទៃដីដែលនៅសេសសល់។ ទន្ទឹមនោះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងការបោសសម្អាតមីនជាមួយភាគីជប៉ុន ទាំងក្នុងកិច្ចសហប្រតិបត្តិការនៅកម្ពុជា និងការចូលរួមសកម្មភាពមនុស្សធម៌បោសសម្អាតមីននៅតាមប្រទេសផ្សេងៗ។

សម្រាប់នាយឧត្តមសេនីយ៍ YAMAZAKI Koji បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអង្គការ JMAS ជាមួយនឹងបណ្ដាស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា លើសកម្មភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការជួយទៅដល់ប្រជាជន ដែលបានរងគ្រោះពីគ្រាប់មីន និងសកម្មភាពផ្សេងៗ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ក៏បានលើកឡើងទៀត អំពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការរវាងអង្គការ JMAS ជាមួយនឹងមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ដែលបានផ្ដល់កិច្ចសហការយ៉ាងល្អប្រសើរលើសកម្មភាពជាច្រើន ដូចជា សកម្មភាពនៃការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលសម្រេចបានលើផ្ទៃដីសរុបជាង ៦.០០០ហិកតា និងការរុករកឃើញ និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ២០.០០០ គ្រាប់ ដោយក្នុងនោះ នាយឧត្តមសេនីយ៍ ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំង CMAC របស់កម្ពុជាដែលបានខិតខំបំពេញការងារក្នុងការសហការជាមួយ JMAS ប្រកបដោយជំនាញវិជ្ជាជីវៈ ការទទួលខុសត្រូវនិងវិន័យខ្ពស់។ ក្រៅពីសកម្មភាពបោសសម្អាតមីន JMAS ក៏បានចូលរួមចំណែកក្នុងសកម្មភាព ផ្សេងៗមួយចំនួនទៀត ដូចជាការជួយដល់ប្រជាពលរដ្ឋ ក្នុងវិស័យកសិកម្ម និងអប់រំ តាមរយៈការផ្តល់បច្ចេកទេស ដើម្បីបង្កើនទិន្នផល , ការបង្កើនប្រាក់ចំណូលដល់កសិករ, ការចូលរួមបណ្ដុះបណ្ដាល ដល់ប្រជាពលរដ្ឋ ឱ្យយល់ដឹងពីគ្រោះថ្នាក់នៃមីន និងការជម្លៀសខ្លួនចេញពីតំបន់ ដែលមានគ្រាប់មីន និងការកសាង ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន សម្រាប់សហគមន៍ជនបទ ដូចជាសាលារៀននៅតាមបណ្ដាខេត្តមួយចំនួន។

ព្រមជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ក៏បានបង្ហាញអំពីការប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹង CMAC បន្ថែមទៀត ក្នុងគោលដៅចូលរួមចំណែក ការបោសសម្អាតមីននៅកម្ពុជា៕

To Top