ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានណែនាំដល់មន្ត្រីរបស់ខ្លួនឲ្យបញ្ចេញគ្រឿងចក្រ ធ្វើការកាយប្រឡាយ តាមបណ្តោយផ្លូវជាតិលេខ៣ ឲ្យបានធំទូលាយ ប៉ុន្តែមិនអនុញ្ញាត្តឲ្យមានការកាយដាក់លូតូចៗ ខុសស្តង់ដារបច្ចេកទេសឡើយ ។

ការណែនាំរបស់លោក ឃួង ស្រេង ក្នុងឱកាសដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីពាក់ព័ន្ធចុះទៅពិនិត្យមើលប្រឡាយ ស្ថានីយ៍បូមទឹកបឹងទំពុន ប្រឡាយស្ថានីយ៍លូប្រាំ ជាមួយការពិនិត្យវឌ្ឍនភាពនៃការដ្ឋានដាក់លូ បុកស៊ីផាយនិងការស្តារប្រឡាយមេ ស្ថិតក្នុងគម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន១៣គម្រោង បាននិងកំពុងអនុវត្តន៍នាព្រឹកថ្ងៃ១១ កក្កដា ។

ក្នុងឱកាសនេះ លោក ឃួង ស្រេង លើកឡើងថា គម្រោងសំដៅបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ តាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរាជធានីភ្នំពេញ មានចំនួន៥០គម្រោង ហើយគម្រោងដែលកំពុងអនុវត្តមាន១៣គម្រោង។

ក្នុងនោះ លោក ឃួង ស្រេង ក៏បានណែនាំលោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ បញ្ចេញគ្រឿងចក្រ ធ្វើការកាយប្រឡាយ តាមបណ្តោយផ្លូវជាតិលេខ៣ ឲ្យបានធំទូលាយ ប៉ុន្តែមិនអនុញ្ញាត្តឲ្យមានការកាយដាក់លូតូចៗ ខុសស្តង់ដារបច្ចេកទេសឡើយ ដែលនឹងនាំឲ្យស្ទះផ្លូវទឹកបង្កឲ្យមានការលិចលង់ ដោយជំនន់ទឹកភ្លៀង ។

សូមរំលឹកថា គម្រោងរំដោះទឹកលិច ដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានចំនួន៥០គម្រោង ហើយគម្រោងដែលត្រូវអនុវត្តន៍មានចំនួន ២៣គម្រោង។ តែសម្រាប់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តន៍ចំនួន១៣គម្រោង ។ ចំពោះគម្រោងទាំង១៣នេះ ជាគម្រោងដែលបាននិងកំពុងអនុវត្តន៍ ក្នុងតំបន់ងាយរងគ្រោះដោយការលិចលង់ជាងគេ មានដូចជា តំបន់ជុំវិញស្ថានីយ៍បូមទឹកលូប្រាំ , តំបន់ជុំវិញ ស្ថានីយ៍បូមទឹកបឹងទំពុន និងតំបន់ជុំវិញស្ថានីយ៍បូមទឹកបឹងត្របែកជាដើម។

គួរឲ្យដឹងថា បើតាមតំណាងក្រុមហ៊ុនភ្នំពេញព្រីខាសផ្លេន ដែលទទួលអនុវត្ដការងារ បុកស៊ីផាយ និងដាក់លូជ្រុង មកដល់ពេលនេះ ការងារទាំងមូលសម្រេចបាន១៦ ភាគរយហើយ លើការងារស្ដារ បុកស៊ីផាយប្រឡាយ រំដោះទឹកនិងដាក់លូជ្រុងនៅរាជធានីភ្នំពេញ៕









