ភ្នំពេញ ៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងជំរុញ និងលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ ឲ្យប្រើប្រាស់ថ្នាំកំចាត់សត្វល្អិតចង្រៃផ្សំពីរុក្ខជាតិ ជៀសវាងការប្រើប្រាស់ថ្នាំគីមី ដែលធ្វើឲ្យប៉ះពាល់សុខភាព របស់អ្នកប្រើប្រាស់ផ្ទាល់ ។

ក្នុងឱកាសអញ្ជើញដឹកនាំមន្ត្រីជំនាញបច្ចេកទេស និងអាជ្ញាធរស្រុកលើកដែក ចុះពិនិត្យស្ថានភាពដំណាំស្រូវដែលរងការបំផ្លាញដោយរុយស និងដង្កូវមូរស្លឹក របស់ប្រជាកសិករ នៅស្រុកលើកដែក នាថ្ងៃ១១ កក្កដា លោក គួច ចំរើន បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថា ស្រូវរបស់ប្រជាពលរដ្ឋនៅស្រុកលើកដែក មានការគំរាមកំហែងពីរុយស និងដង្កូវមូរស្លឹក ទើបអាជ្ញាធរខេត្តបានដឹកនាំមន្ត្រីជំនាញបច្ចេកទេស មកធ្វើការពន្យល់ណែនាំពីរបៀបនៃការកំចាត់ រុយស និងដង្កូវមូរស្លឹក ជៀសវាងប្រជាពលរដ្ឋប្រើប្រាស់ថ្នាំទៅតាមការស្មានរបស់ខ្លួន ដែលមិនត្រូវនឹងបច្ចេកទេស ហើយធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ផ្ទាល់ ក៏ដូចជាអ្នកដែលទទួលបានផលយកទៅប្រើប្រាស់ផងដែរ។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានណែនាំដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បន្តតាមដានយកចិត្តទុកដាក់ខ្ពស់ ចំពោះការគំរាមកំហែងដល់ស្រូវរបស់ប្រជាកសិករ ប្រសិនបើនៅតែបន្តគំរាមកំហែងពី រុយស និងដង្កូវមូលស្លឹក កាន់តែធ្ងន់ធ្ងរបន្ថែមទៀត អាជ្ញាធរ និងមន្ត្រីជំនាញទាំងអស់ត្រូវចាត់វិធានការទាន់ពេលវេលា ធ្វើយ៉ាងណាកុំឲ្យស្រូវរបស់ប្រជាពលរដ្ឋរងការខូចខាតឡើយ។

លោកបន្ថែមថា ការចុះមកពិនិត្យនៅពេលនេះ ដើម្បីពន្យល់ដល់ប្រជាពលរដ្ឋយល់ច្បាស់ពីវិធីសាស្ត្រនៃការការពារ រុយស និងដង្កូវមូរស្លឹក កុំឲ្យមានការបំផ្លាញ ផលស្រូវរបស់ប្រជាពលរដ្ឋ ហើយថ្នាំដែលប្រើប្រាស់ទៅនេះគឺមិនបំផ្លាញសុខភាព និងសុខភាពអ្នក ដែលប្រើប្រាស់ភោគផលទៅថ្ងៃអនាគត។

បើតាមលោក ចាប់ ចន្ទវិទ្យា អភិបាលស្រុកលើកដែក រុយស និងដង្កូវមូរស្លឹក បានធ្វើឲ្យប៉ះពាល់ ដំណាំស្រូវប្រមាណ ៣៤២ហិកតា តាមបណ្តាភូមិចំនួន៤ភូមិ គឺ ភូមិថ្មី ភូមិព្រែកតាទួន ភូមិពាមរាំងលើ និងភូមិពាមរាំងក្រោម។ ជាមួយគ្នានេះ ក្រុមការងារជំនាញ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល និងអាជ្ញាធរស្រុក បានចុះពិនិត្យ និងបានផ្តល់ថ្នាំ កំចាត់សត្វល្អិតផ្សំពីរុក្ខជាតិចំនួន៣៩០លីត្រ។

លោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្ម ខេត្តកណ្ដាល បានឲ្យដឹងដែរថា ស្រែមួយចំនួន ស្រូវឡើងពណ៌ក្រហមព្រឿងៗ ខ្លះស្លោកចុង ជាពិសេសស្រែ ដែលសាបព្រួសពូជច្រើនពេក (៣៥០-៤០០kg/ha) និងប្រើប្រាស់ថ្នាំកសិកម្មបាញ់ការពារជាប្រចាំ។ ចំពោះមានវត្តមាន រុយស និងដង្កូវមូរស្លឹក តាមបបណ្តាស្រែមួយចំនួនមន្ត្រី ជំនាញក៏ផ្តល់ការណែនាំបច្ចេកទេស រួមមាន៖ ប្រើពូជស្រូវត្រឹមតែ១២០-១៥០kg/ha , ចុះពិនិតស្រែជាប្រចាំ , បន្ថយការប្រើប្រាស់ថ្នាំកសិកម្ម , កុំប្រើជី UREA ច្រើនពេក និងត្រូវប្រើប្រាស់ថ្មាំកំចាត់សត្វល្អិតចង្រៃផ្សំពីរុក្ខជាតិ ៕

