ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចែករំលែកទស្សនៈដ៏សំខាន់មួយ ដល់និស្សិត ដែលត្រូវចេញទៅសិក្សានៅ ប្រទេសជប៉ុន និងឆេក ថា “នៅក្នុងពិភពលោកនេះ យើងមិនអាចកាត់បន្ថយ គម្លាតទ្រពសម្បត្តិបាននោះទេ ប៉ុន្តែកត្តាមួយ ដែលយើងអាចកាត់បន្ថយគម្លាតបាន គឺកាត់បន្ថយគម្លាតខួរក្បាល ឬការចេះដឹងនេះឯង” ។
នេះជាការលើកឡើង របស់សម្តេចក្នុងឱកាសអនុញ្ញាត ឲ្យក្រុមនិស្សិតអាហារូបករណ៍ ទៅសាធារណរដ្ឋឆេក និងជប៉ុនចំនួន៤០នាក់ ចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃ១១ កក្កដា ។
នាឱកាសនោះសម្តេចបង្ហាញ ពីមោទកភាព ចំពោះមរតកដ៏ធំដែលសម្តេច បានខិតខំតស៊ូ និងលះបង់កម្លាំងកាយចិត្តអស់រយៈជាង៤៥ឆ្នាំ គិតតាំងពីការរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧មករា រួចបន្តខិតខំកសាង និងថែរក្សាសន្តិភាព និងការអភិវឌ្ឍ ជាពិសេស ការសម្រេចបាននូវការការអភិវឌ្ឍធនធានមនុស្ស ដែលជាការតាំងចិត្តរបស់សម្តេច ។
សម្ដេចតេជោ បានលើកឡើងថា ក្នុងដំណាក់កាលដែលសម្ដេច ជារដ្ឋមន្រ្តីក្រសួងការបរទេស និងនាយករដ្ឋមន្ត្រី ទាំងសកម្មភាព នៅក្នុងប្រទេស និង បំពេញទស្សនកិច្ច នៅក្រៅប្រទេស សម្តេចតែងតែស្វះស្វែង អំពាវនាវរកអាហារូបករណ៍ ដើម្បីផ្ដល់ឱកាសឲ្យនិស្សិតកម្ពុជា បានចេញទៅបន្តការ សិក្សានៅក្រៅប្រទេស ។
សម្ដេចតេជោចាត់ទុកថា បច្ចុប្បន្ននេះ ការចេញទៅសិក្សានៅបរទេស របស់យុវជន មានលទ្ធភាព និងស្ថានភាពល្អប្រសើរជាងជំនាន់មុន និងមានប្រព័ន្ធទំនាក់ទំនងទំនើប និងងាយស្រួលទាក់ទងមកផ្ទះ និងគ្រួសារ ដែលខុសប្លែកពីពេលមុនមានការលំបាក។ បន្ទាប់ពីសល់ពីការស្លាប់ ពីរបបប៉ុលពត និស្សិតតិចតួចដែលត្រូវបញ្ជូន ទៅសិក្សានៅក្រៅប្រទេស។
ជាមួយគ្នានេះ សម្តេចតេជោ បានផ្តល់អនុសាសន៍ទៅក្រុមនិស្សិតទាំងអស់ថា ត្រូវទៅទាញយកខួរក្បាលបច្ចេកវិទ្យា និងជំនាញផ្សេងៗពីបរទេស ដើម្បីអភិវឌ្ឍប្រទេស និង សូមកុំខ្លាចគេ កុំចាញ់ប្រៀបគេដោយសារគេ ជាប្រទេសអ្នកមាន ប៉ុន្តែ កុំច្រឡោមខាង និងមានមោទនភាពជ្រុល។ ត្រូវតែប្រឹងរៀន គោរពច្បាប់ (បទបញ្ជាផ្ទៃក្នុងសកលវិទ្យាល័យ) ត្រូវគោរពឲ្យល្អ និងសកម្មបន្ថែមទៀត ត្រូវគោរពប្រពៃណី និងទំនៀមទម្លាប់របស់ប្រទេសគេ ព្រមទាំង ត្រូវព្យាយាមប្រាស្រ័យទាក់ទង កសាងសាមគ្គីភាព មិត្តភាពជាមួយគ្រូ និងមិត្តភក្តបរទេស និងត្រូវមានសីលធម៌ល្អ មានវិន័យ និងការទទួលខុសត្រូវខ្ពស់ ព្រោះនិស្សិតគ្រប់រូបនឹងដើរតួជា “អ្នកការទូត” របស់កម្ពុជា ដូច្នេះ ត្រូវផ្សព្វផ្សាយ ពីទំនៀមទម្លាប់ វប្បធម៌ដ៏ល្អរបស់កម្ពុជា និងត្រូវខិតខំរៀនភាសា បរទេសឲ្យបានច្រើន កាន់តែល្អ ចាប់យកចំណេះវិជ្ជាផង និងភាសាផង ។
បន្ទាបពីទទួលអនុសាសន៍ពីសម្តេចហើយនិស្សិតជ័យលាភីទាំងអស់ បានធ្វើការប្តេជ្ញាចិត្តចិត្ត នឹងខិតខំរៀនសូត្រឲ្យបានជោគជ័យ ដើម្បីយកចំណេះដឹង និងជំនាញមកវិញ ធ្វើឲ្យគ្រួសារមានមោទកភាព ព្រមទាំងប្តេជ្ញាចូលរួមអភិវឌ្ឍន៍កម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលឲ្យកាន់តែរីកចម្រើន។ និស្សិតជ័យលាភីទាំងអស់ ក៏បានប្តេជ្ញាខិតខំផ្សព្វផ្សាយពីប្រពៃណី វប្បធម៌ អត្តសញ្ញាណជាតិកម្ពុជា និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ទៅដល់ប្រទេសជប៉ុន ឆេក និងជាមួយមិត្តភក្តបរទេស ដើម្បីបង្កើនកិត្យានុភាពកម្ពុជា៕