ភ្នំពេញ ៖ រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញនូវកម្មវិធី គោលនយោបាយអាទិភាពចំនួន៦ កាលពីថ្ងៃទី២៤ សីហា ២០២៣ ដោយកម្មវិធីគោលនយោបាយអាទិភាពទី៦ គឺរៀបចំអភិវឌ្ឍសហគមន៍ កសិកម្មទំនើប និងបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី២០ វិច្ឆិកា ២០២៣ ។

ការដាក់ចេញនូវគោលនយោបាយ សហគមន៍កសិកម្មទំនើបគឺ ដើម្បីបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពប្រជាជន តាមរយៈការដាក់ដីប្រើប្រាស់រួម ក្នុងសហគមន៍ និងកម្លាំងពលកម្ម ក្រោមការដឹកនាំ គ្រប់គ្រងបែងចែកកម្មវិធីដាំដុះ និងប្រមូលទិញដោយសហគមន៍ផ្ទាល់ ។
ចំពោះខ្លឹមសារ នៃសហគមន៍កសិកម្មទំនើប គឺសំដៅទៅលើការផ្លាស់ប្តូរផ្នត់គំនិត របស់កសិករពីទម្លាប់ នៃការធ្វើកសិកម្មបែបប្រពៃណីដាច់ដោយឡែកពីគ្នា មកចេះធ្វើផលិតកម្មរួមក្នុងសហគមន៍ និងមានមានផែនការផលិតកម្ម រួមច្បាស់លាស់ ជាពិសេសមានការគ្រប់គ្រង ស្តង់ដាបច្ចេកទេសត្រឹមត្រូវ ។
សហគមន៍កសិកម្មទំនើប មានការទិញធាតុចូល (ជី ថ្នាំ សម្ភារៈកសិកម្ម) សម្រាប់ប្រើប្រាស់រួម, មានការគ្រប់គ្រងនិងអភិវឌ្ឍន៍ទីផ្សាររួម, មានប្រព័ន្ធគ្រប់គ្រង និងថ្នាក់ដឹកនាំអាជីវកម្មប្រចាំថ្ងៃ ដែលមាន សមត្ថភាពនិងបទពិសោធច្បាស់លាស់ និងមានគោលការណ៍ បែងចែកភាគលាភ ដែលមានតម្លាភាពនិង គណនេយ្យភាព ដល់សមាជិកទាំងអស់ ។

ជាងនេះទៅទៀត លក្ខណៈពិសេស របស់សហគមន៍កសិកម្មទំនើប តម្រូវឱ្យកសិករជាសមាជិកត្រូវធ្វើផលិតកម្មកសិកម្មរួមគ្នា និងមានការគ្រប់គ្រងរួម ប្រកបដោយវិជ្ជាជីវៈខ្ពស់ ដើម្បីបង្កើនសមត្ថភាព ប្រកួតប្រជែងនៅលើទីផ្សារ ទាំងខាងផ្នែកបរិមាណ គុណភាព តម្លៃ និងនិរន្តរភាពនៃការផ្គត់ផ្គង់ ពោលគឺទិញរួម ផលិតរួម លក់រួម និងគ្រប់គ្រងរួម ដោយសហគមន៍មុននឹងបែងចែកប្រាក់ ចំណេញទៅតាមសមាមាត្រនៃភាគហ៊ុនរបស់សមាជិកម្នាក់ៗ។
ប្រជាកសិករទាំងអស់ ដែលមានចំណាប់អារម្មណ៍ អាចចូលរួមដោយស្ម័គ្រចិត្តជាមួយនឹង សហគមន៍កសិកម្មទំនើប តាមជម្រើសរបស់ខ្លួនដោយ ជម្រើសទី១ ៖ សហគមន៍កសិកម្មទំនើបជួលដីផលិតកម្ម ឬម៉ៅដំណាំ របស់កសិករជាសមាជិក ដើម្បីយកទៅធ្វើផលិតកម្មកសិកម្មរួមគ្នា។

កសិករ ជាសមាជិកទទួលបានចំណូល ពីថ្លៃឈ្នួលមូលដ្ឋាន នៃការជួលដីផលិតកម្មពីចម្ការដំណាំរបស់ខ្លួន, កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦, ភាគលាភបន្ថែម ពីប្រាក់ចំណេញរបស់សហគមន៍ ទៅតាមសមាមាត្រ នៃភាគហ៊ុនរបស់ខ្លួន ដែលត្រូវបានកំណត់ដោយទំហំដី ឬដំណាំក្នុងចម្ការ ដែលបានជួល ឬម៉ៅឱ្យសហគមន៍ និងប្រាក់កម្រៃបន្ថែម ពីថ្លៃឈ្នួលពលកម្មពីសហគមន៍ ។

ជម្រើសទី២៖ កសិករជាសមាជិកយកការ ប្រើប្រាស់ដីផលិតកម្ម ឬ ដំណាំរបស់ខ្លួនដាក់ចូលធ្វើជាភាគហ៊ុននៅក្នុងសហគមន៍កសិកម្មទំនើប ដើម្បីយកទៅ ធ្វើផលិតកម្មកសិកម្មរួមគ្នា ។ កសិករជាសមាជិកទទួលបានភាគលាភ ពីប្រាក់ចំណេញរបស់សហគមន៍ ទៅតាមសមាមាត្រ នៃភាគហ៊ុនរបស់ខ្លួន ដែលត្រូវបានកំណត់ ដោយទំហំដីឬដំណាំក្នុងចម្ការ ដែលបានដាក់ចូលជាភាគហ៊ុន, ប្រាក់កម្រៃបន្ថែមពីថ្លៃឈ្នួល ពលកម្មពីសហគមន៍កសិកម្មទំនើប ។

សមាជិកភាព និងការចូលរួមជាមួយ សហគមន៍កសិកម្មទំនើប ត្រូវធ្វើ ឡើងដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត និងបើកចំហដោយគ្មានការរើសអើង។ រាល់ការជួល ឬការដាក់ដីផលិតកម្ម ជាភាគហ៊ុននៅក្នុងសហគមន៍ នឹងមិនប៉ះពាល់ដល់កម្មសិទ្ធិលើដីធ្លី របស់កសិករជាសមាជិកឡើយ។ សមាជិកម្នាក់ៗ មានសិទ្ធិសុំលា ឈប់ពីសមាជិកភាព និងដកដីផលិតកម្ម ឬដំណាំរបស់ខ្លួនចេញពីសហគមន៍បាន ដោយត្រូវអនុលោមទៅ តាមលក្ខន្តិកៈនៃសហគមន៍ ។

ទាក់ទិនបញ្ហានេះ នៅក្នុងការជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា នៅខេត្តបាត់ដំបង នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង លោក ទិត ឌីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ការបង្កើតសហគមន៍ កសិកម្មទំនើប គឺចង់ជំរុញឱ្យសហគមន៍ កសិកម្មកាន់តែរីកចម្រើនប្រសើរជាងពេលបច្ចុប្បន្ន ជាពិសេសអាចជួយ ធ្វើឱ្យសេដ្ឋកិច្ចគ្រួសារ ប្រជាសហគមន៍មានភាពល្អប្រសើរ ។

បើតាមលោករដ្ឋមន្ត្រីរូបនេះ ការបង្កើតសហគមន៍កសិកម្មទំនើប គឺជាការបង្កលទ្ធភាព ជូនបងប្អូនប្រជាពលរដ្ឋ ដែលមិនមានផ្ទះសំណាញ់ សម្រាប់ធ្វើផលិតកម្ម មិនមាន លទ្ធភាពវិនិយោគ ទទួលបានឱកាសចូលជាសមាជិក និងទទួលបានការគាំទ្រ និងផលចំណេញទៅតាមទំហំដី កសិកម្មដែលបានដាក់ ចូលរួមក្នុងសហគមន៍ តែត្រូវមានភាពប្រាកដច្បាស់លាស់ ។

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រីបានសង្កត់ បញ្ជាក់អំពីគោលជំហរ ក្នុងការ រុញសហគមន៍កសិកម្មទំនើប កសិកម្មបែបសេដ្ឋកិច្ចនេះ ឱ្យទៅមុខ ហើយកសិករដទៃទៀតអាចពិនិត្យតាមដាន និងសម្រេចចិត្តពេលក្រោយ ។

ដោយឡែក លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម បានលើកទឹកចិត្តដល់ប្រជាសហគមន៍ ធ្វើកសិកម្មបែបទំនើបស្រប តាមបច្ចេកទេស ដើម្បីប្រកួតប្រជែងលើទីផ្សារនិងទទួលបានតម្លៃខ្ពស់។ ការធ្វើកសិកម្មបែបទំនើប ស្របតាមបច្ចេកទេសមានសារៈសំខាន់ ។ សហគមន៍កសិកម្មទំនើបតម្រូវឱ្យប្រជាកសិករចូលរួមផលិតរួមគ្នា គ្រប់គ្រងរួមគ្នា ដើម្បីងាយស្រួលផ្គត់ផ្គង់លើទីផ្សារ និងផ្តល់ផលចំណេញច្រើន។

យោងតាមគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០២៣ គឺធ្វើយ៉ាងណា “ប្រែក្លាយកសិកម្មកម្ពុជាទៅជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និរន្តរភាព បង្កើនប្រាក់ចំណូល ធានាបានសន្តិសុខស្បៀងអាហារូបត្ថម្ភ និងនវានុវត្តន៍” ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាពតាមអភិក្រម ព្រមទាំងលើកកម្ពស់ការធ្វើយន្តូបនីយកម្មកសិកម្ម ពិពិធភាវូបនីយកម្មកសិកម្ម និងកសិ-ពាណិជ្ជកម្ម ធ្វើយ៉ាងណាសម្រេចឱ្យបាននូវទស្សនវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០។

រាជរដ្ឋាភិបាលកម្ពុជា បានកំណត់នូវចក្ខុវិស័យវែងឆ្ងាយ ក្នុងការអភិវឌ្ឍប្រទេសគឺ ប្រែក្លាយ កម្ពុជាឱ្យទៅជាប្រទេស ដែលមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ដោយកសាងជាជំហានៗ នូវកម្ពុជាមួយដែលមានសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម មានការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងសមធម៌ មានប្រជាជនដែលមានចំណេះដឹងខ្ពស់ ហើយមានកម្រិតជីវភាពសមរម្យ និងមានការរស់នៅប្រកបដោយសុខដុមរមនា ។

ដើម្បីរួមចំណែកដល់ការ ធ្វើឱ្យសម្រេចបាននូវគោលនយោបាយ ក៏ដូចជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ការប្រែក្លាយវិស័យកសិកម្មកម្ពុជា ទៅជាកសិកម្មទំនើបដែលមាន លក្ខណៈប្រកួតប្រជែង មានបរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងមាននិរន្តរភាពដែលឆ្លើយតប នឹងតម្រូវការសុវត្ថិភាពស្បៀង និងអាហារូបត្ថម្ភដែលនាំដល់ការកើនឡើងប្រាក់ចំណូលគ្រួសារកសិករ ដើម្បីវិបុលភាពនិងសុខុមាលភាព របស់ប្រជាពលរដ្ឋកម្ពុជា គឺជាតម្រូវការចាំបាច់បំផុតមិនអាចខ្វះបាន នាពេលបច្ចុប្បន្ននិងអនាគត៕





