ភ្នំពេញ៖ កម្មវិធី «បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ » របស់រាជរដ្ឋាភិបាល ទទួលបានយុវជនចំនួនជាង ៤ ម៉ឺន ៥ ពាន់នាក់ ចុះឈ្មោះចូលរៀន នៅទូទាំងប្រទេស គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤។ នេះជាការបញ្ជាក់របស់ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។

លោករដ្ឋលេខាធិការ គូសបញ្ជាក់ថា ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៤ ពោល គឺមានរយៈពេលជាង៧ខែ នៃការដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ»ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នងនាមជាសេនាធិការបានដុតដៃដុតជើងផ្សព្វផ្សាយព័ត៌មាន និងចាត់ក្រុមការងារចុះតាមមូលដ្ឋានផ្ទាល់ធ្វើយ៉ាងណាកៀរគរយុវជនគោលដៅមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះឱ្យបានផុសផុល។

លោកបានបញ្ជាក់បន្ថែមថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយ អំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ទ្រង់ទ្រាយធំនៅក្នុងរាជធានី ខេត្ត យ៉ាងសស្រាក់សស្រាំ ក្នុងនោះដែរ ក្រុមការងារក្រសួង ក៏បានចុះយុទ្ធនាការផ្សព្វផ្សាយផ្ទាល់នៅតាម ឃុំ សង្កាត់ និងតាមខ្នងផ្ទះនៃគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យផងដែរ ។

លោក កត្តា អ៊ន បានបង្ហាញថា យុវជនអាចជ្រើសរើសជំនាញសិក្សាដែលខ្លួនពេញចិត្តបានក្នុងចំណោមជំនាញទាំង ៤៥ ក្នុងវិស័យ អាទិភាពសំខាន់ៗចំនួន១០ រួមមាន សំណង់, អគ្គិសនី និងថាមពល, អេឡិចត្រូនិក, បរិក្ខារត្រជាក់និងកម្ដៅ, កម្មន្តសាល, មេកានិកទូទៅ/មេកានិករថយន្ត, ទេសចរណ៍, សេវាកម្ម, កសិកម្ម និងកសិ-ឧស្សាហកម្ម, និង ធុរកិច្ចនិងព័ត៌មានវិទ្យា ។

លោកក៏បានគូសបញ្ជាក់ដែរថា ជោគជ័យនៃកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ គឺមិនមែនរាប់ត្រឹមពេល ដែលយុវជន ជាគោលដៅបានមកចុះឈ្មោះរៀន មិនត្រឹមតែវគ្គបណ្តុះបណ្តាលបានដំណើរការ ហើយក៏មិនត្រឹមតែពេលយុវជន បានបញ្ចប់ការបណ្តុះបណ្តាលនោះទេ ។ ជោគជ័យពិតប្រាកដ គឺត្រូវសម្រេចឱ្យបាននូវអភិក្រម ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី គឺត្រូវធ្វើយ៉ាងណាឱ្យយុវជន «រៀនឱ្យចប់ រៀនឱ្យចេះ និងឱ្យមានការងារធ្វើ» ។

លោក កត្តា អ៊ន ចាត់ទុកថា កម្មវិធីបណ្តុះបណ្តាលនេះ គឺប្រៀបដូចជាការបង្រៀនដល់យុវជនជាក្រុមគោលដៅឱ្យចេះស្ទូចត្រី ដែលរាជរដ្ឋាភិបាល កំពុងអនុវត្ត ឬនិយាយមួយបែបថាកំពុងផ្តល់ត្រីជូនយុវជនជាក្រុមគោលដៅ និងក្រុមគ្រួសារពួកគាត់។ បន្ថែមពីនេះ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ក៏ ជាមធ្យោបាយ ជួយឱ្យយុវជន អាចចាប់យកឱកាសការងារបានឆាប់រហ័ស និងជំរុញការចូលរួមចំណែក របស់យុវជនបានកាន់ តែទូលំទូលាយ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ព្រមទាំងជាស្ពានផ្តល់ឱកាសការសិក្សាពេញមួយជីវិត ដល់បងប្អូនកម្មករនិយោជិត តាមរយៈកម្មវិធីផ្លាស់ប្តូរជំនាញ បង្កើនជំនាញ និងបង្កើនផលិតភាពពេញមួយជីវិតទោះបីជាកំពុងមានការងារធ្វើក៏ដោយ។ ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាកម្មវិធីអាទិភាពមួយរបស់រាជរដ្ឋាភិបាល សំដៅអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ មានសមត្ថភាព មានគុណធម៌ សីលធម៌ ចរិយាមាយាទ មនសិការវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវលើការងារ មុខរបរ និងវិជ្ជាជីវៈរបស់ខ្លួនដែលអាចឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារការងារ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាបន្ន សមធម៌ និងភាពធន់នឹងវិបត្តិទាំងចំពោះមុខ និងទាំងអនាគត ។

លោកបានអំពាវនាវ ឱ្យអាណាព្យាបាល យុវជនទូទៅ យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលមិនទាន់បានចុះ ឈ្មោះចូលរៀន ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សូមរួសរាន់មកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសតាមរយៈ (១). ប្រព័ន្ធឌីជីថល ដោយខ្លួនឯង ឬដោយពឹងបុគ្គលណាមួយ លើកម្មវិធីទូរស័ព្ទដៃ (TVET 1.5M), ឬ (២). អាចទៅចុះឈ្មោះផ្ទាល់នៅតាមបណ្តាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ទូទាំងប្រទេស ឬទំនាក់ទំនង សួរនាំអាជ្ញាធរឃុំ សង្កាត់ដែលខ្លួនរស់នៅ ឬមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្ត ឬទូរសព្ទទៅ កាន់លេខ ១២៩៧ ឬ ១២៨៦។ ចំពោះសិស្សដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, មានអាយុចាប់ពី ១៥ឆ្នាំឡើង, និងមានបណ្ណសមធម៌ ឬបណ្ណសម្គាល់ គ្រួសារងាយរងហានិភ័យ នឹងទទួលបានការសិក្សាដោយមិនបង់ថ្លៃ, ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល, ទទួលបានការ ប្រឹក្សាយោបល់ ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ, ចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុន ឯកជន, ជំនាញមួយពិតប្រាកដដែលទីផ្សារការងារកំពុងត្រូវការ, និងឱកាសការងារធ្វើសមរម្យ និងប្រាក់ចំណូលទៀងទាត់ ៕












