ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំអភិបាលខេត្តត្បូងឃ្មុំ ទេីបចូលកាន់តំណែងថ្មីយកចិត្តទុកដាក់ ពង្រឹងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន ពិសេសធានាការពារបូរណភាពទឹកដី ទប់ស្កាត់ឱ្យបាន នូវការនាំចូលទំនិញគ្មានគុណភាព ដើម្បីសុខមាលភាពប្រជាជន ។
ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្រ្តី ស សុខា នាឱកាសអញ្ជើញប្រកាសចូលកាន់មុខតំណែង លោក ប៉ែន កុសល្យ ជាអភិបាលខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។
លោកឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា «អភិបាលខេត្តថ្មី យកចិត្តទុកដាក់ពង្រឹងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន ជាពិសេសធានាការពារ បូរណភាពទឹកដី ទប់ស្កាត់ឱ្យបាននូវការនាំ ចូលទំនិញគ្មានគុណភាព ដើម្បីការពារសុខុមាលភាពប្រជាជន ទប់ស្កាត់ និងបង្ក្រាបគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ បង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ និងក្រុមក្មេងទំនើង»។
លោកឧបនាយករដ្ឋមន្រ្តី ក៏បានទទូចឱ្យអភិបាលខេត្តថ្មី ខិតខំប្រើប្រាស់ឱ្យបានគ្រប់វិធីសាស្ត្រ ដើម្បីកៀរគរគម្រោងវិនិយោគតម្លៃ ៥លានដុល្លារចុះ ដែលរាជរដ្ឋាភិបាល ប្រគល់សិទ្ធិសម្រេច និងខិតខំរៀបចំកែច្នៃ បង្កើតកញ្ចប់ទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីទាក់ទាញទេសចរក្នុងស្រុក។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តី បានឱ្យដឹងទៀតថា រដ្ឋបាលខេត្ត ត្រូវធ្វើជាគម្រូក្នុងការបណ្ដុះ និងសាបព្រោះវប្បធម៌ស្អាតស្អំ តម្លាភាព និងគុណភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍នានា ចាប់ពីថ្នាក់ខេត្ត រហូតដល់ថ្នាក់ឃុំ សង្កាត់ ដូចជាការស្ថាបនាផ្លូវជាដើម៕