ព័ត៌មានជាតិ

ប្រធានរដ្ឋសភាកម្ពុជា ចូលក្រាបបង្គំ គាល់ព្រះមហាក្សត្រថៃ និងព្រះអង្គម្ចាស់ក្សត្រី

ភ្នំពេញ ៖ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅថៃ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអញ្ជើញចូលក្រាបបង្គំគាល់ ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន ព្រះវ៉ាជិរ៉ាក់ក្លៅចៅយូហួរ ព្រះមហាក្សត្រថៃ និងព្រះអង្គម្ចាស់ក្សត្រី សុធិតា ផាត់ឆៈរៈសុថាភិមុនឡាក់ នៅព្រះបរមរាជវាំង នៅទីក្រុងបាងកក កាលពីសៀលថ្ងៃ១១ កក្កដា។

ការចូលគាល់ព្រះមហាក្សត្រថៃនេះក៏មានការអមដំណើរដោយលោក វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ប្រធានសភាតំណាងរាស្រ្ត និងជាប្រធានរដ្ឋសភាថៃ និងលោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជានៅថៃផងដែរ។

សម្តេច ឃួន សុដារី បានលើកឡើង ពីទំនាក់ទំនងដ៏ជ្រាលជ្រៅនៃរាជវង្សានុវង្សប្រទេសទំាងពីរ ទំនាក់ទំនងស្អិតល្មួត រវាងរាជរដ្ឋាភិបាលនិងរាជរដ្ឋាភិបាល រដ្ឋសភានិងរដ្ឋសភា ជាពិសេសទំនាក់ទំនង រវាងប្រជាជននិងប្រជាជន ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការថែរក្សាពូនជ្រំ ពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគី នៃប្រទេសទាំងពីរ ឥតឈប់ឈរជារៀងរហូតមក ប្រកបដោយភាពធន់ និងស៊ីជម្រៅ។

ក្នុងឱកាសនោះ ប្រធានរដ្ឋសភាកម្ពុជា បានថ្វាយព្រះរាជបណ្តាំសាកសួរសុខទុក្ខពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងថ្វាយការសួរសុខ ទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សា ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងបានថ្លែងនូវ អំណរព្រះគុណ ដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះមហាក្សត្រថៃ ដែលនាពេលកន្លងមកបានប្រោស ព្រះរាជទានព្រះរាជទ្រព្យយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការរួមចំណែកកសាង សមិទ្ធផលនានា និងការអភិវឌ្ឍនៅកម្ពុជា។

ប្រធានរដ្ឋសភាក៏បានក្រាប បង្គំថ្លែងអំណរព្រះគុណព្រះករុណា ក្រោមម្លប់ដ៏ត្រជាក់ របស់ព្រះអង្គ ដល់ប្រជាពលករកម្ពុជា រាប់សិបម៉ឺននាក់ ដែលកំពុងរស់នៅ និងប្រកបការងារនៅថៃ បាននិងកំពុងទទួលការយក ចិត្តទុក្ខដាក់ថែទាំ និងរស់នៅពេញមុខពេញមាត់ ដូចប្រជាពលរដ្ឋថៃ ប្រកបដោយភាពសុខដុមរម្យនា។

ក្នុងឱកាសដ៏វិសេសវិសាលនោះ ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន ព្រះវ៉ាជិរ៉ាក់ក្លៅចៅយូហួរ ក៏បានកោតសរសើរនិង វាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏សំខាន់ នៃដំណើរទស្សនកិច្ចនេះ និងបានថ្វាយព្រះរាជបណ្តាំសួរសុខទុក្ខ និងជូនពរជ័យសព្វសាធុការថ្វាយ ដល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ប្រកបដោយកម្លាំងពលំ មាំមួន និងសុភមង្គលគ្រប់ទិនទិវាជានិរន្តរ៍ ៕

To Top