ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងថា ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ទូទាំងប្រទេស បានចាត់ការសំណុំរឿង ទាំងរឿងព្រហ្មទណ្ឌ រឿងរដ្ឋប្បវេណី និងរឿងក្តីដទៃទៀត ចំនួន ៧៨ ៣៦៥ ស្មើនឹង ៦៤% នៃសំណុំរឿងសរុប ចំនួន ១២១ ៥៥៣។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ នាថ្ងៃ១១ កក្កដា ស្ដីពី លទ្ធផលរយៈពេល៦ខែ នៃយុទ្ធនាការជំរុញ និងពន្លឿនរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ បានឲ្យដឹងថា ចាប់ពីថ្ងៃ ប្រកាសបើកយុទ្ធនាការ កាលពីថ្ងៃទី៩ មករា ដល់៩ កក្កដានេះ គឺមានរយៈពេល៦ខែគត់ ដែលក្រសួងយុត្តិធម៌បានប្រកាសដាក់ចេញនូវយុទ្ធនាការចំនួន២ ព្រមពេលជាមួយគ្នា ក្នុងក្របខណ្ឌនៃការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌កម្ពុជា សំដៅពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាព នៃយុត្តិធម៌ រួមមាន៖ យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
សម្រាប់រយៈពេល៦ខែនេះ អ្នកនាំពាក្យលើកឡើងពីសមិទ្ធផលថា «ក្នុងរយៈពេល ៦ខែ កន្លងទៅនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ទូទាំងប្រទេស បានចាត់ការសំណុំរឿង ទាំងរឿងព្រហ្មទណ្ឌ ទាំងរឿងរដ្ឋប្បវេណី និងរឿងក្តីដទៃទៀត បានចំនួន ៧៨ ៣៦៥ ស្មើនឹង ៦៤% នៃសំណុំរឿងសរុប ចំនួន ១២១ ៥៥៣ ក្នុងនោះ មានទាំងសំណុំរឿងដែលមាន មុនពេលប្រកាសបើកយុទ្ធនាការ ចំនួន ៥៧ ៦៨៩ និងសំណុំរឿងដែលចូលថ្មីរយៈពេល ៦ខែ ក្រោយពេល ប្រកាសបើកយុទ្ធនាការ ចំនួន ៦៣ ៨៦៤»៕