ព័ត៌មានជាតិ

កម្ពុជា-ហ្វីលីពីន គ្រោងរៀបចំប្រជុំ គណៈកម្មការចម្រុះ សម្រាប់កិច្ច ប្រតិបត្តិការទ្វេភាគី លើកកម្ពស់ទំនាក់ទំនង ឲ្យឡើងមួយកម្រិតទៀត

ភ្នំពេញ៖ កម្ពុជា-ហ្វីលីពីន គ្រោងរៀបចំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី នាខែសីហា នៅរដ្ឋធានីម៉ានីល ដើម្បីរួមគ្នារិះរកវិធីសាស្ត្រ លើកកម្ពស់ទំនាក់ទំនងជិតស្និទ្ធ រវាងប្រទេសទាំងពីរឲ្យឡើង មួយកម្រិតទៀត ដើម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមក ។

គម្រោងនេះ ត្រូវបានធ្វើឡើងរវាងលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសខ្មែរ និងលោកស្រី Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា កាលពីថ្ងៃ១០ កក្កដា ក្នុងជំនួបជាមួយគ្នា។

ក្នុងជំនួបនោះលោកឧបនាយករដ្ឋមន្ត្រី និងលោកស្រី ឯកអគ្គរដ្ឋទូត បានការពេញចិត្ត ចំពោះការរីកចម្រើនគួរ ឲ្យកត់សម្គាល់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យជាច្រើនដូចជា ៖ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការតភ្ជាប់ ការពារជាតិ និងសន្តិសុខ។

លោកឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវសេចក្តីសោមនស្ស សម្រាប់ការអញ្ជើញបំពេញ ទស្សនកិច្ចផ្លូវការ លើកដំបូងរបស់លោក ទៅកាន់សាធារណរដ្ឋហ្វីលីពីន និងធ្វើជាសហប្រធានកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការចម្រុះ សម្រាប់ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងហ្វីលីពីន ដែលនឹងប្រព្រឹត្តទៅ នាខែសីហា នៅរដ្ឋធានីម៉ានីល ដើម្បីរួមគ្នារិះរកវិធីសាស្ត្រលើកកម្ពស់ ទំនាក់ទំនងជិតស្និទ្ធ រវាងប្រទេសទាំងពីរឲ្យឡើងមួយកម្រិតទៀត ដើម្បីផ្តល់ផលប្រយោជន៍ ទៅវិញទៅមក ។

ជាមួយគ្នានោះដែរ លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រីឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ពីជំហរក្នុងការគាំទ្រគ្នាទៅវិញទៅមក ក្នុងវេទិកាតំបន់-អន្តរជាតិ ផងដែរ ៕

To Top