DAP News

ព័ត៌មានជាតិ

ក្រុមអ្នកជំនាញ ៖ ការនាំចេញ គ្រាប់ស្វាយចន្ទី កំពុងមានសន្ទុះខ្លាំង

ភ្នំពេញ ៖ ក្រុមអ្នកជំនាញខាងផ្នែកកសិកម្ម បានអះអាងដូចគ្នាថា ការនាំចេញគ្រាប់ស្វាយចន្ទីស្រស់ទៅកាន់បរទេសកំពុងមានសន្ទុះយ៉ាងខ្លាំង ដោយត្រឹមតែរយៈពេល ៦ខែឆ្នាំ២០២៤ប៉ុណ្ណោះ ការនាំចេញមានទំហំទឹកប្រាក់ប្រមាណជា១ពាន់លានដុល្លារ ក្នុងចំណោមផលិតផល កសិកផលរបស់កម្ពុជា នាំចេញប្រមាណជា៥៧% ។

គិតត្រឹម៦ខែដំបូងនៃឆ្នាំ២០២៤ បរិមាណនាំចេញកសិផលពីកម្ពុជា កើនឡើង៥៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ភាគច្រើន ដោយសារកំណើន នៃការនាំចេញដំឡូងមី គ្រាប់ស្វាយចន្ទី និងស្រូវ ។ នេះបើតាមលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ។

លោក ឃឹម ហ្វីណង់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនាថ្ងៃ១១ កក្កដាថា ក្នុងទំហំនៃការនាំចេញ ដែលគិតជាទឹកប្រាក់មានប្រមាណ ១ពាន់លានដុល្លារនេះ បានបង្ហាញពីសក្តានុពលយ៉ាង សម្បើមរបស់គ្រាប់ស្វាយចន្ទីកម្ពុជា។

ដោយលោកគូសបញ្ជាក់ថា “អ្វីដែលយើងគួរកត់សំគាល់ដែរនោះ គឺការនាំចេញនូវដំណាំស្វាយចន្ទី ជាគ្រាប់ឆៅដែលរហូតមកទល់ពេលនេះ ការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារបរទេសមានទំហំ រហូតទៅដល់ប្រហែលជា១ពាន់លានដុល្លារ ស្មើនឹងប្រមាណ១ភាគ៣ នៃទំហំនាំចេញសរុបរបស់កម្ពុជា ។ ហើយនេះ យើងគិតត្រឹមតែ៦ខែ ហើយនេះយើងគិតតែការនាំចេញឆៅប៉ុណ្ណោះ ដែលបានបង្ហាញពីសក្តានុពលដ៏ធំ ប្រសិនបើគ្រាប់ស្វាយចន្ទី នេះត្រូវបានកែច្នៃមុននឹងការនាំចេញ” ។

សម្រាប់លោក ស៊ុយ កុកធាន អនុប្រធានសមាគមគ្រាប់ស្វាយចន្ទី បានទទួលស្គាល់ពីទិន្នផលគ្រាប់ស្វាយចន្ទី សម្រាប់ឆ្នាំ២០២៤នេះ កើនឡើងទិន្នផល ទាំងតម្លៃ និងគុណភាពល្អ ខណៈនៅអាហ្វ្រិក គុណភាពបានធ្លាក់ចុះយ៉ាងខ្លាំង ។

លោកថា “មូលហេតុនៃតម្លៃល្អនេះ ដោយសារអាហ្វ្រិកវាធ្លាក់ទិន្នផល រួចហើយនៅកូឌ័រវ័ល (ប្រទេសKodovol) ដែលជាប្រទេសនាំចេញទី១ហ្នឹងបិទ-បើកៗ ហើយឥឡូវបិទទៀតហើយ ។ ដល់ពេលបិទទៀតទៅ ឥឡូវតម្លៃស្វាយចន្ទីស្ងួតរបស់យើងឡើងខ្លាំងទៀតហើយ ហើយឈ្មួញពីវៀតណាមមកទិញច្រើនមែនទែន”។

លោកក៏បានបង្ហាញ ពីការរំពឹង ទុកជាមុនថា ក្នុងចន្លោះពី៣ទៅ៥ឆ្នាំទៀត គ្រាប់ស្វាយចន្ទីកម្ពុជា នឹងមានទំហំនាំចេញកើនឡើង ដល់ជាង១លានតោនដូចនៅឆ្នាំ២០២១ដែរ ខណៈការនាំចេញបច្ចុប្បន្នមានប្រមាណជា៨០ម៉ឺនតោនដែលនេះបង្ហាញការនាំចេញរយៈពេល៦ខែឆ្នាំនេះ ច្រើនជាង៦ខែឆ្នាំមុន ។

ចំពោះការដាំដុះវិញលោកក៏បានអះអាងទៀតថា មានការឡើងផងដែរ នៅក្នុងរយៈពេល២ឆ្នាំមកនេះ ដោយសុទ្ធសឹងរកតែកូនដាំពុំបាន ក្នុងគ្រាដាំតែ២ទៅ៣ឆ្នាំ ប៉ុណ្ណោះនឹងទទួលបានផល ។ ដូចចំណុចលោករៀបរាប់នេះ លោកក៏ប្រមើលមើលថា ខ្ទង់៣-៥ឆ្នាំទៀត គ្រាប់ស្វាយចន្ទីរនឹងឡើង ដល់កម្រិតលេខ១ ក្នុងការនាំចេញ មិនចាញ់ កូឌ័រវ័លឡើយ។

លោកស៊ុយ កុកធានឲ្យដឹងទៀតថា សម្រាប់ឆ្នាំនេះ ការនាំចេញគ្រាប់ស្វាយចន្ទី មានសន្ទុះជាឱកាសសម្រាប់កម្ពុជា ដោយប្រទេសដែលជាគោលដៅ សម្រាប់ដំណាំគ្រាប់ស្វាយចន្ទីនាំចេញដូចជា កូឌ័រវ័ល អាហ្វ្រិក ឥណ្ឌូនេស៊ី និងឥណ្ឌាបាន និងកំពុងជួបបញ្ហាប្រឈម លើការប្រែប្រួលអាកាស ចំពោះដំណាំប្រភេទនេះ ។

បើតាមលោក ស៊ុយ កុកធាន ដដែល តម្លៃគ្រាប់ស្វាយចន្ទី គ្រាមមានតម្លៃពី៧២០០ទៅ៧៧០០រៀល ក្នុងមួយគីឡូក្រាម ដែលមានការសម្រុកទិញពីឈ្មួញ ។

ដោយឡែកកសិករដាំស្វាយចន្ទី ឈ្មោះ ទ្រី គឹមស្រេង ក៏បានបង្ហាញអារម្មណ៍ក្រោយទទួលដំណឹង ពីសមាគមថា តម្លៃគ្រាប់ស្វាយចន្ទីមានតម្លៃខ្ពស់ ក្រោយប្រទេសផលិតដូចជា កូឌ័រវ័លធំជាងគេ ជួបបញ្ហាប្រឈមមិនអាចនាំ ចេញជាឱកាសល្អសម្រាប់កម្ពុជា ។

លោកថា “ដូច្នេះហើយធ្វើឲ្យប្រទេសកែច្នៃគ្រាប់ស្វាយចន្ទី ដ៏ធំលើពិភពលោក គឺប្រទេសវៀតណាមហ្នឹង មានការខ្វះខាត់ទៅលើវត្ថុធាតុដើម គឺគ្រាប់ស្វាយចន្ទីនេះឯង ។ អីចឹងហើយបានជាតម្លៃ មានការកើនឡើង ដោយសារតែវៀតណាមខ្វះ ។ អីចឹងគាត់ត្រូវតែបង្ខំចិត្តចូល មកស្វែងរកទិញគ្រាប់ស្វាយចន្ទី ឆៅពីកម្ពុជាយើង អីចឹងហើយតម្លៃស្វាយចន្ទីយើងក៏មានតម្លៃថ្លៃល្អប្រសើរសម្រាប់ហ្នឹង” ។

ទោះបីជាមានតម្លៃថ្លៃ លើគ្រាប់ស្វាយចន្ទីយ៉ាងណាក៏ដោយ ក៏លោកទ្រី គឹមស្រេង មិនបង្កើនទំហំដីលើការដាំដុះទៀតនោះទេ តែលោកនឹងពង្រឹង លើបច្ចេកទេសលើការ ដាំដុះវិញដើម្បីបង្កើនទិន្នផល។

សូមបញ្ជាក់ថា ដំណាំស្វាយចន្ទី ជាដំណាំកសិឧស្សាហកម្ម និងជាដំណាំអាទិភាពមួយក្នុងចំណោមដំណាំអាទិភាពទាំង១២មុខ ដែលរាជរដ្ឋាភិបាល បាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើការបង្កើនផលិតភាព និងការប្រកួតប្រជែងតាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ចក្នុងសកម្មភាពដែលមានតម្លៃខ្ពស់។ ក្នុងនោះរាជរដ្ឋាភិបាល បានកំណត់គោលដៅថា នឹងធ្វើឲ្យកម្ពុជាក្លាយជាអធិរាជនៃការនាំចេញស្វាយចន្ទីរទាំងស្រស់ និងគ្រាមដើម្បីសម្រេច មហិច្ចតាប្រកួតប្រជែងទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក ៕

To Top