ភ្នំពេញ៖ អ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា គិតត្រឹមខែកក្កដាឆ្នាំ២០២៤នេះ មានកម្មករនិយោគជិត ជាង៩សែននាក់ កំពុងទទួលបានទីផ្សារការងារ ក្នុងវិស័យវាយភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ដែលភាគច្រើននៅក្នុងរោងចក្រសហគ្រាសចិន។
ប្រាប់អ្នកសារព័ត៌មានវិទ្យុមិត្តភាពកម្ពុជា ចិន នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា រោងចក្រសហគ្រាសជាច្រើន នៅកម្ពុជាមានថៅកែ ឬអ្នកនិយោគមកពីប្រទសចិន ជាពិសេសលើ វិស័យវាយភណ្ឌ កាត់ដេរ និងផលិតស្បែកជើងតែម្តង ។
លោកអ្នកនាំពាក្យ បានរំលេចដែរថា ក្នុងចំណោមប្រទេសដៃ គូវិនិយោគធំៗរបស់កម្ពុជា ប្រទេសចិនបានឈរលេខរៀងទី១ ។
លោកថ្លែងថា ៖ «ប្រទេសចិន និងកម្ពុជា គឺជាមិត្ត គ្រប់ជ្រុងជ្រោយ ដោយចិនបានជួយកម្ពុជាជាច្រើនលើវិស័យអប់រំ អភិវឌ្ឍន៍សេដ្ឋកិច្ច ជាក់ស្តែងយើងឃើញថា រោងចក្រសហគ្រាស ជាច្រើននៅប្រទេសកម្ពុជាជាអ្នកវិនិយោគមកពីប្រទេសចិន ជាពិសេសលើស័យវាយភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនេះឯង ។»
ជាមួយគ្នានេះដែរលោក សួង ហួត ប្រធានប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ហៅកាត់ថា NACC បានជឿជាក់ថា វិនិយោទុនចិនកាន់តែច្រើន នឹងមកបង្កើតរោងចក្រសហគ្រាស នៅកម្ពុជាដើម្បីបង្កើតការងារ ជូនប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើន៖ «ខ្ញុំក៏សង្ឃឹមថា ឯកឧត្តមវ៉ាង វិនពីនឯកអគ្គរដ្ឋទូតចិនថ្មី និង ជួយជំរុញ កៀរគរអ្នកវិនិយោគចិនឱ្យមកវិនិយោគ នៅកម្ពុជាបន្ថែមទៀត។ បន្ថែមពីនេះទៀត ខ្ញុំក៏សង្ឃឹមថាទំនាក់ទំនង រវាងសហជីព និងសហជីពប្រទេសទាំងពីរកាន់តែប្រសើរឡើង ។»
បើតាមការបញ្ជាក់ពីអ្នកនាំពាក្យ ក្រសួងការងារ៖ ប្រទេសចិន ក៏បានជួយកម្ពុជាលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជាទៅសិក្សា និង ធ្វើកម្មសិក្សា នៅប្រទសចិន ការបណ្តុះបណ្តាល ជំនាញបច្ចេកទេស នៅតាមវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ មួយចំនួនទៀត ដែលស្ថិតនៅក្រោមក្រសួង ការងារផងដែរ៕