ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋ ប្រជានេសាទ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកប្រកបអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរ ទៅតាមបណ្ដាកោះ ឱ្យផ្អាកចរាចរណ៍ ជាបណ្តោះអាសន្ន ដោយសារកត្តាអាកាសធាតុ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា “មានសម្ពាធទាប គ្របដណ្តប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្ដាលនៃទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង – ស្ថានភាពបែបនេះ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងនៅលើសមុទ្រ នឹងមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ រលក សមុទ្រកម្ពស់ពី ០,៥០ម៉ែត្រ ទៅ ១,៥០ម៉ែត្រ ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។
តាមរយៈសេចក្ដីជូនដំណឺងរបស់រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថាក្នុងន័យនេះ ដើម្បីធានានូវសុវត្ថិភាពខ្ពស់ពីគ្រោះថ្នាក់ និងហានិភ័យនានា ដែលអាចបង្កឡើងដោយ កត្តាគ្រោះធម្មជាតិខាងលើ រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់សាធារណជន បងប្អូនប្រជាពលរដ្ឋ ប្រជានេសាទ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកប្រកបអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរ ទៅតាមបណ្តាកោះ ដូចខាងក្រោម៖
+ត្រូវផ្អាកជាបណ្តោះអាសន្ន ក្នុងការចេញនេសាទនៅលើផ្ទៃសមុទ្រ និងការដឹកជញ្ជូនភ្ញៀវទេសចរ ទៅតាមបណ្តាកោះនានា ដោយត្រូវរង់ចាំអាកាសធាតុ បានធូរស្រាល ទើបអនុញ្ញាតឱ្យចេញនេសាទ និងមានការដឹកជញ្ជូនភ្ញៀវទេសចរ ជាធម្មតាឡើងវិញ។
+ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងប្រុងប្រយ័ត្នក្នុងការលេងទឹកកំសាន្ត តាមឆ្នេរសមុទ្រដែល មានរលកខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន បងប្អូនប្រជាពលរដ្ឋ ប្រជានេសាទ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកប្រកបអាជីវកម្មដឹកជញ្ជូន ភ្ញៀវទេសចរទៅតាមបណ្តាកោះ ជ្រាបជាព័ត៌មាន និង យកចិត្តទុកដាក់អនុវត្ត តាមខ្លឹមសារខាងលើ ឱ្យមានប្រសិទ្ធភាព។
ទទួលបានសេចក្តីជូនដំណឹងនេះ កងកម្លាំងមានសមត្ថកិច្ច ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរ មូលដ្ឋាន ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានទូលំទូលាយ ព្រមទាំងត្រូវត្រៀមមធ្យោបាយ សម្ភារ និងកម្លាំងដើម្បីចេញអន្តរាគមន៍បានទាន់ពេលវេលា៕