ព័ត៌មានជាតិ

ព្រះរាជតំណាង ព្រះមហាក្សត្រ​ ៖ យើងនាំគ្នាដាំដើមឈើឡើងវិញ ដើម្បីទុកជាឧត្តមប្រយោជន៍ ជនរួមជាតិ នៃយើងយូរអង្វែង

កំពង់ស្ពឺ ៖ សម្តេចក្រុមព្រះ នរោត្តម ចក្រពង្ស ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកឧត្តមក្រុមប្រឹក្សាធម្មនុញ្ញ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  បានយាងដាំកូនឈើប្រណិតចំនួន ២,០០០ដើម និងផ្កា ចំនួន២៥០ដើម នៅមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា ឧទ្យានជាតិព្រះសុរាម្រិតកុសមៈគិរីរម្យ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ។

សម្តេចក្រុមព្រះនរោត្តម ចក្រពង្ស ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាសមាជិកឧត្តម ក្រុមប្រឹក្សាធម្មនុញ្ញ បានមានព្រះរាជបន្ទូលថា ការដាំដើមឈើនាថ្ងៃនេះ គឺក្នុងន័យអបអរសាទរ ព្រះរាជពិធីរុក្ខទិវា ៩កក្កដា ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើឡើងនៅខេត្តតាកែវ ក្រោមព្រះរាជវត្តមាន ព្រះមហាក្សត្រនៃកម្ពុជា ។

សម្តេចបានមានព្រះរាជបន្ទូលថា យើងនាំគ្នាដាំដើមឈើឡើងវិញ ដើម្បីទុកជាឧត្តមប្រយោជន៍ សម្រាប់ជនរួមជាតិ នៃយើងយូរអង្វែង ហើយជាងនេះព្រៃឈើ និងផ្តល់ជាផ្លែផ្កា ដ៏ល្អផូរផង់ ក្នុងន័យផ្សារភ្ជាប់គ្នា រវាងពលរដ្ឋទៅនឹងបរិស្ថាន ទៅវិស័យពុទ្ធសាសនា ដែលជាសាសនា ដ៏ឧតុង្គឧត្តម របស់ប្រជាជាតិយើងទាំងមូល ។

ក្នុងព្រះរាជពិធីដាំកូនឈើនោះដែរ អ្នកឧកញ៉ា មហាសទ្ធាបុញ្ញាតិរ័ត្នសិរីសីលាភិរ័តព្រឹទ្ធាចរិយានី អគ្គមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ប្រធានមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា បានលើកឡើងថា មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានប្រារព្ធ “រុក្ខទិវា” ក្នុងន័យកាត់បន្ថយជាតិពុល ក្នុងបរិយាកាស កាត់បន្ថយការប្រើប្រាស់ថាមពល និងតម្រូវការម៉ាស៊ីនត្រជាក់ បន្ថយសីតុណ្ហភាព ជួយកាត់បន្ថយការហូរច្រោះ កាត់បន្ថយការបំពុល បរិស្ថានកម្រិតអូហ្សូន និងផ្សែងអ័ព្ទ ធ្វើឱ្យបរិស្ថាន និង សុខភាពសាធារណៈមានភាពប្រសើរឡើង ដែលមិនអាចបង្កគ្រោះ ថ្នាក់ធ្ងន់ធ្ងរផ្សេងៗជាយថាហេតុ ។

អ្នកឧកញ៉ា បន្ថែមថា ចាប់ពីពេលនេះតទៅ ឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ (គិរីរម្យ) មិនត្រឹមតែជារមណីយដ្ឋាន ទេសចរណ៍ធម្មជាតិ ដែលគួរឱ្យទាក់ទាញប៉ុណ្ណោះទេ ក្នុងនោះក៏មានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា កម្ពុជាដ៏ធំមួយទៀត ជាបូជនីយដ្ឋានសម្រាប់គោរពបូជា នៅពេលដែលបានសាងសង់រួចរាល់ជាស្ថាពរ ដូចជាមានវត្តអារាមសម្រាប់ព្រះសង្ឃគង់នៅ មានព្រះធម៌វិន័យជាម្លប់ដល់មនុស្សគ្រប់វ័យ ដែលមកបំពេញ បុណ្យកុសល និងបានសិក្សាប្រតិបត្តិ តាមពាក្យទូន្មានព្រះពុទ្ធបរមគ្រូ តាមគម្ពីរព្រះត្រៃបិដកដែលចារទុក ក្នុងមហាប្រាសាទជាភស្តុតាងស្រាប់ កំពុងមានការគាំទ្រគ្រប់មជ្ឈដ្ឋានទាំងអស់ ។ ដូច្នេះទាំងភ្ញៀវទេសចរណ៍ ជាតិ-អន្តរជាតិ មិនត្រឹមតែបានមកទស្សនានូវទេសភាពធម្មជាតិប៉ុណ្ណោះទេ ពួកគេអាចចូលមកប្រតិបត្តិអប់រំចិត្ត ក៏ដូចជាគោរពបូជា មហាប្រាសាទព្រះធម្មចេតិយ ព្រះចូឡាមណីចេតិយ ពុទ្ធស្ថានទាំង ៤កន្លែង រួមទាំងបូជណីយដ្ឋាននានា ដូចជាសមថវិបស្សនាជាដើមផងដែរ ។ ជាងនេះទៅទៀតវិស័យទេសចរណ៍នៅកម្ពុជា ដែលជា”ទេសចរណ៍វប្បធម៌ និងធម្មជាតិ”ត្រូវបានផ្សារភ្ជាប់ ជាមួយព្រះពុទ្ធសាសនាដែលប្រជាជនកម្ពុជាគោរពបូជាយូរណាស់មកហើយ រាជរដ្ឋាភិបាលបានចាត់ទុកជាវិស័យ អាទិភាពមួយនេះដើរតួជា”មាសបៃតង” រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការពារបរិស្ថាន ព្រមទាំងជារមណីយដ្ឋានទេសចរណ៍ វប្បធម៌ មានតំលៃជាប្រវត្តិសាស្ត្រ ទុកជាមរតកដល់កូនចៅជំនាន់ក្រោយ ៕
ដោយ៖សុខសុភ័ណ្ឌ

To Top