ភ្នំពេញ៖ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ថ្លែងថា កម្មករនិយោជិតក្នុងវិស័យកាត់ដេរ លែងមានការព្រួយបារម្ភ នៅពេលមានគ្រោះថ្នាក់ ឬការឈឺថ្កាត់បន្ទាន់ផ្សេងៗទៀតហើយ ខណៈការចំណាយសម្រាប់អ្នក នៅក្នុងបន្ទុករបស់ពួកគាត់ ក៏ត្រូវបានដោះស្រាយ តាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។
លោកនិយាយថា៖ «ពេលដែលគាត់មានកូនឈឺ ត្រូវបញ្ចូនទៅមន្ទីរពេទ្យ គាត់មានការបារម្ភខ្លាំងណាស់ពីថវិកាបង់ថ្លៃព្យាបាល ពេលខ្លះគាត់ទៅខ្ចីមិត្តភក្តិ ឬបងប្អូន ឬលក់របស់ទ្រព្យ ធ្វើយ៉ាងណាបានបញ្ជូនក្រុមគ្រួសារ ក្នុងបន្ទុករបស់គាត់ ជាកូនជាឪពុកម្តាយ ក្នុងបន្ទុកទៅមន្ទីរពេទ្យ តែនៅពេលមាន បសស គាត់បានទទួលការព្យាបាលជំងឺដោយឥតគិតថ្លៃ ព្យាបាលជំងឺដល់ជាសះស្បើយ ព្រមទាំងទទួលបានការឧបត្ថម្ភបន្ថែមទៀតផង» ។
លោកបន្ថែមថា បេឡាជាតិសន្តិសុខសង្គម បានជួយសម្រាលទុក្ខលំបាកកម្មករ ជាពិសេសចំពោះកម្មការិនីមានផ្ទៃពោះផងដែរ។ក្នុងនោះ មានការពិនិត្យផ្ទៃពោះ បានទៀងទាត់ទទួលបានប្រាក់ឧបត្ថម្ភ បន្ថែម ក្នុង១លើក៨ម៉ឺនរៀល ចំណែកការសម្រាលកូន គឺជាបន្ទុកចំណាយរបស់ ប.ស.ស. ទាំងស្រុង ព្រមទាំងទទួលបានប្រាក់ឈ្នួល ១២០ ភាគរយបន្ថែមទៀតផង។ បន្ថែមលើនេះ នៅក្រោយពេលសម្រាលកូនរួច កម្មការិនីក៏អាចទៅពិនិត្យសុខភាពខ្លួនឯង និងកូន ស្របតាមគោលការណ៍របស់ ប.ស.ស. បន្ថែមទៀត។
លោក សំ សឿន បញ្ជាក់បន្ថែមថា មិនតែប៉ុណ្ណោះ គ្រោះថ្នាក់ការងារដែលកម្មករនិយោជិតជួបប្រទះ គឺ ប.ស.ស. ជាអ្នកទទួលខុសត្រូវ ដែលគ្រោះថ្នាក់ការងារនោះទៀតសោត មិនត្រឹមតែការសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យប៉ុណ្ណោះទេ ទោះបីគ្រោះថ្នាក់ការងារដែលបណ្តាលឱ្យ បាត់បង់សមត្ថភាពការងារ មានពិការភាពអចិន្ត្រៃយ៍ ឬស្លាប់បាត់បង់ជីវិត ក៏ ប.ស.ស. ជាអ្នកទទួលបន្ទុកក្នុងការរ៉ាប់រងដែរ។
ប្រធានសហភាពពលកម្មជាតិកម្ពុជា លើកឡើងថា ដើម្បីឱ្យអ្នកនៅក្នុងបន្ទុក កម្មករនិយោជិត ទទួលបានអត្ថប្រយោជន៍ ពី ប.ស.ស. បងប្អូនកម្មករនិយោជិតត្រូវនាំអ្នក នៅក្នុងបន្ទុករបស់ខ្លួន ដែលមានប្តី ឬប្រពន្ធ ឬកូន ទៅចុះឈ្មោះ ប.ស.ស. ឱ្យបានគ្រប់គ្នាតាមរបបភាគទាន ដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុក សមាជិក ប.ស.ស.៕