ព័ត៌មានជាតិ

កម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីឧត្តមប្រយោជន៍ សម្រាប់ប្រជាជននិងប្រទេសទាំងពីរ

រូបភាព៖ ផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ៖ ក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក តូ ឡឹម (TO Lam) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០៤នេះ ថ្នាក់ដឹកនាំទាំងពីរ បានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីឧត្តមប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋ បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់លោក ផាម មិញជិញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ និងលោក​ ង្វៀង​ ហ៊្វូចុង​ អគ្គលេខាធិការ​ នៃគណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនីស្តវៀតណាម​ ជូនចំពោះសម្តេចធិបតីផងដែរ។ ជាមួយគ្នានេះ លោកប្រធានរដ្ឋ ក៏បានអបអរសាទរចំពោះកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់ ក្រោមម្លប់ដ៏ត្រជាក់របស់អង្គព្រះមហាក្សត្រ និងក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយសង្ឃឹមថាប្រទេសកម្ពុជា នឹងមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីឈានដល់ការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

បន្ថែមលើនេះ លោកប្រធានរដ្ឋ ក៏បានបញ្ជាក់ជូនសម្តេចធិបតី ថាវៀតណាម និងកម្ពុជានឹងបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទៅមុខ ឱ្យបានកាន់តែរឹងមាំបន្ថែមទៀត ដោយឈរលើស្មារតីភាពជាអ្នកជិតខាងល្អ និងវប្បធម៌ប្រហាក់ប្រហែលគ្នា ព្រមទាំងប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងវៀតណាម-កម្ពុជា ដើម្បីឧត្តមប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្ដេចធិបតី បានបញ្ជាក់ថា ក្នុងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក្នុងកំឡុងពេល ៥៧ ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរបានបន្តនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដែលមានការរីកចម្រើនលើគ្រប់វិស័យ។ ហើយសម្តេចនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម។

ជាមួយគ្នានេះ សម្តេចធិបតី និងលោកប្រធានរដ្ឋវៀតណាម បានពិភាក្សាលើចំណុចសំខាន់ៗ ដែលរួមមាន៖ (១) កិច្ចសហប្រតិបត្តិការការទូតនិងនយោបាយ ដោយភាគីទាំងពីរនឹងបង្កើននូវការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងគ្នា​ កម្រិតជាន់ខ្ពស់បន្ថែមទៀត (២) កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងថាមពល តាមរយៈការពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីជំរុញទំហំពាណិជ្ជកម្ម​ នៃប្រទេសទាំងពីរឱ្យអស់សក្តានុពល និងខិតខំជំរុញបន្ថែមទៀត នូវសកម្មភាពសេដ្ឋកិច្ច ក្នុងក្របខ័ណ្ឌរដ្ឋាភិបាល និងវិស័យឯកជន (៣) កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ដោយបន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីរួមចំណែករក្សាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ព្រមទាំងកិច្ចសហការ និងការចែករំលែកព័ត៌មានគ្នា ក្នុងការទប់ស្កាត់បទល្មើសតាមព្រំដែន ដូចជាការជួញដូរមនុស្ស គ្រឿងញៀន និងការឆបោកតាមប្រព័ន្ធអនឡាញ (៤) ការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងការតភ្ជាប់ ដោយផ្តោតលើការបន្តផ្តល់អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលដល់សិក្ខាកាមជានិស្សិត និងមន្ត្រីរាជការ ការជំរុញវិស័យទេសចរណ៍ និងការពង្រីកជើងហោះហើរផ្ទាល់ ក៏ដូចជាការតភ្ជាប់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត និង ហូជីមិញ-ម៉ុកបៃ) និង (៥) កិច្ចការព្រំដែន ដោយភាគីទាំងពីរនៅតែចាត់ទុកការបោះបង្គោលព្រំដែនគោក ជាកិច្ចការអាទិភាព និងបន្តពិភាក្សាដើម្បីឈានទៅសម្រេចបាន នូវការបោះបង្គោលព្រំដែនគោក ដែលនៅសេសសល់១៦% តាមរយៈការធ្វើការរួមគ្នា ដោះស្រាយលើតំបន់ព្រំដែនគោក ៦%ជាមុន និង១០% បន្តបន្ទាប់ទៀត៕

To Top