ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនាក់ទំនងដ៏ល្អរវាងកងកម្លាំងអនុវត្តច្បាប់ នៃប្រទេសទាំងពីរ ដែលតែងផ្តល់កិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមក ពិសេសការផ្លាស់ប្តូរព័ត៌មានអំពីសភាពការណ៍សន្តិសុខ និងដោះស្រាយបញ្ហាផ្សេងៗ ដែលកើតមានឡើងនៅតាមព្រំដែន ដើម្បីរួមចំណែកដល់ការរក្សាសន្តិសុខ ស្ថិរភាព និងសុវត្ថិភាពសង្គម គាំទ្រ និងបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច នៃប្រទេសទាំងពីរ។
នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាទ្វេភាគីរវា ងលោកឧបនាយករដ្ឋមន្រ្តី ស សុខា និងឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។
ជាមួយគ្នានោះដែរ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានសម្ដែងនូវការអបអរសាទរចំពោះ ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង ដែលត្រូវបានតែងតាំងជា រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ដោយបានចាត់ទុកថាជា ការឆ្លុះបញ្ចាំងនូវជំនឿទុកចិត្តរបស់ប្រជាជន បក្ស និងរដ្ឋាភិបាល ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឧត្តមសេនីយ៍ឯកបម្រុង ក្នុងបុព្វហេតុជាតិ និងប្រជាជនវៀតណាម។
លោកឧបនាយករដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ និងអបអរសាទររបស់សម្ដេចក្រឡាហោម ស ខេង ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូនចំពោះ ឧត្តមសេនីយ៍ឯកបម្រុង ក្នុងឱកាសទទួលបានការតែងតាំងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ផងដែរ។
ក្នុងជំនួបនោះដែរ ភាគីទាំងពីរ ក៏បានចូលរួមអបអរសាទរចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបពិភាក្សាការងាររវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និង លោក តូ ឡឹម ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែលលោក តូ ឡឹម ប្រធានរដ្ឋ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២៤។
ទន្ទឹមនឹងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនាក់ទំនងដ៏ល្អរវាងកងកម្លាំងអនុវត្តច្បាប់ ភាគីទាំងពីរ ក៏បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរ ជាយូរឆ្នាំកន្លងមក និយាយជារួម និងទំនាក់ទំនងដ៏ល្អរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ និយាយដោយឡែក នឹងរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត ដើម្បីបម្រើដល់ឧត្តមប្រយោជន៍រួមទៅវិញទៅមក សម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕









