ព័ត៌មានជាតិ

ការដកផែបណ្ដែតទឹករបស់អាមេរិក នឹងមិនប៉ះពាល់ដល់ច្រករបៀងមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា នោះទេ

AFP

បរទេស៖ គម្រោង Amalthea របស់ប្រទេស Cyprus សម្រាប់ការដឹកជញ្ជូនជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា តាមច្រករបៀងសមុទ្រនឹងមិនរងផលប៉ះពាល់ដោយការដកយកចេញនូវផែអណ្តែតទឹក ដែលសាងសង់ដោយកងទ័ពសហរដ្ឋអាមេរិកនោះទេ។ 

ការអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកដែលថា ផែអណ្តែតទឹកនឹងឈប់ដំណើរការក្នុងពេលឆាប់ៗនេះ អ្នកនាំពាក្យបានប្រាប់សារព័ត៌មានថា មានវិធីជំនួសក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនស៊ីវិលនៅតំបន់ហ្គាហ្សា ដោយមិនផ្តល់ព័ត៌មានលម្អិតនោះឡើយ។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Letymbiotis បានឲ្យដឹងថា គម្រោង Amalthea ត្រូវបានគ្រោងទុក មុនពេលសហរដ្ឋអាមេរិក សម្រេចចិត្តសាងសង់ផែអណ្តែតទឹក ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនជំនួយ ដែលបញ្ជូនតាមកប៉ាល់ ពីកំពង់ផែ Larnaca ក្នុងប្រទេស Cyprus។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា នៅពេលដែលផែត្រូវបានដកចេញ សម្រាប់ការជួសជុល ជំនួយមនុស្សធម៌បានបន្តទៅដល់ប្រជាជនស៊ីវិលនៅតំបន់ហ្គាហ្សា។  ទោះជាយ៉ាងណាក៏ដោយ ជំនួយអន្តរជាតិដល់តំបន់ហ្គាហ្សា ត្រូវបានប្រមូលផ្តុំជាបន្តបន្ទាប់នៅកំពង់ផែ Larnaca។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក មធ្យោបាយជំនួសមួយគឺការផ្ទេរជំនួយទៅកាន់តំបន់ហ្គាហ្សាតាមរយៈកំពង់ផែ Ashdod របស់អ៊ីស្រាអែល ដោយសារអ៊ីស្រាអែលបានចូលរួមនៅក្នុងគម្រោងដោយការពិនិត្យមើលសម្ភារៈជំនួយមុនពេលផ្ទុក។  ជម្រើសមួយទៀតគឺត្រូវលើកដុំជំនួយដាក់លើនាវាតូចៗ ដែលអាចចរចារលើទឹករាក់នៃតំបន់ហ្គាហ្សា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top