ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញ ជាអធិបតីបិទការប្រកួតរ៉ូបូត ថ្នាក់ជាតិលើកទី១១ ឆ្នាំ២០២៤ រៀបចំដោយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន នៅល្ងាចថ្ងៃ១៤ កក្កដា ឆ្នាំ២០២៤ នាសាលរោងដំរី ពហុកីឡដ្ឋានមរតកតេជោ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានចាត់ទុកថា ការប្រកួតរ៉ូបូតថ្នាក់ជាតិ បានផ្តល់ឱកាសដល់និស្សិតកម្ពុជា បង្ហាញពីសមត្ថភាពបច្ចេកវិទ្យាឌីជីថលរបស់ខ្លួន ។

លោក នេត្រ ភក្ត្រា គូសបញ្ជាក់ថា ព្រឹត្តិការណ៍នៃការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១១ ឆ្នាំ២០២៤នេះ បានបង្ហាញឲ្យឃើញអំពីសមត្ថភាពនៃផលិតករកម្មវិធី និងសមត្ថភាព នៃក្រុមនិស្សិតកម្ពុជាលើជំនាញបច្ចេកវិទ្យា ដែលកំពុងអភិវឌ្ឍឈានឡើង ក្នុងបដិវត្តន៍ឧស្សាហកម្ម ឌីជីថល ៤.០។

លោករដ្ឋមន្ត្រីបានលើក ឡើងទៀតថាក្នុងបរិបទថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងតែជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជាគន្លឹះនៃការអភិវឌ្ឍ លើគ្រប់វិស័យ ជាពិសេសលើកកម្ពស់វិស័យឧស្សាហកម្មនៅកម្ពុជា។ ដូច្នេះតាមរយៈការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១១ ឆ្នាំ២០២៤នេះ គឺជាឱកាសដ៏ល្អសម្រាប់និស្សិតវ័យក្មេងកម្ពុជាបង្ហាញពីការអភិវឌ្ឍជំនាញបច្ចេកទេសរបស់ខ្លួន និងត្រៀមទៅចូលរួមប្រកួតប្រជែងក្នុងកម្រិតតំបន់ អាស៊ីប៉ាហ្វិក ក្នុងព្រឹត្តិការណ៍ ABU Robocon 2024 ដែលប្រទេសវៀតណាម ទទួលធ្វើជាម្ចាស់ផ្ទះ។ ក្នុងនោះនិស្សិតដែលទទួលបានជ័យលាភី នឹងត្រូវតំណាងកម្ពុជា ចូលរួមប្រកួតប្រជែងបន្ត លើឆាកអន្តរជាតិ និងមានឱកាសផ្លាស់ប្តូរបទពិសោធន៍ ក្នុងវិស័យបច្ចេកវិទ្យារ៉ូបូត ព្រមទាំងការស្វែងយល់ពីវប្បធម៌ រវាងគ្នាទៅវិញទៅមកផងដែរ ។

ជាមួយគ្នានោះដែរលោក នេត្រ ភក្ត្រា បានធ្វើការគូសបញ្ជាក់ដែរថា ខណៈកម្ពុជាកំពុងរស់នៅ ក្រោមម្លប់សន្តិភាពពេញលេញ កម្ពុជាបានអនុវត្តគោល នយោបាយអភិវឌ្ឍន៍ជាតិ ដែលនាំឲ្យអត្រាកំណើន សេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំក្នុងរង្វង់ ៧% នាំទៅដល់ការផ្លាស់ប្តូរ ពីប្រទេសដែលមានចំណូលទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។

ចំណែក លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានលើកឡើងថា កម្មវិធីការប្រកួតរ៉ូបូត ថ្នាក់ជាតិលើកទី១១នេះ គឺជាការបង្ហាញការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបណ្តុះគំនិតច្នៃប្រឌិតរបស់យុវជនកម្ពុជា និងឧត្តមភាព នៃបច្ចេកវិទ្យាដែលយុវជនអាចធ្វើបាន ។

សូមបញ្ជាក់ថា ជាលទ្ធផលម្ចាស់ពានរង្វាន់នៃការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១១ ឆ្នាំ២០២៤ ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុម ITC 02 វិទ្យាស្ថានបច្ចេកទេសកម្ពុជា, លេខ២បានទៅលើក្រុម NPIC 02 វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងលេខ៣បានទៅលើក្រុម NPIC 01 វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ។ ចំពោះម្ចាស់ពានរង្វាន់ នៃការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១១ ឆ្នាំ២០២៤ នឹងត្រូវទៅចូលរួមប្រកួតប្រជែងរ៉ូបូត ថ្នាក់អន្តរជាតិនៅប្រទេសវៀតណាម នាខែសីហា ឆ្នាំ២០២៤ ខាងមុខ៕


