កំពង់ធំ-ព្រះវិហារ ៖ នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហករី បានបន្តដំណើរ ចុះពិនិត្យសកម្មភាព ប្រមូលទិញគ្រាប់ស្វាយចន្ទីស្តុកទុក និងកែច្នៃសម្រាប់នាំចេញ ទៅក្រៅប្រទេស នៅទីតាំងចំនួន ៥នៅខេត្តកំពង់ចាម កំពង់ធំ និងព្រះវិហារ។

ទីតាំងទាំង៥នោះ រួមមាន ៖ (១)ក្រុមហ៊ុនវែលវីលលីង អេហ្រ្គីខលឈ័រ ថេកណឡជី (ខេមបូឌា) នៅស្រុកព្រៃឈរ , (២)ឃ្លាំង ៩៩៩ ងួនវណ្ណៈ នៅស្រុកចម្ការលើ ខេត្តកំពង់ចាម , (៣)សហគ្រាស CSNC នៅស្រុកកំពង់ស្វាយ , (៤)ក្រុមហ៊ុន MIRATH Agri Tech នៅស្រុកកំពង់ស្វាស ខេត្តកំពង់ធំ និង(៥)ក្រុមហ៊ុនសានតាណា នៅខេត្តព្រះវិហារ។

បច្ចុប្បន្ន តម្លៃគ្រាប់ស្វាយចន្ទីស្ងួតដែលក្រុមហ៊ុនប្រមូលទិញពីកសិករ ចន្លោះពី ៦០០០ ទៅ៧០០០ រៀលក្នុង១គីឡូក្រាម អាស្រ័យទៅតាមគុណភាព។
ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត និងសហការី ក៏បានចុះពិនិត្យស្តុក ស្រូវអង្កររបស់ក្រុមហ៊ុន AMRU Rice ដែលរោងម៉ាស៊ីននេះ ទទួលបានហិរញ្ញប្បទាន ពិសេស របស់រាជរដ្ឋាភិបាលដើម្បិធានាស្ថិរភាពថ្លៃស្រូវ រក្សាសន្តិសុខស្បៀង និងប្រព័ន្ធពូជសុទ្ធ ដែលមានមូលដ្ឋានស្ថិតនៅ ក្នុងមូលដ្ឋានស្រុកបាសាទបាល្ល័ង្ក ខេត្តកំពង់ធំ៕




