កំពង់ស្ពឺ ៖ ប្រជាពលរដ្ឋរស់នៅភូមិដក់ពរ ភូមិបាក់ធ្មេញ ភូមិស្គុះ ភូមិត្រស់សាលា ភូមិកំណប់ និងភូមិថ្មី ក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានបង្ហាញការព្រួយបារម្ភជាខ្លាំងនារដូវស្សាខាងមុខនេះថា នឹងមានការជន់លិចមិនខានដោយសារតែក្រុមឈ្មួញនាំគ្នាលួចចាក់អាចម៍ដីចូលអូរផ្នែកខាងក្រោម ជាប់នឹងស្ទឹងព្រែកត្នោត ។








ក្រុមប្រជាពលរដ្ឋបានសម្តែងការព្រួយបារម្ភនេះ គ្រាដែលម្ចាស់ដីបានអនុញ្ញាតឲ្យក្រុមឈ្មួញចាក់អាចម៍ដីចូលក្នុងអូរជាងពាក់កណ្តាលពោះអូរទៅហើយ តែនៅមិនទាន់ឃើញមន្ត្រីជំនាញមកហាមឬឃាត់នោះទេ។

ក្រុមប្រជាពលរដ្ឋលើកឡើងបែបនេះ នៅព្រឹកថ្ងៃទី១៤ កក្កដា។ ពួកគាត់ក៏បានសំណូមពរទៅអាជ្ញាធរខេត្តកំពង់ស្ពឺ ជួយចាត់មន្ត្រីជំនាញចុះមកត្រួតពិនិត្យ និងអន្តរាគមន៍បញ្ឈប់ក្រុមឈ្មួញនិងក្រុមជាងសំណង់ដែលកំពុងធ្វើរបងនិងបុកគ្រិះចូលក្នុងអូរដែលសង្ស័យគ្មានការអនុញ្ញាត។

ក្រោយមានសំណូមពររបស់ពលរដ្ឋក្រុមអាជ្ញាធរពាក់ព័ន្ធបានអះអាងដូចគ្នានៅព្រឹកថ្ងៃ១៥ កក្កដាថា នឹងចុះទៅពិនិត្យដោយផ្ទាល់ ។

សម្រាប់ករណីនេះ លោក ង៉ែត រ៉េម ចៅសង្កាត់ស្វាយក្រវ៉ាន់ បានឲ្យដឹងថា លោកបានចាត់ឲ្យក្រុមប្រឹក្សាចុះទៅមើលហើយ នៅព្រឹកថ្ងៃ១៥ កក្កដានេះ ។

រីឯលោក ភួង ប៉ុនណ្ណាក់ ប្រធានការិយាល័យភូមិបាលក្រុងច្បារមន បាននិយាយដែរថា ខាងលោកបានទៅចេញជើងម៉ែត្រឲ្យពិតមែន តែមិនមានសិទ្ធិចេញច្បាប់ឲ្យនោះទេ តែទោះបីជាយ៉ាងណាលោកនឹងចាត់តាំងមន្រ្តីក្រោមឱវាទចុះទៅមើល។

ចំណែក លោក ទឹម ផានូ អភិបាលក្រុងច្បារមនក៏បានអះអាងថា នឹងឲ្យមន្ត្រីជំនាញទៅមើលហើយ ប្រសិនជាមានអាចម៍ឬបង្គោលគ្រឹះចូលក្នុងអូរមែនលោកនឹងបញ្ជាឲ្យកាយយកចេញវិញភ្លាមៗ។

លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ក៏នឹងឲ្យមន្ត្រីជំនាញចុះទៅពិនិត្យមើល បើមានចូលអាចម៍ឬមួយក៏បុកគ្រឹះចូលក្នុងអូរឬមាត់អូរក្តី លោកនឹងឲ្យខាងម្ចាស់ដីកាយយកចេញវិញការពារកុំឲ្យមានការំលោភបំពានដីចំណីអូររបស់រដ្ឋ ៕
