តាកែវ ៖ រដ្ឋបាលខេត្តតាកែវ បានស្នើគ្រប់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹងទាំងអស់ ត្រូវរុះរើចេញជាបន្ទាន់ នូវប៉ាណូផ្សព្វផ្សាយស្រាបៀ និងគ្រឿងស្រវឹងគ្រប់ប្រភេទ នៅតាមបណ្ដោយផ្លូវ និងចិញ្ចើមផ្លូវសាធារណៈនានា ក្នុងរយៈពេល១សប្តាហ៍ គិតចាប់ពីថ្ងៃជូនដំណឹង(១២ កក្កដា) ។
តាមរយៈសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តតាកែវ ថ្មីៗនេះ បានឲ្យដឹងថា កន្លងមករដ្ឋបាលខេត្ត បានសង្កេតឃើញថា មានការតម្លើងផ្ទាំង ប៉ាណូ ផ្សព្វផ្សាយពាណិជ្ជកម្ម ស្រាបៀរជាច្រើន និងគ្រឿងស្រវឹង គ្រប់ប្រភេទតាមបណ្តោយផ្លូវនិងចិញ្ចើមផ្លូវសាធារណៈនានា ដែលបានធ្វើឲ្យបាត់បង់ សោភ័ណ្ឌភាពសេចក្តីថ្លៃថ្នូរ របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងភូមិសាស្ត្រខេត្តតាកែវ។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត បានថ្លែងអំណរគុណ នឹងធ្វើការកោតសរសើរ ចំពោះការចូលរួមសហការពី សំណាក់លោក-លោកស្រី ជាម្ចាស់អាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន និងភេសជ្ជដ្ឋាន មួយចំនួន ដែលបានធ្វើ ការរុះរើជាបន្តបន្ទាប់ ដែលជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋទូទៅ និងម្ចាស់អាជីវកម្មផ្សេងទៀត ក្នុងខេត្តតាកែវ។
ដើម្បីមានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ និងចូលរួមកាត់បន្ថយការសេពគ្រឿងស្រវឹង ការកាត់បន្ថយ អំពើហិង្សា ព្រមទាំងការកាត់បន្ថយគ្រោះ ថ្នាក់ផ្សេងៗបណ្តាលមកពីគ្រឿងស្រវឹង ជាពិសេសដើម្បី រួមចំណែក លើកកម្ពស់កិត្យានុភាព សេចក្តីថ្លៃថ្នូរ និងរក្សាបានសោភ័ណ្ឌភាព នៅក្នុងភូមិសាស្ត្រខេត្តតាកែវ រដ្ឋបាលខេត្ត ស្នើសុំម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹងទាំងអស់ ដែលបាន ដាក់តាំងប៉ាណូផ្សព្វផ្សាយនៅតាមដងផ្លូវនិងលើចិញ្ចើមផ្លូវសាធារណៈ ដែលច្បាប់បានកំណត់ត្រូវធ្វើការរុះរើចេញជាបន្ទាន់ ក្នុងរយៈពេល១សប្តាហ៍ ។
ក្នុងករណីផុតកាលបរិច្ឆេទ គ្រប់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀរ និង គ្រឿងស្រវឹងទាំងអស់ ពុំព្រមធ្វើការរុះរើ រដ្ឋបាលខេត្តនឹងចាត់វិធានការ តាមនីតិវិធី ធ្វើការរុះរើ ដោយមិនទទួលខុសត្រូវរាល់ការខូចខាត និងការបាត់បង់សម្ភារទាំងនោះឡើយ។ រីឯការ ចំណាយផ្សេងៗជាបន្ទុករបស់ម្ចាស់អាជីវកម្ម ៕