ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១៥ កក្កដា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសំណេះសំណាល និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំ និងទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទចំនួន៦០រូប ដើម្បីជំរុញការងារអភិវឌ្ឍន៍ជនបទនៅកម្ពុជា ឲ្យបានសម្រេចជោគជ័យ តាមផែនការគ្រោងទុក ។

ឆ្លៀតក្នុងឱកាសនោះ លោក ឆាយ ឫទ្ធិសែន បានមានមតិសំណេះសំណាល ព្រមទាំងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះអង្គពិធីទាំងមូល។

លោករដ្ឋមន្ត្រីកោតសរសើរ វាយតម្លៃខ្ពស់ ព្រមទាំងការដឹងគុណចំពោះ ថ្នាក់ដឹកនាំជំនាន់មុនៗ ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការអភិវឌ្ឍជនបទ ឲ្យមានការរីចម្រើន ជាក់ស្ដែងថ្នាក់ដឹកនាំ និងទីប្រឹក្សាទាំងអស់ដែលបន្ដការងារអភិវឌ្ឍន៍ជនបទ នាពេលនេះ គឺជាមូលធនមនុស្សដ៏សំខាន់ ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ដ្របញ្ចកោណ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧នេះ ។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងលើកកម្ពស់សាមគ្គីភាព និងឯកភាពឲ្យកាន់តែរឹងមាំ ព្រមទាំងពិភាក្សាលើបញ្ហាប្រឈមនានារបស់ប្រជាជននៅតំបន់ជនបទ និងការស្វែងរកដំណោះស្រាយ ឆ្លើយតបទៅនឹងតម្រូវការជនបទ ព្រមទាំងដើម្បីជំរុញអនុវត្តការងារកាន់តែមានប្រសិទ្ធភាព និងជោគជ័យ។

លោករដ្ឋមន្ដ្រីបន្ដថា ក្នុងនីតិកាលកន្លងទៅក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់ សម្ដេចតេជោ ហ៊ុន សែន អគ្គមគ្គុទេសក៏ឯក នយោបាយឈ្នះឈ្នះ បានដាក់ចេញនូវយុទ្ធសាស្រ្តត្រីកោណ និងចតុកោណទាំង៤ដំណាក់កាល និងបន្ដវេនដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ” ដំណាក់កាលទី១ ដែលបានកំណត់អាទិភាពគន្លឹះ ៥ គឺ៖មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្រោមបាវចនាដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងគោលដៅអភិវឌ្ឍប្រទេសឈានឆ្ពោះទៅសម្រេចចក្ខុវិស័យ “កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ “។

ជាមួយគ្នានេះ ក្រសួងបាននិងកំពុងយកចិត្តទុកដាក់ អនុវត្តដោយការទទួលខុសត្រូវខ្ពស់ នូវកម្មវិធីយុទ្ធសាស្ដ្រសំខាន់ៗរបស់ក្រសួង រួមមាន៖ ទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង គមនាគមន៍ជនបទ, ទី២.ការកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ, ទី៣.ការធ្វើពិពិធកម្ម សកម្មភាពសេដ្ឋកិច្ចជនបទ និងទី៤.ការពង្រឹងស្ថាប័ន និងកិច្ចការទូទៅ ដើម្បីសម្រេចនូវចក្ខុវិស័យគន្លឹះរបស់ខ្លួន “លើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជននៅតំបន់ជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” និងជាការចូលរួមអនុវត្តយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ។
លោករដ្ឋមន្ដ្រី ក៏បានសំណូមពរដល់ទីប្រឹក្សាទាំងអស់ ជួយផ្ដល់ជាមតិយោបល់ ដែលធាតុចូលបន្ថែមទៀត ដើម្បីជាការតម្រង់ទិសដៅការងារ ក្នុងការជំរុញការងារអភិវឌ្ឍន៍ជនបទ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

