ព័ត៌មានជាតិ

បណ្ឌិត​ កៅ​ ថាច ចុះពិនិត្យវឌ្ឍវនភាព​ និងខ្សែច្រវាក់ផលិតកម្ម របស់សិប្បកម្មជីសរីរាង្គផ្ទះពេជ្រ ​នៅសង្កាត់ជ្រាវ​ ក្រុងសៀមរាប

រូបភាព៖ ARDB

ភ្នំពេញ៖ លោកបណ្ឌិត​ កៅ​ ថាច​ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក​ ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ និងសហការី​ នៅថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២៤​ បានបន្តដំណើរ​ចុះបំពេញការងារដើម្បីពិនិត្យវឌ្ឍវនភាព​ និងខ្សែច្រវាក់ផលិតកម្មរបស់សិប្បកម្មជីសរីរាង្គផ្ទះពេជ្រ​ មានទីតាំង​នៅសង្កាត់ជ្រាវ​ ក្រុងសៀមរាប​ ខេត្តសៀមរាប​ ដែលសិប្បកម្មនេះ ជាដៃគូ​របស់ធនាគារ​ ARDB ។

សិប្បកម្មនេះ​ ត្រូវបានបង្កើតឡើង ដោយសហគមន៍កសិកម្ម សម្ព័ន្ធខ្មែរអង្គរ​ នៅឆ្នាំ២០១៩​ ក្នុងគោលបំណងផលិតជីសរីរាង្គ ដែលមានគុណភាពផ្គត់ផ្គង់ ជូនសមាជិក​សហគមន៍ និងប្រជាកសិករ ។​

លោកប្រធានសហគមន៍​បានឲ្យដឹងថា​ ការចាប់ផ្តើមផលិតជីសរីរាង្គផ្ទះពេជ្រ​ គឺចំពេលដែលពិភពលោក ជួបបញ្ហាប្រឈមខ្លាំងដោយជំងឺកូវីដ១៩​ និងបន្ទាប់មកទៀតបញ្ហាសង្រ្គាមរុស្សី និងអ៊ុយក្រែន​ ប៉ុន្តែក៏ផ្ដល់ឱកាសដល់សហគមន៍ ក្នុងការចាប់យកទីផ្សារ​ ដែលបច្ចុប្បន្ន​សិប្បកម្មមានសមត្ថភាព ផលិតជីសរីរាង្គមានគុណភាពបានពី​ ៥​ ទៅ​ ៦​ តោនក្នុង១ថ្ងៃ​ និងផ្គត់ផ្គង់ទីផ្សារ តាមបណ្តាខេត្ត​មួយចំនួន រួមមាន​ ខេត្តសៀមរាប​ កំពង់ធំ​ ព្រះវិហារ​ កំពង់ចាម​ និងពោធិ៍សាត់ ។ សហគមន៍មានគម្រោងពង្រីក សមត្ថភាពបន្ថែម​ ដោយបំពាក់ឧបករណ៍ ពាក់កណ្តាលស្វ័យប្រវត្តិ​ ដើម្បីកាត់បន្ថយកម្លាំង ពលកម្ម​ និងបង្កើនផលិតភាព ។

បន្ទាប់មក​លោកបណ្ឌិត​ និងក្រុមការងារ​បានបន្តចុះសិក្សាស្វែងយល់ ខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុនពិជ័យ​ ១៧​ ឯ.ក​ ស្ថិតនៅឃុំព្រៃជ្រូក​ ស្រុកពួក​ ខេត្តសៀមរាប ។

ក្រុមហ៊ុននេះ​ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២២​ ដើម្បីផលិតជី​កំប៉ុស្តិ និងបណ្ដុះផ្សិតសរីរាង្គសម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងខេត្តសៀមរាប​ រាជធានីភ្នំពេញ​ និងបណ្តាខេត្តផ្សេងៗទៀត។​ ក្រុមហ៊ុនមានសមត្ថភាពផលិតផ្សិតបានប្រមាណ​ ១០​ តោនក្នុង១ខែ​ ឬប្រមាណ​ ពី​ ២០០​ ទៅ​ ៥០០​ គីឡូក្រាម​ក្នុង១ថ្ងៃ៕

To Top