ភ្នំពេញ ៖ ក្នុងជំនួបជាមួយសម្ដេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា, លោក យ៉ាម៉ាហ្គូឈិ ណាស្យុអុ (YAMAGUCHI NATSUO) ប្រធានគណបក្ស Komeito និងជាសមាជិកព្រឹទ្ធសភាជប៉ុន បានលើកឡើង ពីសន្តិភាពនៅកម្ពុជា ដែលមានគុណតម្លៃជាចាំបាច់ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។
សម្ដេច ឃួន សុដារី បានទទួលជួបពិភាក្សាការងារជាមួយ លោក យ៉ាម៉ាហ្គូឈិ ណាស្យុអុ នៅវិមានរដ្ឋភា នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសលោក បានដឹកនាំគណៈប្រតិភូសភាជប៉ុន អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។
លោក យ៉ាម៉ាហ្គូឈិ ណាស្យុអុ បានវាយតម្លៃខ្ពស់ពីការរីកចម្រើនរបស់កម្ពុជា និងបានកោតសរសើរ ពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងការធានា បានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍដល់ប្រទេសជាតិ និងប្រជាជន ។ លោកក៏បានរំឭកពីអនុស្សាវរីយ៍ល្អៗ ដែលលោក បានចូលរួមរៀបចំការបោះឆ្នោត នៅកម្ពុជាកាលពីឆ្នាំ១៩៩៣ ក្នុងក្របខណ្ឌអង្គការ សហប្រជាជាតិ និងការចូលរួមជួយគាំទ្រ ដល់សកម្មភាពកំចាត់មីននៅកម្ពុជា។
សម្តេចប្រធានរដ្ឋសភា ក៏បានលើកឡើងពីមនោសញ្ចេតនា ជ្រាលជ្រៅ ស្មោះត្រង់ ចេញពីបេះដូង រវាងប្រជាជនកម្ពុជានិងប្រជាជនជប៉ុន ដែលបានធ្វើឲ្យ ទំនាក់ទំនងរដ្ឋសភា និងរាជរដ្ឋាភិបាលកើនឡើងជាលំដាប់ ហើយបានឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ សម្តេច ឃួន សុដារី ក៏បានលើកឡើងថា នៅក្នុងចិត្តពលរដ្ឋកម្ពុជា ជប៉ុនមានភាពស្មោះត្រង់ តម្លាភាព គោរពច្បាប់ គណនេយ្យភាព និងមានគុណធម៌។ ដូច្នេះ វត្តមានការវិនិយោគរបស់ជប៉ុននៅកម្ពុជានឹងជាផ្នែកមួយដ៏សំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគពីប្រទេសផ្សេងៗទៀត ផងដែរ។
សម្តេចប្រធានរដ្ឋសភា បានអរគុណប្រទេសជប៉ុនដែលបានចូលរួមស្វែងរកសន្តិភាព និងគំាទ្រដល់ការអភិវឌ្ឍរបស់កម្ពុជារហូតមក។ ជប៉ុនបានជួយកម្ពុជាទំាងក្នុងក្របខណ្ឌមនុស្សធម៌ សង្គម និងសេដ្ឋកិច្ច។ ចាប់ពីឆ្នាំ២០១៧មក កម្ពុជាបានបញ្ជូនសិក្ខាកាមចំនួនជាង២ម៉ឺននាក់ ក្នុងនោះ ស្រី ជាង១ម៉ឺននាក់ទៅប្រទេសជប៉ុន ហើយពីឆ្នាំ១៩៩២ ដល់ខែវិច្ឆិកា ឆ្នាំ២០២២ រាជរដ្ឋាភិបាលជប៉ុនបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាបានចំនួន ១៦៣១ នាក់ ដើម្បីបន្តការសិក្សារបស់ពួកគេរយៈពេលវែងនៅជប៉ុនដែរ។
សម្តេចប្រធានរដ្ឋសភា ក៏បានអរគុណរាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលបានបន្តគំាទ្រ ការសម្អាតមីននៅកម្ពុជា តាំងពីដើមមកនិងបន្តទៅអនាគត ក្នុងការសម្រេចគោលដៅកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ ឬឆ្នាំ២០៣០ខាងមុខនេះ។ សម្តេចរដ្ឋសភាធិបតីក៏បានលើកឡើង ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាង រដ្ឋសភាប្រទេសទំាងពីរ ហើយកាលពីឆ្នាំ១៩៩៨ សម្តេចធ្លាប់បានអញ្ជើញទៅបំពេញ ទស្សនកិច្ចសិក្សាស្វែង យល់ការងាររដ្ឋសភាជប៉ុនផងដែរ ។ ការអភិវឌ្ឍរបស់កម្ពុជា នាពេលនេះ មិនអាចកាត់ផ្តាច់ពីជំនួយរបស់ជប៉ុនបាននោះទេ។
សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា ចំណងមិត្តភាពកម្ពុជា-ជប៉ុននិងកាន់តែរឹងមាំ ធន់នៅគ្រប់កាលៈទេសៈ ដើម្បីចូលរួមថែរក្សា សុខសន្តិភាព ស្ថិរភាព វិបុលភាពជូនពលរដ្ឋនៅក្នុងសកលលោក ។ ឈរលើមូលដ្ឋានសន្តិភាពនេះ ហើយ កម្ពុជាជាប្រទេសមុនគេនៅក្នុងតំបន់អាស៊ាន ដែលបានគំាទ្រគោលការណ៍ ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហរបស់ជប៉ុន ៕