ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាល ដាក់ចេញនូវគំនិតផ្តួចផ្តើម ក្នុងការធានា ឱ្យបាននូវភាពជោគជ័យ របស់វិនិយោគិន ក៏ដូចជា វិនិយោគិនជប៉ុន នៅកម្ពុជា។
ការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឲ្យ លោក YAMAGUCHI Natsuo សមាជិកព្រឹទ្ធសភា និងជាប្រធានគណបក្ស Komeito ជប៉ុន ចូលជួបសម្ដែងការ និងពិភាក្សាការងារ នៅថ្ងៃទី១៥ កក្កដានេះ។
ក្នុងឱកាសនៃជំនួប លោក YAMAGUCHI Natsuo ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ នៅកម្ពុជា។ លោក ជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្ដេចធិបតី កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។ លោក ក៏បានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើន និងសារៈសំខាន់ នៃទំនាក់ទំនងរដ្ឋាភិបាល និងរដ្ឋាភិបាល ក៏ដូចជាស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្បញ្ញត្តិ រវាងប្រទេសជប៉ុន និងកម្ពុជាផងដែរ។
បន្ថែមលើនេះ លោក YAMAGUCHI Natsuo ក៏បានគូសបញ្ជាក់ថា កម្ពុជាគឺជាប្រទេស ដែលមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ ដែលកត្តានេះ នឹងជំរុញឱ្យវិនិយោគិនជប៉ុន បន្តស្វែងរកឱកាស វិនិយោគនៅកម្ពុជា ហើយឯកឧត្តមសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តគាំទ្រ និងធានានូវបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ របស់ជប៉ុននៅកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចមកកម្ពុជានាឱកាសនេះ លោក YAMAGUCHI Natsuo ក៏បានគោរពជម្រាបជូន សម្តេចធិបតី ថា លោក នឹងជំរុញកិច្ចសហប្រតិបត្តិការ លើការប្រែប្រួលអាកាសធាតុ សន្តិសុខសាយប័រ និងជាពិសេសលើវិស័យបោសសម្អាតមីន ដោយកន្លងមកជប៉ុនមានកិច្ចសហការដ៏ល្អ និងជិតស្និទ្ធជាមួយនឹងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ហើយ CMAC គឺជាកងកម្លាំងដែលមានជំនាញ និងបទពិសោធន៍ល្អបំផុតក្នុងការបោសសម្អាតមីន ។
ជាការឆ្លើយតប សម្តេចធិបតី បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ដែលជាទំនាក់ទំនង ស្ថិតក្នុងកម្រិតល្អប្រសើរបំផុត ក្នុងប្រវត្តិ នៃទំនាក់ទំនង រវាងប្រទេសទាំងពីរ បន្ទាប់ពីការដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ” ក្នុងឆ្នាំ ២០២៣ ព្រមទាំងការដាក់ចេញ នូវអភិក្រមថ្មីរបស់ជប៉ុន សម្រាប់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត ដែលផ្តោតលើ (១) ការកសាងហេដ្ឋារចនាសម្ព័ន្ធសង្គម (២) ការតភ្ជាប់សមុទ្រ និង (៣) ការបោសសម្អាតមីន។
សម្ដេចធិបតី ក៏បានគូសបញ្ជាក់ផងផែរថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តការយកចិត្តទុកដាក់លើការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលនេះគឺជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយគិតមកដល់ពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាបានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមលើផ្ទៃដីជាង ៣.០០០ គីឡូម៉ែត្រការ៉េ ហើយកម្ពុជានឹងខិតខំបន្តការបោសសម្អាតមីន ប្រមាណជាង ១.៧០០ គីឡូម៉ែត្រការ៉េបន្ថែមទៀត ដើម្បីកាត់បន្ថយហានិភ័យ ពីគ្រោះថ្នាក់ ដែលបង្កឡើងដោយយុទ្ធភណ្ឌមិនទាន់ផ្ទុះ និង រួមចំណែកលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋ ។ ក្នុងន័យនេះ សម្តេចធិបតី បានលើកទឹកចិត្ត ដល់ភាគីជប៉ុនក្នុងការបន្តនូវការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យបោសសម្អាតមីនបន្ថែមទៀត។
ពាក់ព័ន្ធនឹងការវិនិយោគ របស់ជប៉ុននៅកម្ពុជា សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ ដើម្បីធានានូវបរិយាកាស ធុរកិច្ចអំណោយផលនិង ធានាបាននូវភាពប្រកួតប្រជែង របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុវត្តច្បាប់វិនិយោគ និងការដាក់ចេញនូវយន្តការ ដែលមានភាពបត់បែន ដើម្បីផ្តល់ការគាំទ្រ ការលើកទឹកចិត្ត និងឆ្លើយតបទៅនឹងតម្រូវការរបស់វិនិយោគិន និងវិស័យឯកជននៅព្រះរាជាណាចក្រកម្ពុជា។ ព្រមជាមួយគ្នានេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវគំនិតផ្តួចផ្តើម ក្នុងការធានាឱ្យបាននូវភាពជោគជ័យរបស់វិនិយោគិន ក៏ដូចជាវិនិយោគិនជប៉ុននៅកម្ពុជា ។
សម្ដេចធិបតី គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវយន្តការពិគ្រោះយោបល់ទៀងទាត់ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបណ្ដាវិនិយោគិនជប៉ុនចំនួនពីរដងក្នុងមួយឆ្នាំ ដើម្បីពិភាក្សាស្វែងយល់អំពីបញ្ហាប្រឈម និងរកដំណោះស្រាយផងដែរ ៕