ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជា អធិបតីក្នុងពិធី «ទស្សនកិច្ច និងសម្ពោធសមិទ្ធផល នៅអគារអនុវត្តមុខងារសេសសល់ របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)»និងបញ្ចុះបឋមសិលា ជានិមិត្តរូបក្នុងការចាប់ផ្តើមសាងសង់ បន្ទប់ពិគ្រោះយោបល់ សម្រាប់ជនរងគ្រោះ សាលតាំងពិព័រណ៍អចិន្ត្រៃយ៍ ស្តីពីដំណើរការជំនុំជម្រះក្តី និងឧទ្យានសម្រាប់ ការចងចាំ ដែលមានអាសយដ្ឋាន ស្ថិតនៅអគារលេខ៤០ មហាវិថីសហព័ន្ធរុស្សី សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ព្រឹត្តិការណ៍នាថ្ងៃនេះ គឺជាសក្ខីភាពមួយយ៉ាងប្រត្យត្ស នៃការបន្តយកចិត្តទុកដាក់ ជាមួយនឹងឆន្ទៈដ៏មោះម៉ុត និងការប្តេជ្ញាចិត្តខ្ពស់ ជាពិសេសការផ្តល់អាទិភាពសំខាន់ របស់រាជរដ្ឋាភិបាល និងរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ផ្ទាល់ លើការលើកកម្ពស់កិច្ចសហការអន្តរជាតិ និងរក្សាទុកនូវមរតកប្រវត្តិសាស្ត្រ ដែលមិនអាចកាត់ថ្លៃបាន សម្រាប់បន្សល់ទុកដល់កូនខ្មែរគ្រប់ជំនាន់ ឱ្យស្វែងយល់អំពីការពិត នៃភាពយង់ឃ្នង-អមនុស្សធម៌ និងការបំផ្លិចបំផ្លាញ នៃរបបប្រល័យពូជសាសន៍របស់ខ្មែរក្រហម ក្នុងប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជា និងការបណ្តុះស្មារតីស្នេហាជាតិ ការស្រឡាញ់សន្តិភាព ស្ថិរភាព និងការបង្រួបបង្រួមជាតិ ក៏ដូចជាបញ្ចៀសសង្គ្រាមក្នុងសង្គមកម្ពុជា ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។
ជាការពិត, សមិទ្ធផលនៃ អ.វ.ត.ក. ដ៏ថ្លៃថ្លាទាំងនេះ, គឺមិនអាចកាត់ផ្តាច់បាន ពីការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន ដែលបានផ្តួចផ្តើមបង្កើតអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជាដោយមានអង្គការ សហប្រជាជាតិចូលរួម ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ ក្នុងគោលដៅធានាសន្តិភាព និងការបង្រួបបង្រួមជាតិ ដែលជាផ្នែកមួយ នៃក្របខ័ណ្ឌគោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ។
អ.វ.ត.ក. ក៏បានបង្កើតជាតុលាការគំរូអន្តរជាតិមួយផងដែរ ក្នុងការកាត់ទោសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលប្រើប្រាស់យុត្តាធិការរបស់ប្រទេសជាម្ចាស់បញ្ហា ហើយប្រើច្បាប់ចម្រុះទាំងប្រព័ន្ធ Common Law ទាំងប្រព័ន្ធ Civil Law ហើយឆ្លុះបញ្ចាំងអំពីសក្តានុភាព នៃនីតិវិធីតុលាការរបស់កម្ពុជាក្នុងការបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ សម្រេចបានយុត្តិធម៌ជូនជនរងគ្រោះ និងធានាបាននូវនិរន្តរភាព នៃសុខសន្តិភាពជូនជាតិមាតុភូមិ៕