ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៥ កក្កដា លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តដំណើរចុះជួបសំណេះសំណាល ជាមួយសហគមន៍កសិកម្ម ពន្លឺពេជ្រចិន្តា នៅឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

សហគមន៍កសិកម្មពន្លឺពេជ្រចិន្តានេះ បានបង្កើតឡើងនៅឆ្នាំ២០០៩ ក្នុងគោលបំណងដំបូងធ្វើការសន្សំប្រាក់ និងផ្តល់កម្ចីដល់សមាជិកក្នុងសហគមន៍។ សហគមន៍មានសមាជិក៤០០គ្រួសារ ហើយបច្ចប្បន្នបានផ្លាស់ប្តូរមកដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ដោយមានសមាជិកចំនួន៨១គ្រួសារ ដោយក្នុង១គ្រួសារ មានផ្ទះសំញាញ់ពី២ខ្នង ទៅ១០ខ្នង ចំពោះសហគមន៍ មានផ្ទះសំណាញ់ ចំនួន៣៧ខ្នង (១ខ្នងទំហំ១០មx២៥ម) ដែលអាចផលិតបន្លែ បានចន្លោះពី ១០០០ គីឡូក្រាម ទៅ១៥០០គីឡូក្រាមក្នុង១ថ្ងៃ ទៅតាមរដូវ(រដូវត្រជាក់ទទួលបានផលច្រើនជាងរដូវក្តៅ)។ បន្លែដែលសហគមន៍ផលិត រួមមាន ៖ បន្លែខាត់ណាដើម ខាត់ណាផ្កា ស្ពៃក្តោប ស្ពៃតឿ ស្ពៃក្រញ៉ាញ់ ប៉េងបោះ ឈឺរី និង ម្ទេសហាវៃ ហើយសហគមន៍ ក៏បានកំណត់ផែនការ ដាំដុះសម្រាប់ សមាជិកផងដែរ ចៀសវាងបន្លែជន់លើទីផ្សារ ។

ចំពោះទីផ្សារ សហគមន៍បោះដុំទៅសហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា ដែលជាអ្នកចែកចាយបន្តទៅបណ្តាខេត្តនិងជាពិសេសរាជធានីភ្នំពេញ។ ការដាំបន្លែសុវត្ថិភាពជួបបញ្ហា ប្រឈមជំងឺផ្សិត និងបាក់តេរីលើស្ពៃក្តោបនិងខាត់ណា ។ រីឯសត្វល្អិតពពួកទ្រីបលើម្ទេសហាវៃ ហើយបញ្ហាធំមួយទៀត គឺការប្រែប្រួលអាកាសធាតុឡើង កំដៅ ដែលធ្វើការផលិតបានផលតិច ព្រមទាំងមានការខ្វះទុនសម្រាប់ពង្រីកផ្ទះសំណាញ់។ សហគមន៍ ក៏ទទួលបានការឧបត្ថម្ភគាំទ្រ ដោយគម្រោង CASDP និងហាវែស។

ជាមួយគ្នានេះ លោកបណ្ឌិតក៏បានផ្តល់អនុសាន៍ដល់សហគមន៍ធ្វើការពង្រឹង និងពង្រីកផ្ទះសំណាញ់បន្ថែម ហើយធនាគារ ARDB នឹងគាំទ្រក្នុងការផ្តល់ឥណទានតាមភាពជាក់ស្តែង ដោយលោកបណ្ឌិតចង់ឃើញកសិករមានជីវភាពកាន់តែធូរធារជាងមុន។
ទន្ទឹមនឹងនេះ លោកបណ្ឌិត បានឆ្លៀតចូលពិនិត្យមើល សកម្មភាពលក់ដូរបន្លែបោះដុំនៅទីផ្សារបន្លែ យិន ម៉ាន ដែលមានមូលដ្ឋាន ស្រុកបរវេលខេត្តបាត់ដំបង ផងដែរ ៕




