ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ថ្នាក់ នៃនាយកដ្ឋានអង្គរក្ស រយៈកាលកន្លងមក បានបំពេញតួនាទី និងភារកិច្ចប្រកបដោយការ យកចិត្តទុកដាក់ខ្ពស់ ថ្វាយព្រះមហាក្សត្រ និងជូនឥស្សរជនជាតិកំពូលៗ ឥស្សរជនជាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលបរទេស និងព្រឹត្តិការណ៍ធំៗ ជាក់ស្តែង កិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំ២០២២ ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងថ្មីៗនេះ គឺការពារសុវត្ថិភាពក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក តូ ឡឹម ប្រធានរដ្ឋវៀតណាម។

ការថ្លែងបែបនេះក្នុងឱកាសលោកឧបនាយករដ្ឋមន្រ្តី ស សុខា អញ្ជើញសម្ពោធអគាររក្សាទុករថយន្តនាំក្បួន ម៉ូតូហែរអម ការពារគណៈប្រតិភូ ជាន់ខ្ពស់ជាតិ និងអន្តរជាតិ និងការិយាល័យបម្រើការ របស់កងកម្លាំងនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃ១៥ កក្កដា ។
អគារថ្មីនេះ ត្រូវបានប្រមុខក្រសួងមហាផ្ទៃ ចាត់ទុកជាមរតកសមិទ្ធផល កើតឡើងក្នុងអន្តរកាល នៃការបន្តវេន រវាងរាជរដ្ឋាភិបាលនីតិកាលទី៦ និងនីតិកាលទី៧ នៃរដ្ឋសភា ក្នុងចំណោមសមិទ្ធផលជាច្រើនទៀត ។

ទន្ទឹមនឹងការកោតសរសើរនាយកដ្ឋានអង្គរក្ស លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានប្រសាសន៍ថា សមិទ្ធផលអគារថ្មី ដែលសម្ពោធនេះ ជាការបញ្ជាក់ច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់គិតគូរ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការបង្កលក្ខណៈឲ្យមន្រ្តីរាជការស៊ីវិល និងកងកម្លាំង មានកន្លែងបំពេញការងារសមរម្យ មានសម្ភារៈ និងបរិក្ខាប្រើប្រាស់គ្រប់គ្រាន់ សម្រាប់ការបំពេញតួនាទី និង ភារកិច្ច ស្របតាមច្បាប់ និងគោលនយោបាយរាជរដ្ឋាភិបាល ដើម្បីរួមចំណែកសម្រេចឲ្យបានជោគជ័យយុទ្ធសាស្រ្តបញ្ចកោណ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងទស្សនវិស័យជឿនលឿនរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ។

លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានណែនាំអគ្គស្នងការដ្ឋាន នគរបាលជាតិ នាយកដ្ឋានអង្គរក្ស ខិតខំអភិវឌ្ឍន៍សមត្ថភាព និងចំណេះដឹង ដល់មន្រ្តីគ្រប់ថ្នាក់ លើកិច្ចការស្នូល ដើម្បីឆ្លើយតបនឹងបរិបទនៃការវិវត្តប្រែប្រួល និងបទពិសោធដែលបានកើតឡើងទាំងក្នុង និងក្រៅប្រទេស ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ និង កិច្ចការពារសុវត្ថិភាព យកចិត្តទុកដាក់ពង្រឹងការអនុវត្តវិន័យ និងក្រមសីលធម៌ដើម្បីថែរក្សា និងលើកតម្កើងសេចក្ដីថ្លៃថ្នូរ របស់កងកម្លាំងនគរបាលជាតិ ដើម្បីទទួលបានការស្រឡាញ់គាំទ្រចូលចិត្តពីសាធារជន ៕

