ព័ត៌មានជាតិ

បទវិភាគ​ ៖ គោលបំណងដើម មិនកែប្រែឡើយ មិត្តភាពរវាងចិន និងកម្ពុជា មានភាពកាន់តែរឹងមាំ ជានិរន្តរ៍

“ពីខែមករាដល់ខែមេសា ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគី រវាងចិននិងកម្ពុជា មានតម្លៃជិត៤ពាន់៥រយលានដុល្លារអាមេរិក ដែលកើនឡើង១៥ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ពីខែមករាដល់ខែមីនា ទំហំវិនិយោគ តាមកិច្ចព្រមព្រៀង នៃគម្រោងវិនិយោគផ្ទាល់ពីបរទេស ដែលកម្ពុជា បានអនុម័តមានតម្លៃឡើង ដល់៤៥៥លានដុល្លារអាមេរិក ក្នុងនោះ ការវិនិយោគផ្ទាល់មកពីប្រទេសចិន ត្រូវជា៩៥ភាគរយ ។
ពីថ្ងៃទី៤ខែកក្កដាដល់ថ្ងៃទី៤ខែសីហា សកម្មភាពចាក់បញ្ចាំងភាពយន្តតំបន់ហុងកុងបានរៀបចំធ្វើជាលើកដំបូងនៅក្រុងភ្នំពេញ រាជធានីប្រទេសកម្ពុជា ។ ពេលថ្មីៗកន្លងទៅនេះ ក្រុមវេជ្ជសាស្ត្របុរាណចិន ដែលផ្តល់ជំនួយដល់កម្ពុជាជើងទីបីបានមកដល់ក្រុងភ្នំពេញ ។ល។” ប្រទេសទាំងពីរចិននិងកម្ពុជា ជាមិត្តភក្តិដែកថែប ដែលចេះជួយយក អាសាគ្នាទៅវិញទៅមក និងរួមសុខរួមទុក្ខជាប់រហូតមក ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសទាំងពីរបានរក្សាការ ប្រាស្រ័យទាក់ទងដ៏មេត្រីភាព ផ្តល់ការគាំទ្រ ដល់គ្នាទៅវិញទៅមក បន្តជំរុញការកសាងសហគមន៍ រួមវាសនារវាងចិន និងកម្ពុជាក្នុងយុគសម័យថ្មី ដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងស្តង់ដារខ្ពស់ ។

ពេលជួបពិភាក្សា កាលពីថ្ងៃទី១៩ខែតុលាឆ្នាំ២០២៣ លោកប្រធានរដ្ឋចិន Xi Jinping និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានរួមគ្នាប្រកាស កំណត់យក ឆ្នាំ២០២៤ជា “ឆ្នាំផ្លាស់ប្ដូរ រវាងប្រជាជននិងប្រជាជនចិន-កម្ពុជា” ដែលតម្រង់ទិសដៅយ៉ាងច្បាស់លាស់ ចំពោះការកសាង សហគមន៍រួមវាសនាចិន និងកម្ពុជា ក្នុងយុគសម័យថ្មីនិង ជំរុញឱ្យទំនាក់ទំនងរវាងចិន និងកម្ពុជារីកចម្រើនទៅរកភាពកាន់តែល្អប្រសើរ ។

ធនាគារពិភពលោក បានចេញរបាយការណ៍ នៅខែមិថុនាបង្ហាញឱ្យដឹងថា សារសំខាន់របស់ចិន ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានលើកកម្ពស់ថែមមួយ កម្រិតទៀត ។ ក្នុងរយៈពេល១០ ឆ្នាំកន្លងទៅនេះ ប្រទេសចិនជាប្រភព នៃការវិនិយោគបរទេសដ៏ធំបំផុត របស់កម្ពុជា ជាប់រហូតមក ដែលសមាមាត្រវិនិយោគ បានលើកកម្ពស់ជាបន្តបន្ទាប់ ។ ធនាគារពិភពលោកបានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចឆ្នាំនេះ របស់កម្ពុជា នឹងឡើងដល់៥,៨ភាគរយ ហើយល្បឿនកំណើននៃឆ្នាំ២០២៥នឹងត្រូវជា៦,១ភាគរយ ។

តាមរបាយការណ៍ នៃគណៈកម្មាធិការ អភិវឌ្ឍន៍ របស់កម្ពុជា ឱ្យដឹងថា ពីខែមករាដល់ខែឧសភាឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)បានអនុម័តលើគម្រោង វិនិយោគថ្មីនិងពង្រីកផលិតកម្មសរុប១៥៣គម្រោង ដែលមានទំហំវិនិយោគតាមកិច្ចព្រមព្រៀងឡើង ដល់២ពាន់៧រយ៥៩ លានដុល្លារអាមេរិក ក្នុងនោះ ការវិនិយោគមកពីប្រទេសចិន ប្រហែលមានតម្លៃ១ពាន់២រយលានដុល្លារអាមេរិក ត្រូវជា៤៣,៥ភាគរយ នៃទំហំវិនិយោគ សរុបទាំងក្នុងនិងក្រៅប្រទេស ពោលគឺ ប្រទេសចិនកាន់លំដាប់ថ្នាក់ទី១ ក្នុងចំណោមប្រភព វិនិយោគរបស់ប្រទេសកម្ពុជា ដោយនឹងនរ ។
ទន្ទឹមនឹងការ អនុញ្ញាតឱ្យកសិផល ប្រកបដោយគុណភាពល្អរបស់កម្ពុជាចូលទីផ្សារប្រទេសចិនត្រូវបានពង្រីក ចិនបានក្លាយជាទីផ្សារដ៏សំខាន់ នៃកសិផល ដូចជាអង្ករ ចេក ស្វាយនិងមៀនជាដើមរបស់កម្ពុជា ដែលជំរុញយ៉ាងខ្លាំងនូវកំណើន នៃការនាំចេញកសិផលរបស់កម្ពុជា ។ ការនាំចេញកសិផលកម្ពុជា បានកើនឡើងជិត៤ដង ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ការនាំចេញកសិផលកម្ពុជា នៅត្រីមាសទីមួយឆ្នាំនេះ បានកើនឡើង២៨,១ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នានាឆ្នាំមុន ដែលឡើងដល់១ពាន់១រយលានដុល្លារអាមេរិក ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនភ្ញៀវទេសចរចិនទៅកាន់កម្ពុជាក៏បានកើនឡើងជាបន្តបន្ទាប់ដែរ ។ តាមស្ថិតិនៃក្រសួងទេសចរណ៍កម្ពុជាឱ្យដឹងថា នៅមុនពេលផ្ទុះជំងឺកូវីដ១៩កាលពីឆ្នាំ២០១៩ ប្រទេសចិនជាប្រភពភ្ញៀវទេសចរធំបំផុតរបស់កម្ពុជា ។ បន្ទាប់ពីបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ១៩ ភ្ញៀវទេសចរចិន ដែលទៅធ្វើទេសចរណ៍ នៅប្រទេសកម្ពុជាបានកើនឡើងជាបន្តបន្ទាប់ នៅឆ្នាំ២០២៣មានភ្ញៀវ ទេសចរចិនជិត៥សែន៥ម៉ឺននាក់ បានចូលដែនកម្ពុជា ។ នៅត្រីមាសទីមួយឆ្នាំនេះ កម្ពុជាបានទាក់ទាញភ្ញៀវទេសចរចិន សរុប១សែន៩ម៉ឺននាក់ ដែលកើនឡើង៤៣ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នានាឆ្នាំមុន ។

នៅដើមឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងក្នុងសារលិខិតអបអរសាទរ ចំពោះការបើកសកម្មភាព “ឆ្នាំផ្លាស់ប្ដូររវាង ប្រជាជន និងប្រជាជនកម្ពុជា-ចិន”ថា លោកនឹងបន្តគាំទ្រគំនិតផ្តួចផ្ដើមស្ដីពី “ខ្សែក្រវាត់និងផ្លូវ” ជំរុញកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រកម្ពុជានិងចិន ខិតខំប្រឹងប្រែងជាប់ជានិច្ច ដើម្បីពង្រឹងមិត្តភាពប្រពៃណី រវាងកម្ពុជានិងចិន និងធ្វើឱ្យកិច្ចសហប្រតិបត្តិការ លើវិស័យនានាមានភាពកាន់តែស៊ីជម្រៅ ។ នៅឆ្នាំ២០២៤ កម្ពុជានឹងខិតខំប្រឹងប្រែងទាក់ទាញ អ្នកទេសចរនិងវិនិយោគិនចិន កាន់តែច្រើនទៅធ្វើទេសចរណ៍និងវិនិយោគនៅប្រទេសកម្ពុជា សាមគ្គីភាពនិងមិត្តភាពរវាងប្រទេសទាំងពីរ និងប្រជាជន នៃប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការត្បូងពេជ្រ រវាងកម្ពុជានិងចិន មុខជានឹងមានភាពកាន់តែខ្លាំងក្លា ស្ថិរភាពនិងចីរភាព វានឹងជំរុញការកសាងសហគមន៍រួមវាសនា រវាងកម្ពុជានិងចិនថែមមួយកម្រិតទៀតជាក់ជាមិនខាន ។
មិត្តភាពដែកថែបរវាងចិននិងកម្ពុជាដែលរួមគ្នាពូនជ្រំយ៉ាងម៉ត់ចត់ដោយថ្នាក់ដឹកនាំគ្រប់ជំនាន់របស់ប្រទេសទាំងពីរចិននិងកម្ពុជាមានភាពកាន់តែរឹងមាំជានិរន្តរ៍ ។ ក្នុងបរិបទនៃយុគសម័យថ្មី ប្រទេសទាំងពីរចិននិងកម្ពុជា មិនបំភ្លេចគោលបំណងដើម រឹតចំណងមិត្តភាព ឱ្យបន្តទៅគ្រប់ជំនាន់យ៉ាងមុតមាំមិនងាករេ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកយ៉ាងមុតមាំមិនងាករេ និងពួតដៃគ្នាកសាងសហគមន៍រួម វាសនារវាងចិននិងកម្ពុជា ក្នុងយុគសម័យដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងស្តង់ដារខ្ពស់យ៉ាងមុតមាំមិនងាករេ ដើម្បីបង្កើតជាគំរូក្នុងការ កសាងសហគមន៍រួមវាសនា ៕

To Top