ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនាល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ចំនួន ៧០នាក់។


ក្រុមការងារចលនាកសាង សមាជិកគណបក្សនៅមូលដ្ឋានខណ្ឌទាំង១៤ ដែលបានប្រកាសទាំង ៧០នាក់គឺក្នុងមួយខណ្ឌមានចំនួន ៥នាក់ ដែលមានប្រធានមួយរូប អនុប្រធានមួយរូបនិងមានសមាជិកចំនួន៣រូប។ ក្នុងនោះក៏មានសមាជិក ២រូបជាអតីតគណបក្សប្រឆាំង បានសម្រេចចូលមករួមរស់ ជាមួយគណបក្សប្រជាជកម្ពុជា។


លោក ឃួង ស្រេង បានលើកឡើងថា ការចូលមករួមរស់ជាមួយគ្នាត្រូវរួមគ្នា ធ្វើយ៉ាងណាអភិវឌ្ឍន៍ប្រទេស
អោយសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ និងបានណែនាំ ឱ្យចូលរួមទាំងអស់គ្នា ដើម្បីអោយកម្ពុជា ឈានឆ្ពោះទៅសម្រេចបាននូវគោលដៅនេះ។


លោក ឃួង ស្រេង បន្តថា ការកសាងប្រទេសជាតិមួយរីកចំរើនរុងរឿងទៅបាន ទាមទាអោយមានការបណ្តុះបណ្តាធនធានមនុស្សដើម្បីបន្តវេន ដូចដែលយើងបានមើលឃើញនៅពេលនេះ គឺសម្តេចហ៊ុន ម៉ាណែត បាននិងកំពុងបន្តវេនជានាយករដ្ឋមន្ត្រី ពីសម្តេចតេជោ។ មិនធម្មតាពេកទេ ដើម្បីអោយប្រទេសកម្ពុជា ឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ នោះយើងត្រូវការសំខាន់បំផុតគឺធនធានមនុស្ស៕
