ភ្នំពេញ៖ លោកស្រី Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំកម្ពុជា បានប្ដេជ្ញាចិត្ត
និងការខិតខំប្រឹងប្រែង បន្តពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការហ្វីលីពីន-កម្ពុជា
ឱ្យកាន់តែរឹងមាំបន្ថែមទៀត នៅក្នុងអាណត្តិបេសកកម្មការរបស់ខ្លួន។
ការប្តេជ្ញារបស់លោកស្រីទូតហ្វីលីពីន ធ្វើឡើងក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
ជាមូយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី១៦ កក្កដា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។



ក្នុងជំនួបនេះ លោកស្រី ឯកអគ្គរដ្ឋទូត បាននាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខ ពីសំណាក់លោកប្រធានាធិបតីហ្វីលីពីន
ជូនចំពោះសម្ដេចធិបតី និងការអរគុណចំពោះសម្ដេចធិបតីដែលបានផ្ញើសារអបអរសាទរ ក្នុងថ្ងៃបុណ្យឯករាជ្យជាតិរបស់ហ្វីលីពីន។


លើសពីនេះ លោកស្រី ឯកអគ្គរដ្ឋទូត ក៏បានបង្ហាញនូវការប្ដេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងបន្តពង្រឹង និងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការហ្វីលីពីន-កម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត នៅក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា។
ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយលោកស្រី
និងអបអរសាទរលោកស្រី ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា។
សម្ដេចធិបតីក៏បានរំឭកពីទំនាក់ទំនងការទូតដ៏យូរលង់រវាងកម្ពុជា-ហ្វីលីពីន និងដែលតាមរយៈទំនាក់ទំនងនេះ
កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរការរីកចម្រើន ហើយសម្ដេចធិបតីជឿជាក់ថា ក្នុងបេសកកម្មការទូតរបស់លោកជំទាវទំនាក់ទំនងនេះ នឹងកាន់តែត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែមទៀត។
សម្ដេចធិបតី និងលោកស្រីឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាអំពីការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើន រួមមានវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម តាមរយៈការខិតខំបន្ថែមទៀតលើការជំរុញកំណើនទំហំពាណិជ្ជកម្ម ការនាំចេញផលិតផលកសិកម្ម ការជំរុញវិស័យទេសចរណ៍តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់ឡើងវិញពីទីក្រុងសេប៊ូ ប្រទេសហ្វីលីពីនមកកាន់ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា, វិស័យអប់រំ និងវិស័យសំណង់ជាដើម។
បន្ថែមពីនេះ សម្ដេចធិបតីនិងលោកជំទាវឯកអគ្គរដ្ឋទូតក៏ពិភាក្សាអំពីការបន្តកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្ដិសុខជាតិ ដូចជាការធ្វើលំហាត់រួមគ្នា ការបណ្ដុះបណ្ដាល និងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន ។
ជាទីបញ្ចប់ សម្ដេចធិបតី បានជូនពរដល់លោកស្រី ឯកអគ្គរដ្ឋទូតឱ្យទទួលបានជោគជ័យក្នុងបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជានិងបានគូសបញ្ជាក់ថា ក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការ ធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកស្រី ឯកអគ្គរដ្ឋទូត ដេីម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងរីកចម្រេីនបន្ថែមទៀត៕
