ភ្នំពេញ ៖ ក្រោយពីបំពេញដំណើរកម្សាន្ត នាខេត្តសៀមរាប អស់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានលើកជាសំណូមពរទៅកាន់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្ថែមសេវាកម្ម មួយចំនួនទៀត នៅខេត្តសៀមរាប ដែលជាខេត្តមួយរបស់កម្ពុជា សម្បូរទៅដោយភ្ញៀវ ទេសចរជាតិ-អន្តរជាតិចូលចិត្តទៅទស្សនាកម្សាន្តនោះ ដើម្បីធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរ។
ការលើកឡើងរបស់លោកបណ្ឌិតនេះ បន្ទាប់ពីលោកមើលឃើញថា ខេត្តសៀមរាបនៅមានចំណុចខ្វះខាត លើសេវាមួយចំនួនទៀត ដែលត្រូវការទាមទារឲ្យបំពេញបន្ថែមទៀត ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរបរទេស ឲ្យមកទស្សនាកម្សាន្តនៅខេត្តនេះកាន់តែច្រើនឡើង។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ មានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ១៧ កក្កដានេះ ដោយយោងទៅលើការសម្ភាស ពីលក់៣នាក់នៅផ្សាររាត្រី មគ្គុទេសក៏២នាក់ និងអ្នកថតរូប២នាក់នៅប្រាសាទអង្គរវត្តគឺថា ស្ថានភាពភ្ញៀវទេសចរមានការកើនឡើងប្រមាណ២០% ធៀបនឹងរដូវកាលដូចគ្នាឆ្នាំមុន ។
ក្នុងនោះប្រាសាទអង្គរវត្ត មានភ្ញៀវបរទេសប្រមាណ២០០នាក់ ភាគច្រើនជាភ្ញៀវអឺរ៉ុប និងភ្ញៀវចិន ប្រហែល១០% ខណៈប្រាសាទបន្ទាយស្រី មានភ្ញៀវបរទេស ប្រមាណ៣០នាក់ ភាគច្រើនក៏ជាអឺរ៉ុបដែរ។
លោកថា បើតាមបទសម្ភាស ភ្ញៀវចិនភាគច្រើនដែលមកទស្សនាប្រាសាទ ជាភ្ញៀវចិនរស់នៅក្នុងកម្ពុជា មកទស្សនាដោយមិនប្រើប្រាស់មគ្គុទេសក៏ទេ
។ លោកបន្តថា តាមរយៈការសង្កេត ភ្ញៀវអឺរ៉ុប៩០%បានប្រើប្រាស់មគ្គុទេសក៏ និងជប៉ុនទាំងអស់ក៏សុទ្ធតែប្រើមគ្គុទេសក៏។
លោកថា បើតាមការសម្ភាសជាមួយភ្ញៀវ ភាគច្រើនគឺពួកគាត់មកលេងសៀមរាប បន្ទាប់ពីចូលទស្សនានៅប្រទេសថៃ និងវៀតណាម ដោយជាប្រភេទភ្ញៀវឯកត្តជន ជាគ្រួសារ ឬជាក្រុម។
យ៉ាងណាក៏ដោយ ជាមួយនឹងការរៀបរាប់ ពីភ្ញៀវបរទេសរួចមក លោកបណ្ឌិត គី សេរីវឌ្ឍន៍ក៏បានមើលឃើញពីបញ្ហាប្រឈម មួយចំនួនផងដែរដូចជា ៖ អាកាសធាតុ មិនអំណោយផល មានភ្លៀងធ្លាក់រាល់ថ្ងៃ , មិនមានរថយន្តអាគុយ សម្រាប់ដឹកភ្ញៀវពីចំណត , អ្នកលក់ដូរតាមប្រាសាទ តាមលក់ទំនិញ រហូតដល់ភ្ញៀវធុញទ្រាន់ , ទំនិញមានតម្លៃថ្លៃខ្ពស់ ឧទាហរណ៍ អាវមួយថ្លៃ១៦០០០ទៅ២០០០០រៀល ដែលអាវដូចគ្នា លក់នៅផ្សារត្រឹម១០០០០រៀល , មិនមានផលិតផលទេសចរ អ្វីប្លែកក្រៅពីប្រាសាទ និងស្តាប់រឿងនិទានដដែលៗ , ផាប់ស្ទ្រីត នៅតែជាផលិតផលទេសចរំខានមួយ ចំពោះការបិទផ្សារឡាក់គី ដោយសារការប្រកួតប្រជែង មិនឈ្នះផ្សារទំនើបអង្គរ ដែលកំពុងតែជោគជ័យ ។
ដោយសារមើលឃើញ ពីបញ្ហាប្រឈមនេះហើយ បានជាលោកលើកសំណូមពរមួយចំនួន ទៅក្រសួងស្ថាប័នពាក់ព័ន្ធ ផ្នែកទេសចរណ៍ដូចជា ៖ ត្រូវបង្កើតសួនច្បារ និងកន្លែងសម្រាក ដោយមានកៅអីអង្គុយឲ្យបានច្រើនក្នុងបរិវេណប្រាសាទ ជាជាងការលក់សម្លៀកបំពាក់ និងវត្ថុអនុស្សាវរីយ៍ , បង្កើការផ្សព្វផ្សាយ អំពីទីតាំងទេសចរណ៍ និងព័ត៌មានទេសចរណ៍ , នៅព្រលានយន្តហោះ នៅតែមានអ្នកធ្វើសេវា សម្រួលភ្ញៀវអ្នកដំណើរ ដែលអាចសន្និដ្ឋានថា ភ្ញៀវអាចប្រឈមនឹងការលំបាក ក្នុងការបំពេញបែបបទពេលមកដល់ ឬមានការបង្កការលំបាកដល់អ្នកដំណើរ ដូច្នេះគួរសិក្សាឲ្យស៊ីជម្រៅ សម្រាប់ការកែលម្អ ។
ប៉ុន្តែទោះបីយ៉ាងនេះក្តី ក៏លោកគូសបញ្ជាក់ថា បើសិនជាចំនួនភ្ញៀវទេសចរថយចុះក៏ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចផងដែរ ។ ដោយអះអាងថា “កាលណាភ្ញៀវថយវាជាបញ្ហាមួយ ដែលធ្វើឲ្យវិស័យលក់រាយយើងមានការជាប់គាំង បំណុលប្រជាពលរដ្ឋក៏មិនអាចដោះបាន ការលក់ដូររបស់ពលរដ្ឋ ក៏នៅតែជួបបញ្ហាប្រឈមជាមួយនឹងការលំបាក”។
បើតាមការផ្សព្វផ្សាយ ពីមន្ទីរទេសចរណ៍ខេត្តសៀមរាបវិញ គឺក្នុងមួយថ្ងៃ មានភ្ញៀវទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរចន្លោះពី១,៣០០ នាក់ ទៅ១,៧០០នាក់ ។ សម្រាប់ជើងងហោះហើរចូលមកកាន់ខេត្តសៀមរាបមានចន្លោះពី១៤-១៩ជើងហោះហើរក្នុងមួយថ្ងៃ ក្នុងនោះមកពីបាងកកពី៥-៦ជើងក្នុងមួយថ្ងៃ , ហូជីមីញ៣ ជើងក្នុងមួយថ្ងៃ , ដាណាង១ជើងក្នុងមួយថ្ងៃ , ហាណូយ២ជើងក្នុងមួយថ្ងៃ , កូឡាឡាំពួរ១ជើងក្នុងមួយថ្ងៃ , សិង្ហបុរី១ជើងក្នុងមួយថ្ងៃ , ភ្នំពេញ២ជើងក្នុងមួយថ្ងៃ និងក្រុងព្រះសីហនុ១ជើងក្នុងមួយថ្ងៃ៕