ព័ត៌មានជាតិ

អាជ្ញាធរ នឹងបញ្ចៀសចរាចរ យានយន្តគ្រប់ប្រភេទ​ ជាបណ្តោះអាសន្ន ក្នុងពិធីប្រសិទ្ធនាមផ្លូវ “មហាវិថី ស៊ី ជីនពីង”

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ កក្កដា ឆ្នាំ២០២៤ខាងមុខនេះ នឹងធ្វើការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ​ ជាបណ្តោះអាសន្ន ក្នុងពីធីប្រសិទ្ធនាមឈ្មោះផ្លូវ “មហាវិថី ស៊ី ជីនពីង” ស្ថិតនៅរង្វង់មូលមហាវិថី ឈ្នះ ឈ្នះ ខាងត្បូងនៃស្ពានអាកាសផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន្ត២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ពីធីប្រសិទ្ធនាមឈ្មោះផ្លូវ “មហាវិថី ស៊ី ជីនពីង”​ នឹងត្រូវប្រព្រឹត្តិឡើងក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ដូច្នេះដើម្បីឲ្យកម្មវិធីខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀស បាននូវការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបញ្ចៀសការធ្វើចរាចរជាបណ្តោះអាសន្ន ជុំវិញទីតាំងប្រារព្ធពិធី ដោយមិនអនុញ្ញាត ឲ្យយានយន្តគ្រប់ប្រភេទឆ្លងកាត់ កំណាត់មហាវិថី ស៊ី ជីនពីង ចាប់ពីចំណុចប្រសព្វរវាងផ្លូវជាតិលេខ៤ បត់ទៅខាងត្បូងតាមមហាវិថី ឈ្នះ ឈ្នះ ដល់រង្វង់មូលខាងត្បូង នៃស្ពានអាកាសផ្លូវជាតិលេខ៤ បន្តរហូតដល់ផ្លូវបំបែកផ្លូវល្បឿនលឿន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង៥ព្រឹក រហូតដល់បញ្ចប់កម្មវិធី៕

To Top