ភ្នំពេញ ៖ បន្ទាប់ពីឡើងកាន់តំណែង ជាអភិបាលខេត្តស្ទឹងត្រែង មិនទាន់បានមួយសប្ដាហ៍ស្រួលបួលផង លោក សរ សុពុត្រា បានឲ្យម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន ម្ចាស់ផ្ទាំងផ្សាយពាណិជ្ជកម្ម របារកាត់ទទឹងផ្លូវ និងស្លាកប៉ាណូផ្សាយពាណិជ្ជកម្មស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង រុះរើចេញដោយស្ម័គ្រចិត្ត ក្នុងរយៈពេល៣០ថ្ងៃ ។
ជាមួយគ្នានោះដែរអភិបាលខេត្តស្ទឹងត្រែងថ្មីបញ្ជាក់ថា ផុតរយៈពេលកំណត់នេះ រដ្ឋបាលខេត្តនឹងអនុវត្តវិធានការរុះរើស្របតាមនីតិវិធីច្បាប់ជាធរមាន។ ក្នុងករណីនេះ រដ្ឋបាលខេត្ត មិនទទួលខុសត្រូវ ចំពោះការខូចខាតជាយថាហេតុណាមួយ ដែលបណ្តាលមកពីការរុះរើពើនោះឡើយ ។
តាមរយៈសេចក្ដីជូនដំណឹងនាថ្ងៃទី១៧ កក្កដានេះ លោក សរ សុពុត្រា បានឲ្យដឹងថា កន្លងមក រដ្ឋបាលខេត្ត បានសង្កេតឃើញមានការតម្លើងប៉ាណូ ផ្សាយពាណិជ្ជកម្ម នៅតាមទីតាំង មួយចំនួន គ្មានច្បាប់អនុញ្ញាតខ្លះទៀត មានសភាពចាស់ទ្រុឌទ្រោម និងដាច់ធ្លាក់ ហើយថែមទាំងបានផ្សាយ ពាណិជ្ជកម្មស្រាបៀរ និងគ្រឿង ស្រវឹងគ្រប់ប្រភេទផងដែរ សកម្មភាពនេះ បានធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព សេចក្តីថ្លៃថ្នូរ របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។
ក្នុងន័យនេះ លោកអភិបាលខេត្ត បានណែនាំឲ្យធ្វើការរុះរើរបារកាត់ទទឹងផ្លូវចេញពីទីតាំងលើកំណាត់ផ្លូវលេខ៦៤ មុខវិទ្យាល័យព្រះរាជបូជនីយកិច្ច ក្បែរ រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ និងផ្ទាំងផ្សាយពាណិជ្ជកម្មលើសួនរង្វង់មូលអូរពងមាន់ ដោយសហការជាមួយអាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរើយកទៅដាក់នៅទីតាំងសមរម្យណាមួយ។
លោកក៏បានណែនាំឲ្យរុះរើស្លាកប៉ាណូ និងផ្ទាំងផ្សាយពាណិជ្ជកម្មស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទទាំងអស់ ដោយលើកទឹកចិត្តក្នុងការកែសម្រួល មកផ្សព្វផ្សាយរូបភាពតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងធម្មជាតិនានា ក្នុងខេត្តវិញ។
ជាមួយគ្នានោះលោកអភិបាលខេត្ត បានណែនាំឲ្យរុះរើផ្ទាំងប៉ាណូ ដែលស្ថិតនៅលើជាប់ជញ្ជាំងអគារ និងនៅលើដីចំណីផ្លូវសាធារណៈ ដែលអស់សុពលភាព ឬគ្មានច្បាប់អនុញ្ញាត ឬដាច់រហែក ចាស់ពុកផុយ ទ្រុឌទ្រោម និងត្រូវហាមឃាត់រាល់ការ បំពាក់ផ្ទាំងផ្សាយពាណិជ្ជកម្ម ទាំង រូបភាព និងខ្លឹមសារអក្សរ ដែលមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ៕