ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលេីកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ គ្រោងរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រី និងបាញ់កាំជ្រួចនៅតំបន់កោះពេជ្រ ដែលមានអ្នកចូលរួមជាង ១ម៉ឺននាក់ ដើម្បីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនៅថ្ងៃទី៥ សីហា ឆ្នាំ២០២៤។
ក្នុងកិច្ចប្រជុំមួយ ដែលមានការចូលរួម ពីកងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៧ កក្កដា ឆ្នាំ២០២៤ លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋាននៅថ្ងៃទី៥សីហាឆ្នាំ២០២៤ ខាងមុខនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។






ក្នុងអំឡុងពេលនៃការបើកការដ្ឋាននេះនៅពេលព្រឹក គ្រប់ខណ្ឌ គ្រប់មន្ទីរចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញត្រូវរៀបចំអបអរសាទរពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនេះ ដោយមានការទូងស្គ ទះប៉ោត អោយមានភាព គគ្រឹកគគ្រែងក្នុងស្មារតីជាតិតែមួយ។


ដោយឡែក វិហារ សាសនា នានា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏មានការទូងស្គ ទះប៉ោតបែបនេះផងដែរ។
លោក ឃួង ស្រេង បានបន្តទៀតថា សម្រាប់ពេលរាត្រីថ្ងៃ០៥ សីហា អាជ្ញាធរបានត្រៀមរៀបចំជាព្រឹត្តិការណ៍ដ៏ធំមួយ នៅកោះពេជ្រនោះគឺការរៀបចំការប្រគុំតន្ត្រីដែលមានអ្នកចូលរួមប្រមាណ ១ម៉ឺននាក់ ជាមួយនិងការបាញ់កាំជ្រួចចំនួន ២លើកនៅ ម៉ោង៧និង២០នាទី ១លើក និងនៅ ម៉ោង៩និង៩នាទីមួយលើកទៀត ដើម្បីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនះ។
ក្នុងកិច្ចប្រជុំនោះដែរលោក ឃួង ស្រេង ក៏បានណែនាំដល់កងកម្លាំងទាំងអស់ ការពារសន្តិសុខ សណ្តាប់ក្នុងពិធីខាងលើនេះឱ្យបានល្អដោយរៀបចំមានជាទីបញ្ជាការស្រាល តូច ធំ ជាមួយការរៀបចំអនាម័យ បរិស្ថាន និងការពង្រាយបង្គន់អនាម័យអោយបានច្រើនកន្លែងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលចូលរួម។
គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែជីហ្វូណនតេជោនេះ ដោយគ្រោងនឹងបើកការដ្ឋានថ្ងៃទី០៥ សីហា ឆ្នាំ២០២៤ ខាងមុខនេះ៕
