សៀមរាប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជេីញជាអធិបតី បញ្ចុះបឋមសិលា សាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម រាជបូណ៌ ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។

សូមរំលឹកថា ដែនដីនៃព្រះរាជាណាចក្រកម្ពុជា ជានគរដ៏ចំណាស់មួយ និងពោរពេញដោយសម្បត្តិបេតិកភណ្ឌវប្បធម៌ ដ៏សំបូរបែប តាមរយៈវត្ថុសិល្បៈ ប្រាសាទបុរាណ និងសិលាចារឹក ជាដើម ។ល។ សម្បត្តិទាំងនោះជាភស្តុតាងដ៏សំខាន់ ក្នុងការសិក្សាផ្នែកបុរាណវិទ្យា នរវិទ្យា និងប្រវត្តិសាស្ត្រ។

ដោយយល់ឃើញថាសម្បត្តិទាំងនេះ នឹងក្លាយជាទិសដៅរបស់ ឈ្មួញទុច្ចរិតបំផ្លិចបំផ្លាញ តាមរយៈការលួចលក់ ទៅប្រទេសដទៃ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម បានប្រមូលវត្ថុទាំងនោះ ពីគ្រប់ទីកន្លែង ដើម្បីថែរក្សាទុក តាមរយៈប្រជាពលរដ្ឋប្រគេនជាដើម ចៀសវាងការបាត់បង់ជាបន្ត បន្ទាប់។ បច្ចុប្បន្ន វត្ថុសិល្បៈសរុបប្រមាណ២៥៧៥វត្ថុ មានអាយុកាល ចាប់ពីសម័យបុរេប្រវត្តិ រហូតដល់សម័យក្រោយ អង្គរ ត្រូវបានប្រមូលរក្សាទុក នៅវត្តរាជបូព៌ ខេត្តសៀមរាប។

ក្នុងន័យដើម្បីរក្សាសុវត្ថិភាព អភិរក្ស និងលើកតម្លៃវត្ថុ សិល្បៈដែលមិន អាចកាត់ថ្លៃបាននេះ សម្តេច សព្វព្រះទ័យ ប្រគល់វត្ថុទាំងនោះ ជូនក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីទុកជាសម្បត្តិវប្បធម៌របស់ជាតិ ដោយព្រះអង្គមានបំណង ស្នើសុំត្រឹមសាងសង់សារមន្ទីរមួយ នៅក្នុងវត្តរាជបូណ៌ ដើម្បីតាំងបង្ហាញវត្ថុសិល្បៈ ជូនសាធារណជនចូលទស្សនា និងស្វែងយល់៕
















